ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​ហាម​ខ្មែរ​ច្រៀង​«បទ​ដែនដី​ខ្មែរ»លើ​ប្រាសាទតា​មាន់​ធំ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​បណ្តាញ​សង្គម​បាន​ផ្ទុះ​ឡើង​ព្រោងព្រាត ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ តាម​ហ្វេ​ស​ប៊ុ​ក និង Tik Tok ហើយ​ក៏​មានការ​ទើស​នៅ​ឯ​ប្រទេស​ថៃ​…

រាជធានី​ភ្នំពេញ ៖ តាម​បណ្តាញ​សង្គម​បាន​ផ្ទុះ​ឡើង​ព្រោងព្រាត ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ តាម​ហ្វេ​ស​ប៊ុ​ក និង Tik Tok ហើយ​ក៏​មានការ​ទើស​នៅ​ឯ​ប្រទេស​ថៃ​ ពី​សារព័ត៌មាន​ថៃ​ផង​ដែរ ជុំវិញ​បាតុភាព​ដែល​បាន​កើតឡើង​នៅ​លើ​ប្រាសាទតាមាន់ធំ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០២៥​កន្លង​មក ខណៈ​ពលរដ្ឋ​ខ្មែរ​១​ក្រុម​បាន​ឈរ​តម្រៀប​គ្នា​ច្រៀង​ជា​ពួក​បទ «​ដែនដី​ខ្មែរ​ប្រែជា​សុវណ្ណ​ភូមិ​» ក៏​ត្រូវ​បាន​ទាហាន​ថៃ ចូល​មក​ឃាត់ ដោយ​ហាម​មិន​ឱ្យ​ខ្មែរ​ច្រៀង​លើ​ប្រាសាទតាមាន់ធំ ក្នុង​ខេត្ត​សុរិន្ទ​របស់​ខ្លួន​ឡើយ ។ ការ​ពិត​ប្រាសាទតាមាន់ធំ​នេះ ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​គូ ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ របស់​កម្ពុជា ។

អ្នក​បង្ហោះ​តាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ថា គ្រប់​មជ្ឈដ្ឋាន​នៅ​ឯ​ប្រទេស​ថៃ រាប់​ទាំង​មន្ត្រី​រដ្ឋាភិបាល​ផង​បាន​មាន​ប្រតិកម្ម​ទៅ​តាម​ការ​ប្រកាន់​ជំហរ​ប្រាសាទ​នេះ​ជា​របស់​ខ្លួន ។ ជា​ការ​ពិត​បន្ទាប់​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ឯ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ កាលពី​ខែកក្កដា ឆ្នាំ​២០០៨​កន្លង​មក ភាគី​ខ្មែរ​-​ថៃ​បាន​ព្រមព្រៀង​គ្នា​ចាត់​ទុក​តំបន់​ដែល​មិន​ទាន់​ច្បាស់លាស់​ពី​ខ្សែ​ព្រំដែន ត្រូវ​តែ​កំណត់​ឱ្យ​ភាគី​ទាំង​២ ឈរជើង​ម្ខាង​ម្នាក់​ដោយ​មិន​ប្រដាប់​អាវុធ ។ ដោយឡែក​នៅ​ប្រាសាទតាមាន់ធំ​មាន​ទាហាន​ខ្មែរ ៧​នាក់ ថៃ​៧​នាក់ ឈរជើង ។ ឯ​ប្រាសាទ​តា​ក្របី ឈរជើង​២​នាក់​សងខាង ។

អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ប៉ុន្មាន​ថ្ងៃនេះ មានការ​លើក​ឡើង​ត​ៗ​គ្នា​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​មេទ័ព​ដ៏​អង់អាច​របស់​កម្ពុជា​១​រូប ដែល​ឈរជើង​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដែល​មិន​បំពាន​លើ​ប្រទេស​ជិតខាង គឺ​លោក​ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ នៃ​កង​យោធពលខេមរភូមិន្ទ ។

ក្នុង​ករណី​ទាហាន​ថៃ​ឆ្លង​ចូល​មក​ប្រាសាទ​តា​មាន់ ដោយ​បាន​ចោទប្រកាន់​ពលរដ្ឋ​ខ្មែរ​ថា ខ្មែរ​មក​ច្រៀង​ភ្លេងជាតិ​នៅ​លើ​ទឹកដី​ថៃ​ក៏​មានការ​ប៉ះទង្គិច​គ្នា​ជា​ពាក្យ​សម្តី​ជាមួយ​ក្រុម​ទាហាន​ថៃ នៅ​លើ​ប្រាសាទ​តា​មាន់​នោះ ។ លោក​ឧត្តមសេនីយ៍ត្រី នាក់ វង្ស បាន​គំរាម​និង​មិន​ឲ្យ​ទាហាន​ថៃ​មក​ឈរជើង​នៅ​ប្រាសាទ​តា​មាន់​ខាង​កម្ពុជា​ឈរជើង​ឡើយ ហើយ​ថាបើ​ចង់​បាញ់ បាញ់ គឺ​បាញ់​គ្នា យើង​មិន​ខ្លាច​ឡើយ ។

ពាក្យ​សម្តី​ដ៏​អង់អាច​ក្លាហាន​របស់​មេទ័ព​ខ្មែរ​រូប​នេះ បាន​ចាក់​ចំ​បេះដូង​ប្រជាជន​ខ្មែរ​ទូ​ទាំង​ប្រទេស​ពី​ស្មារតី​ការពារ​ទឹកដី និង​មិន​ខ្លាច​សត្រូវ ដែល​លោក​ឧត្តមសេនីយ៍ត្រី បាន​ឈរជើង​ការពារ​ទឹកដី និង​ប្រាសាទ​តា​មាន់​យូរ​ឆ្នាំ​មក​ហើយ តាំងពី​ពេល​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា​ដោយ​អាវុធ កាលពី​ឆ្នាំ​២០០៨​ម្ល៉េះ ។

តើ​មាន​ហេតុការណ៍​អ្វី​កើតឡើង​នៅ​ប្រាសាទ​តា​មាន់​រហូត​មានការ​ប៉ះទង្គិច​ដោយ​ពាក្យ​សម្តី​ខ្លាំង​ៗ​រវាង​មេទ័ព​ខ្មែរ និង​ទាហាន​ថៃ ?

តាម​ការ​សួរនាំ​មន្ត្រី​យោធា​នៅ​តំបន់​នោះ​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភ​: ឆ្នាំ​២០២៥ ។ មុន​ពេល​មាន​ហេតុការណ៍​នេះ​កើតឡើង ទាហាន​ថៃ​បាន​សុំ​ខាង​ទាហាន​ខ្មែរ ដើរ​ល្បាត​ដូច​រាល់ដង តែ​ទាហាន​ថៃ​ចង់​ដើរ​តាម​ផ្លូវ​ថ្មី ទើប​ទាហាន​ខ្មែរ​ហាមឃាត់ ។
នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភ​: ឆ្នាំ​២០២៥ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង ពេល​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​កងទ័ព​នៅ​តំបន់​ព្រំដែន​ក៏​បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​ប្រាសាទតាមាន់ធំ​ដែល​ជា​ទឹកដី​និង​ប្រាសាទ​របស់​ខ្មែរ ហើយ​ក៏​នាំ​គ្នា​ច្រៀង​បទ ដែនដី​ខ្មែរ ដែល​ជា​ទម្លាប់​របស់​បងប្អូន​ខ្មែរ​យើង​តែងតែ​ធ្វើ​បែប​នេះ​ទៅ​ហើយ ពីព្រោះ​ដី​យើង​ចង់​ច្រៀង​បទ​អ្វី​ក៏​បាន​ដែរ ។

ដោយសារ​ឃើញ​បងប្អូន​ខ្មែរ​យើង​ច្រៀង​បទ​ចម្រៀង​នេះ ស្រាប់តែ​ទាហាន​ថៃ​មួយ​ក្រុម​ចេញ​មក​ហាមឃាត់ ហើយ​បាន​បញ្ជូន​កម្លាំង​ច្រើន​នាក់ ខុស​រាល់ដង​មក​ក្បែរ​តំបន់​នេះ ។ សកម្មភាព​បំពាន​ទាំងនេះ​ទើប​កងទ័ព​របស់​យើង​ដឹកនាំ​ដោយ​មេទ័ព​ប្រចាំ​នៅ​ប្រាសាទ​តា​មាន់ គឺ​លោក​ឧត្តម សេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤២ បាន​ចេញ​ទៅ​ហាមឃាត់ រហូត​ប៉ះ​ពាក្យ​សម្តី​គ្នា​ខ្លាំង​ៗ ។ ពាក្យ​មួយ​ម៉ាត់​ដែល​លោក​មេទ័ព នាក់ វង្ស ប្រើ​ទៅ​កាន់​ទាហាន​ថៃ គឺ​បើ​ចង់​បាញ់​គ្នា យើង​បាញ់ មិន​ខ្លាច​ឡើយ ។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ខាង​មេទ័ព​ថៃ​ដែល​ប្រចាំការ​ជាប់​ប្រាសាទ​តា​មាន់ បាន​ទាក់ទង​តាម​ទូរស័ព្ទ​មក​លោក​ឧត្តមសេនីយ៍ត្រី នាក់ វង្ស ដោយ​សុំ​ធ្វើការ​សម្របសម្រួល និង​បន្ធូរ​ស្ថានភាព​ដែល​បាន​កើតឡើង​នៅ​លើ​ប្រាសាទ​តា​មាន់នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភ​: ។ នៅ​ពេល​នេះ​ថ្នាក់ដឹកនាំ​យោធា​នៃ​ប្រទេស​ទាំង​២​បាន​និង​កំពុង​សម្របសម្រួល​ដើម្បី​ចៀសវាង​ការ​ប៉ះទង្គិច និង​ប្រទាំង​ប្រទើស​ដាក់​គ្នា​រវាង​កងទ័ព​ដែល​ប្រចាំការ​នៅ​ទីនោះ ។

តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​គេ​បានឮ​លោក​ឧត្តមសេនីយ៍ នាក់ វង្ស ដែល​ត្រូវ​បាន​គេ​ហៅ​ថា មេទ័ព​លី​ពូ បាន​ដាក់​បទបញ្ជា​ដល់​កងទ័ព​ក្រោម​បញ្ជា​របស់​លោក​ថា​«​ពួក​ឯង (​កូនទាហាន​)​នៅ​នេះ ថ្ងៃក្រោយ​ឃើញ​ថៃ​មក​ឈរ​នៅ​ហ្នឹង​ក៏​មិន​ឱ្យ​ឈរ​ដូច​គ្នា ! ថៃ​មក​មើល​ហាម​មិន​ឱ្យ​ចុះ​មក មិន​ឱ្យ​ច្រៀង​តម្រង់​ជួរ​អី​ទាំងអស់ បាញ់ ! បាញ់​គ្នា បាញ់​កុំ​ខ្លាច​…​។

ទាហាន​ខ្មែរ និង​ថៃ នៅ​ប្រាសាទ តា​មាន់​ធំ ជួប​ធ្វើការ​ធម្មតា ក្រោយ​ប្រឈម​មុខ​ដាក់​គ្នា
ក្រសួងការពារជាតិ​កម្ពុជា បាន​អះអាង​ថា សភាពការណ៍​នៅ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុចប្រាសាទតាមាន់ធំ «​គ្មាន​អ្វី​ប្លែក​ទេ​» គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ថ្វីបើ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​នៅ​តំបន់នោះ កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​កន្លង​ទៅ​ក្តី ។ ការ​អះអាង​របស់​ក្រសួងការពារជាតិ​កម្ពុជា ធ្វើ​ឡើង បន្ទាប់​ពី​ថៃ​បាន​ផ្ញើ​លិខិតតវ៉ា​មក​ភាគី​កម្ពុជា ដែលនៅ​ក្នុង​នោះ​ថៃ​ចោទ​ទាហាន​ខ្មែរ​ថា បាន​អនុញ្ញាតឱ្យ​មានការ​ច្រៀង​ចម្រៀង​ភ្លេងជាតិ​ខ្មែរ​នៅ​លើ​ទឹកដី​ថៃ និង​បាន​គំរាម​ប្រើ​អាវុធ​តតាំង​ជាមួយ​ទាហាន​ថៃ ។

នៅ​ក្នុង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ The Nation ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ លោក ភូម​ថាំ វី​ឆៃ​យ៉ា ឆៃ​(Phumtham Wechayachai) បាន​លើក​ឡើង​ថា ថៃ​ចាំបាច់​ផ្ញើ​លិខិតតវ៉ា​មក​ភាគី​កម្ពុជា ពីព្រោះ​ថៃ​មិន​ចង់ឱ្យ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅប្រាសាទតាមាន់ធំ​ក្លាយទៅជា​រឿង​ធំ​ចម្រូងចម្រាស ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ឧប្បត្តិ​ហេតុនេះ ។

ចំពោះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ប្រាសាទ​តាមាន់​ធំ​ដែល​ទាហាន​ខ្មែរ​អនុញ្ញាត​ឱ្យ​មនុស្ស​ចូល​ទៅ​ច្រៀង​ចម្រៀង​ជាតិខ្មែរ​នោះ ស្ថិត​ក្នុង​ខេត្ត​សុរិន្ទ​របស់​ថៃ ដែល​ជា​តំបន់​មិន​ទាន់​ព្រមព្រៀង​បិទ​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​នៅឡើយ ។ លោក​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ប្រាសាទតាមាន់ធំ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​កិច្ចសហការ​នៅ​តំបន់​ព្រំដែន​រវាង​កងទ័ព​កម្ពុជា និង​ថៃ ឡើយ ។

យ៉ាងណា​ក៏​ដោយ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រូប​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​កម្ពុជា​បាន​សម្របសម្រួល​គ្នា​យ៉ាងណា​ជាមួយ​ថៃ ជុំវិញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាងលើ​នេះ ។ ប្រាសាទតាមាន់ធំ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​គូ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ តាម​ផ្លូវជាតិ​លេខ​៥៦ ដែល​មាន​ចម្ងាយ​ពី​ក្រុង​សំរោង​៤៨​គីឡូម៉ែត្រ ពី​ប្រាសាទតាមាន់ធំ​ទៅ​ប្រាសាទតាមាន់តូច​មាន​ចម្ងាយ​ជិត​២​គីឡូម៉ែត្រ ខណៈ​ប្រាសាទតាមាន់តូច​បាន​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ថៃ​គ្រប់គ្រង​ទៅ​ហើយ ។ ប្រាសាទតាមាន់ធំ​មាន​ទំហំ​៦០​ម៉ែត្រ​X៦០​ម៉ែត្រ សាងសង់​អំពី​ថ្មភក់ ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរែក ដោយ​ប្រាសាទ​នេះ​បាន​ធ្វើការ​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួច​ហើយ ។

តាម​ការ​វាយតម្លៃ​របស់​អ្នក​បុរាណវិទ្យា​បាន​បញ្ជាក់​ថា សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​នេះ​បាន​សាងសង់​រួច​ហើយ ប៉ុន្តែ​ផ្នែក​ចម្លាក់​រចនា​វិញ យើង​ស​ងេ្ក​ត​ឃើញ​ថា​នៅ​សល់​ផ្ទៃ​ច្រើន​នៃ​ប្រាសាទ​ដែល​មិន​ទាន់​ឆ្លាក់ ។ ម្យ៉ាងទៀត​ប្រាសាទ​តា​មាន់ មាន​កំពែង​ព័ទ្ធ​ជុំវិញ បែរ​ទៅ​រក​ទិស​ខាងត្បូង​ដែល​បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់ ។ នេះ​ដោយ​យោង​ទៅ​តាម​តម្រូវការ​ចាំបាច់​នៃ​ទីតាំង​ភូមិសាស្ត្រ គឺ​ខ្ពង់រាប ចំណុច​នេះ​មាន​ចម្រាក់​បែរ​ទៅ​ទិស​ខាងត្បូង ។ ចំណែកឯ​តួ​ប្រាសាទ​ទាំងមូល​សាងសង់​មក​ជាប់​នឹង​ចម្រាក់​ដី​តែ​ម្តង ។

អ្នក​ដែល​ធ្លាប់​សិក្សា​សំណង់​ស្ថាបត្យកម្ម និង​សិល្បៈ​ខ្មែរ​បុរាណ​អាច​និង​យល់​ស្របគ្នា​ថា ប្រាសាទ​នេះ គឺជា​ស្នា​ព្រះ​ហ​ស្ថ​នៃ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ បើ​ពុំនោះ​ក៏​នៅ​ជំនាន់ ឬ​រាជ្យ​នោះ (​ផ្នែក​ទី​១ នៃ​សតវត្ស​ទី​១១) ថ្វី​ដ្បិតតែ​ពុំ​ឃើញ​មាន​សិលាចារឹក​ហើយ​ពុំ​មាន​ចម្លាក់​រចនាបថ​ក៏​ដោយ ។ បើ​តាម​ប្រភព​ឯកសារ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ប្រាសាទ​តា​មាន់​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ ក្នុង​រជ្ជ​កាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ (១០០២-១០៥០) និង​ឧទ័យ​ទិ​ត្យ​វរ្ម័ន​ទី​២ (១០៥០-១០៦៦) ។ តាម​រយៈ​សំណង់​ស្ថាបត្យកម្ម និង​ការ​តុបតែង​លម្អ នៅ​តាម​ថែវ និង​ហោជាង​របស់​ប្រាសាទ​បាន​បញ្ជាក់​ថា គឺ​ស្ថិត​នៅ​ក្នុង​រចនាបថ​ឃ្លាំង និង​បាពួន​ហើយ​ឧទ្ទិស ថ្វាយ​ដល់​ព្រះ​សិវៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ