រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានប្រកាសបើកការប្រកួតជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ដោយមានក្លិបនិងសមាគមមកពីតាមបណ្ដារាជធានីខេត្តនិងក្រសួងចំនួន១៥ចូលរួម។
ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឱ្យដឹងថា ការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះធ្វើឡើងស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែកុម្ភៈ ដោយមានក្លិបមកពីតាមបណ្ដាខេត្ត រាជធានី និងក្រសួងចំនួន១៥ និងមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៦៩នាក់ ក្នុងនោះកីឡាការិនីចំនួន៣៣នាក់ ។ ចំណែកវិញ្ញាសាដែលត្រូវដាក់ឱ្យប្រកួតសរុបចំនួន១៩ទាំងផ្នែកបុរសនិងនារី។
ឯកឧត្តមខូវ ឆាយ បានមានប្រសាសន៍ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកគុនខ្មែរប្រចាំឆ្នាំ២០២៤នេះ ឯកឧត្តមផ្ដោតទៅលើគោលបំណងសំខាន់ៗចំនួន៣ដើម្បីជួយជំរុញនិងលើកកំម្ពស់សមត្ថភាពអត្តពលិករួមទាំងមន្ត្រីបច្ចេកទេសកីឡាប្រដាល់គុនខ្មែរមានឱកាសឈានឆ្ពោះទៅកាន់ការប្រកួតនៅលើឆាកអន្តរជាតិនៅថ្ងៃខាងមុខ។គោលបំណងសំខាន់ទាំងបីនោះរួមមាន៖
ទី១-ផ្ដល់ឱកាសដល់យុវជន សិស្សានុសិស្សបានចូលរួមប្រកួតប្រជែងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីគុនខ្មែរថ្នាលមានទេពកោសល្យចូលរួមប្រកួតតំណាងជាតិ ក៏ដូចជាការបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើមបន្ថែមទៀត ។
ទី២-ផ្ដល់ឱកាសដល់មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាជាតិ បានអនុវត្តការងារជាក់ស្ដែង ដើម្បី
ទទួលបានចំណេះដឹង និងបទពិសោធន៍បច្ចេកទេសឱ្យកាន់តែល្អប្រសើរនិង
ទី៣-លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការប្រកួតអន្តរជាតិនានា។
ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ជាការពិតណាស់ ផ្អែកតាមបេសកកម្ម និងផែនការសកម្មភាពរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺដើម្បីបំផុសគំនិតយុវជន មហាជន សិស្សានុសិស្សឱ្យស្រឡាញ់ចូលចិត្តនិងលេងកីឡាប្រដាល់ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្របតាមយុទ្ធនាការអប់រំ«ប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត»និងបានផ្ដល់លទ្ធភាពឱ្យអត្តពលិកគុនខ្មែរវ័យក្មេងបានបញ្ចេញទេពកោសល្យ ពង្រឹងបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ ដោយយើងត្រូវចាប់ផ្ដើមពីកម្រិតថ្នាលនេះផ្ទាល់តែម្ដង ។
ឯកឧត្តមបានផ្ដាំផ្ញើទៅដល់មន្ត្រីគណៈកម្មការរៀបចំការប្រកួតដែលមានមន្ត្រីបច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល របស់សហព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណា ឱ្យដំណើរការប្រកួតប្រព្រឹត្តិទៅដោយរលូន មានតម្លាភាព យុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ៕



ចែករំលែកព័តមាននេះ