ខេត្តបាត់ដំបង ៖ ស្នូរគ្រាប់កាំជ្រូចផ្ទុះលាន់កងរំពងនៅក្នុងផ្ទះ រីឯគ្រាប់កាំជ្រូចខ្លះទៀតបានឆេះហោះពេញមេឃ នៅក្នុងគ្រោះអគ្គិភ័យមួយដែលកំពុងឆាបឆេះផ្ទះលោកតាវ័យចំណាស់ម្នាក់ ដែលមានមុខរបរដើរ«បូជាសព»ដែលគេសង្ស័យទុស្សេខ្សែចរន្តអគ្គិសនី កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី១៩ កុម្ភៈ នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន តែពុំបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

តាមរយៈរបាយការណ៍អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ បានឱ្យដឹងថា លំនៅឋានដែលត្រូវអគ្គិភ័យលេបត្របាក់ហ្មត់នោះ មានម្ចាស់ឈ្មោះ ប៉ាត យីម ភេទប្រុស អាយុ៧០ឆ្នាំ មានមុខរបរដើរ«បូជាសព»(មេនដុតខ្មោច)រស់នៅចំណុចកើតហេតុ ។
លោក ទឹម វិឆ័យ បានប្រាប់ថា បើតាមម្ចាស់ផ្ទះ និងតាមការពិនិត្យជាក់ស្ដែង អគ្គិភ័យនេះបានកើតឡើង ដោយសារការទុស្សេខ្សែចរន្តអគ្គិសនី ។ ប៉ុន្តែលោកអធិការបានបញ្ជាក់ថា អ្វីដែលគូរឲ្យបារម្ភបំផុត ពេលអគ្គិភ័យកំពុងឆេះសន្ធោសន្ធៅ គឺគ្រាប់កាំជ្រួចរាប់សិបគ្រាប់នៅក្នុងផ្ទះគាត់បានឆេះផ្ទុះលាន់កក្រើកពេញផ្ទះ និងហោះចេញក្រៅផ្ទះ ដែលជាហេតុនាំឲ្យអគ្គិភ័យឆេះកាន់តែខ្លាំង ។

នេះជាក្ដីបារម្ភ ព្រោះខ្លាចគ្រាប់កាំជ្រួចសម្រាប់ដុតបូជាសពនេះ វាឆេះហោះទៅបុកឆេះផ្ទះអ្នកក្បែរខាងបន្ថែមទៀត ។ ប៉ុន្តែសំណាងល្អ កម្លាំងយើងរួមជាមួយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋផង អាចបង្ក្រាបបាន និងទប់ស្កាត់មិនឲ្យឆេះឆ្លងរាលដាលបានទាន់ពេល បើទោះជាផ្ទះលោកតាដែលមានមុខរបរស៊ីឈ្នួលដុតខ្មោចខាងលើនេះ ត្រូវភ្លើងឆេះអស់ទាំងស្រុងក្ដី ។
យោងតាមរបាយការណ៍ការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះបានឲ្យដឹងថា លំនៅឋានរបស់ជនរងគ្រោះមានមុខរបរ«បូជាសព»ដែលត្រូវអគ្គិភ័យលេបយកអស់គ្មានសល់ខាងលើនេះ ធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ៦ម៉x៨ម៉ ។

លំនៅឋានរបស់គាត់ រួមទាំងទ្រព្យសម្បត្តិទាំងអស់ដែលមាននៅក្នុងផ្ទះ ត្រូវអគ្គិភ័យលេបយកទាំងស្រុង ដោយពុំអាចជួយសង្គ្រោះបានអ្វីឡើយ ។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្រៅពីឆេះអស់ផ្ទះ០១ខ្នង ទ្រព្យសម្បត្តិនានាអស់ទាំងស្រុង ក៏មាននាឡិការ០១គ្រឿងដែលមានតំលៃ១,២០០ដុល្លារ ក៏ត្រូវក្លាយជាផេះនៅក្នុងភ្នក់ភ្លើងដែរ ។

បើសរុបជាទឹកប្រាក់នៃការខូចខាតអស់ប្រមាណ៦០លានរៀល ។ អធិការស្រុកសំពៅលូន លោក ទឹមវិឆ័យ ក៏បានបញ្ជាក់ផងដែរថា ផ្ទះជនរងគ្រោះមិននៅឆ្ងាយប៉ុន្មានទេ ពីទីតាំងអធិការស្រុកសំពៅលូន ហើយកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗដែរ ។ ប៉ុន្តែដោយសារផ្ទះធ្វើពីឈើភាគច្រើន ហើយអគ្គិភ័យនេះមានសន្ទុះខ្លាំងក្លាដោយសារតែគ្រាប់កាំជ្រួចសម្រាប់ដុតបូជាសព ផ្ទុះខ្លាំងលាន់កងរំពងពេញផ្ទះ ទើបធ្វើឲ្យអគ្គិភ័យនេះឆេះរាលដាល និងមានកម្លាំងខ្លាំង ត្រឹមមួយប៉ប្រិចភ្នែកឆេះអស់ទាំងស្រុងតែម្ដង ។

យ៉ាងណា អគ្គិភ័យនេះលេបត្របាក់អស់ផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុង តែមិនបង្ករងរបួសស្នាមដល់ម្ចាស់ផ្ទះ ឬអ្នកជួយអន្តរាគមន៍នោះទេ ។

ចែករំលែកព័តមាននេះ