ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលថៃចេញវិធានការដោះស្រាយតម្លៃស្រូវធ្លាក់ចុះ ក្រោយផ្ទុះការតវ៉ាពីកសិករ

1 ថ្ងៃ មុន

ប្រទេសថៃ ៖ កសិករថៃជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ដោយទាមទារឱ្យរដ្ឋាភិបាលដំឡើងថ្លៃស្រូវខ្ពស់ជាងតម្លៃបច្ចុប្បន្នពី ៦ពាន់ ទៅ ១ម៉ឺនបាតក្នុងមួយតោន ឬ…

ប្រទេសថៃ ៖ កសិករថៃជាច្រើននាក់បានប្រមូលផ្តុំគ្នា នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ដោយទាមទារឱ្យរដ្ឋាភិបាលដំឡើងថ្លៃស្រូវខ្ពស់ជាងតម្លៃបច្ចុប្បន្នពី ៦ពាន់ ទៅ ១ម៉ឺនបាតក្នុងមួយតោន ឬ ១៧៨ ទៅ ២៩៧ដុល្លារក្នុងមួយតោន។ នេះបើយោងតាមការចេញផ្សាយពីកាសែតបាងកកប៉ុស្តិ៍។

ប្រភពដដែលបន្តថា កសិករមកពីខេត្តជាច្រើន រួមទាំងខេត្តសុខោទ័យ (Sukhothai) ខេត្តពិស្ណុលោក (Phitsanulok) និងខេត្តសូផាន់បូរី (Suphan Buri) សង្ឃឹមថានឹងជួបជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកសិកម្ម ឬរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយការធ្លាក់ថ្លៃស្រូវ។

កសិករនៅភាគកណ្តាលប្រទេសថៃ បានចាប់ផ្តើមប្រមូលផលស្រូវក្រៅរដូវ ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅចន្លោះពី ៦ពាន់ ទៅ ៧ពាន់បាតក្នុងមួយតោន ឬ ១៧៨ ទៅ ២០៨ដុល្លារ បើធៀបនឹងតម្លៃ ១ម៉ឺន ទៅ ១១.០០០បាត ឬ ២៩៧ ទៅ ៣២៧ដុល្លារ កាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើន។

កន្លងមក តំណាងកសិករមកពីខេត្តភាគកណ្តាលប្រទេសថៃ បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋាភិបាលតាមរយៈអភិបាលខេត្ត ខណៈដែលកាលពីសប្តាហ៍មុន កសិករនៅខេត្តអយុធ្យា (Ayutthaya) បានតវ៉ាបិទផ្លូវនាំឱ្យក្រសួងពាណិជ្ជកម្មប្រកាសវិធានការបន្ទាន់ និងបញ្ជាឱ្យសាលាខេត្តបង្កើតទីតាំងទិញស្រូវពីកសិករ។ ជាទូទៅ តំបន់ភាគកណ្តាលប្រទេសថៃមានពេលដាំស្រូវចំនួនពីរលើកក្នុងមួយឆ្នាំ គឺក្នុងរដូវ និងក្រៅរដូវ ដោយស្រូវក្រៅរដូវត្រូវដាំដុះនៅខែធ្នូ ហើយប្រមូលផលនៅខែកុម្ភៈ និងមីនា។

ពាក់ព័ន្ធជុំវិញការមិនពេញចិត្តនេះ អនុគណៈកម្មាធិការជាតិស្តីពីគោលនយោបាយ និងការគ្រប់គ្រងស្រូវ ត្រូវបានរាយការណ៍ថា គ្រោងនឹងប្រជុំក្រុមការងារនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវ។ ស្របពេលដែលគណៈកម្មាធិការសភាកសិកម្ម ក៏គ្រោងនឹងពិភាក្សាអំពីបញ្ហានេះផងដែរ។

ស្របពេលដែលលោក Pramote Charoensilp ប្រធានសមាគមកសិករថៃបានថ្លែងថា សមាគមបានដាក់លិខិតទៅនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីពាណិជ្ជកម្មកាលពីថ្ងៃចន្ទ ដើម្បីអំពាវនាវសុំជំនួយពីរដ្ឋាភិបាលដល់កសិករ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានថ្លែងក្នុងសប្តាហ៍នេះថា ការធ្លាក់ចុះតម្លៃស្រូវនាពេលថ្មីៗនេះ ដោយសារកត្តាខាងក្រៅ ជាពិសេសសកម្មភាពបន្តការនាំចេញរបស់ឥណ្ឌា និងការថយចុះតម្រូវការពីឥណ្ឌូណេស៊ី និងហ្វីលីពីន។ លោកបានបន្តថា គណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងស្រូវបានអនុវត្តវិធានការចំនួនបីរួចហើយ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ ដោយគ្របដណ្តប់លើស្រូវ ៨.៥លានតោន។

វិធានការទាំងនោះរួមមាន កម្មវិធីឥណទានដើម្បីពន្យារពេលការលក់ស្រូវដំបូង។ ជំនួយឥណទានសម្រាប់សហករណ៍កសិករ ដើម្បីជួយប្រមូលផលស្រូវ និងបង្កើនតម្លៃស្រូវ ព្រមទាំងកម្ចីការប្រាក់ទាបសម្រាប់ពាណិជ្ជករស្រូវជាការលើកទឹកចិត្តដល់ការស្តុកទុក។ លើសពីនេះ រដ្ឋាភិបាលកំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងកសិដ្ឋានផលិតពូជស្រូវ និងការកែលម្អគុណភាពផងដែរ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយដល់គ្រួសារកសិករប្រមាណ ៤.៦១លានគ្រួសារទូទាំងប្រទេសថៃ។ ក្រៅពីនោះ ក្រសួងក៏បានរៀបចំពិព័រណ៍ស្រូវនៅខេត្តចំនួន ២០ នៅជាប់ទន្លេចៅប្រាយ៉ា រហូតដល់ខែមេសា ដើម្បីឱ្យកសិករលក់ស្រូវក្នុងតម្លៃខ្ពស់ ដោយរំពឹងថាតម្លៃនឹងកើនឡើងចន្លោះពីជិត៣ដុល្លារទៅជិត៦ដុល្លារ។

ប្រភពពី Reuters បានរាយការណ៍កាលពីថ្មីៗនេះថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មគ្រោងធ្វើទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងក្នុងខែមីនា ដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នាំចេញអង្ករទៅប្រទេសនេះ ៣០ម៉ឺនតោន នៅក្នុងតម្លៃ ១៥៦លានដុល្លារ។ ក្រសួងក៏រំពឹងដែរថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីស្វែងរកការនាំចេញអង្ករចំនួន ២៨ម៉ឺនតោនផ្សេងទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ