រាជធានីភ្នំពេញ ៖ មន្រ្តីអង្គរក្សម្នាក់បានកាប់ប្រហារប្រពន្ធរបស់ខ្លួនជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមរួចគេចខ្លួនបាត់ ហើយអំពើឃាតកម្មនោះផ្ដើមចេញពីភ្លើងប្រច័ណ្ឌ និងរឿងទំនាស់បញ្ហាលុយកាក់ ក្នុងការរកស៊ីពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់ នេះបើតាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់ជាប្ដីឈ្មោះ ឈឹម បញ្ញាពិទូរ្យ អាយុ៤៣ឆ្នាំ មានឋាន្តរសក្តិជាវរសេនីយ៍ទោ មានទីលំនៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកំពង់ចិន ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ (រត់គេចខ្លួន) ។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ម៉ុង ស្រីនាង អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិកើតហេតុមានស្នាមរបួសខាងក្រោមត្រចៀកខាងស្តាំ០២កន្លែង, លើថ្ងាស់០១កន្លែង, លើក្បាលផ្នែកខាងឆ្វេង០២កន្លែង និងចាក់កញ្ចឹងកខាងឆ្វេង០១កន្លែង ។ ប្ដីប្រពន្ធ១គូនេះមានកូនប្រុស២នាក់ និងកូនស្រី១នាក់ ។ ក្រោយពេលស្លាប់ក្រុមគ្រួសារបាននាំយកសពស្រ្តីជាប្រពន្ធទៅតម្កល់ធ្វើបុណ្យនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាផ្ទះឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ) ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងរយៈកាលកន្លងមកប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដែលផ្ដើមចេញពីបញ្ហាភ្លើងប្រច័ណ្ឌ និងទំនាស់គ្នារឿងបញ្ហាលុយកាក់ ក្នុងការរកស៊ីពុះដីឡូតិ៍លក់ និងសង់ផ្ទះល្វែងលក់ ដោយមូលហេតុបង្វិលលុយមិនទាន់ ។ ដោយឡែកនៅវេលាយប់រំលងអធ្រាត្រថ្ងៃកើតហេតុខាងលើ អ្នកទាំង២បានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ដេក ម្ដងទៀត ពេលនោះបុរសម្នាក់ឈ្មោះ ម៉ុង ប៉ោហេង អាយុ៣៥ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតស្រ្តីជាប្រពន្ធឮសម្លេងឈ្មោះប្រកែកគ្នាបែបនេះ ក៏បានទៅគោះទ្វារឲ្យហៅ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះស្រ្តីរងគ្រោះមិនព្រមបើកទ្វារឲ្យប្អូនប្រុសនោះឡើយ ហើយប្អូនប្រុសក៏បានដើរត្រលប់ទៅផ្ទះរបស់ខ្លួនវិញ ដែលមានចំងាយប្រហែល១៥ម៉ែត្រពីផ្ទះកើតហេតុនោះ ។ ក្រោយមកបុរសជាប្អូនប្រុសបានឃើញមានរថយន្ត១គ្រឿង ចតនៅលើផ្លូវបេតុង ក្រៅរបងមុខផ្ទះ ប៉ុន្តែមិនអាចមើលស្គាល់ថាជារថយន្តម៉ាកអ្វីនោះទេ ព្រោះយប់ងងឹតមើលមិនច្បាស់ ។ បន្ទាប់មកបានឃើញបុរសម្នាក់ទៀតឈ្មោះ ចឹក សូយ អាយុប្រមាណ៣៥ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនដៃដល់ បានគ្រាហ៍បងប្រុសបង្កើតរបស់ខ្លួន(ជនដៃដល់)ចេញពីផ្ទះកើតហេតុ ឡើងជិះរថយន្ត១គ្រឿងនោះចាកចេញទៅបាត់ស្រមោល ។
សមត្ថកិច្ចខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ដែលជាប្អូនប្រុសជនរងគ្រោះ មានការសង្ស័យក៏បានដើរទៅបន្ទប់ដេករបស់បងស្រី ហើយពេលបើកទ្វារចូលទៅ ឃើញបងស្រីដេកនៅលើគ្រែពូកក្នុងថ្លុកឈាម ដោយមានស្លាកស្នាមរបួសជាច្រើនកន្លែង ។ ខណៈនោះឈ្មោះម៉ុង ប៉ោហេង ក៏បានយករថយន្តផ្ទាល់ខ្លួន១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-2256 ដឹកបងស្រី ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែពេលទៅដល់ក្រុមគ្រូពេទ្យបានពិនិត្យជីពចរនៅលើរថយន្ត ហើយប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់មុនពេលមកដល់មន្ទីរពេទ្យទៅទៀត ។
តាមប្រភពដដែលបានបញ្ជាក់ប្រាប់បន្ថែមថា ដោយសារតែមិនអស់ចិត្តប្អូនប្រុសក៏បន្តដឹកបងស្រីទៅកាន់មន្ទីរពេទ្យកាល់ម៉ែតទៀត ហើយពេលទៅដល់ក្រុមគ្រូពេទ្យបានពិនិត្យជីបចរ ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ ។ បន្ទាប់មកឈ្មោះ ម៉ុង ប៉ោហេង ក៏បានដឹកសាកសព បងស្រីទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាផ្ទះរបស់ឪពុកបង្កើត ។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោបានចុះទៅពិនិត្យនិងធ្វើការតាមជំនាញ ហើយបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះធ្វើកោសល្យវិច័យ ។ ដោយមានការអញ្ជើញចូលរួមដោយលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសលវិច័យ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ហើយជាលទ្ធផលនិងការវាយតម្លៃបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារអំពើ ឃាតកម្ម កាប់សម្លាប់ប្រាកដមែន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនឃាតករជាប្ដីនោះហើយ ៕






ចែករំលែកព័តមាននេះ