រាជធានីភ្នំពេញ ៖ ក្រោយពីតុលាការសម្រេចចេញដីកាឃុំខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ជាថៅកែនាំទឹកឃ្មុំក្លែងក្លាយបន្លំដើមកំណើតទំនិញមកស្តុកលក់នៅក្នុងប្រទេសកម្ពុជា ប្រមាណ២០តោនរឿងហ្នឹងកើតឡើងជាច្រើនឆ្នាំមកហើយ តែទើបបែកធ្លាយ ។ គឺជារឿងដែលសមត្ថកិច្ចតាមព្រំដែនបើកដៃឱ្យនាំចូលហូរហែរហូតមក…សង្ស័យលុយបុកបែកភ្នែកអស់ទេដឹង?

ស្ត្រីជនជាតិវៀតណាម ឈ្មោះ NGUYEN THI THANH THIE N ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ដែលតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃ.ស (ម២) នោះ បើតាមប្រភពព័ត៌មានឲ្យដឹងថា គឺក្រុមហ៊ុនទុច្ចរិតនេះ បានលួចធ្វើការនាំចូលទឹកឃ្មុំតម្លៃថោកៗពីប្រទេសជិតខាងជាច្រើនឆ្នាំមកហើយ ដោយបានក្លែងឯកសារជាទឹកឃ្មុំផលិតនៅក្នុងស្រុក ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះទឹកឃ្មុំបរិសុទ្ធរបស់កម្ពុជា ដែលនេះជាទង្វើវិច្ឆេទកម្មសេដ្ឋកិច្ចកេងចំណេញលើប្រយោជន៍ពលរដ្ឋខ្មែរសុទ្ធសាធ ។ វាទើបតែបែកធ្លាយ…ដែលគេដឹងថា នាំចូលពីស្រុកយួន និងលក់ចេញបន្តបន្ទាប់…ទើបតែបែកពាងប្រហុកទើបចាប់បានថ្មីៗនេះ ។

ដូច្នេះ សូមសមត្ថកិច្ចពាក់ព័ន្ធត្រូវពិនិត្យមើលឡើងវិញ មិនគួរអនុញ្ញាតឲ្យទំនិញគ្មានប្រភពច្បាស់លាស់ រាប់រយធុងនិងរាប់តោននាំចូល និងនាំចេញដោយរលូន ថែមទាំងក្លែងបន្លំផលិតផលកម្ពុជា ដូចករណីក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD នេះទៀតទេ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ ជាថៅកែក្រុមហ៊ុននាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំដើមកំណើតប្រមាណ២០តោន ដាក់ពន្ធនាគារព្រៃ.ស(ម២) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ក្លែងបន្លំដើមកំណើតទំនិញ ដែលប្រឈមនិងត្រូវជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរបានបញ្ជាក់ថា ឈ្មោះ ង្វៀង ធីថាញ់ធៀន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរជានាយកក្រុមហ៊ុន CHAN HONEY មានទីកន្លែងកំណើតនៅប្រទេសវៀតណាម ។

ជននេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទក្លែងបន្លំដើមកំណើតទំនិញ ដែលប្រព្រឹត្តនៅចំណុចផ្លូវបេតុង មុខក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.LTD ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា១៣ និងមាត្រា ៣១នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ។

យោងតាមមាត្រា៣១ ការប្រព្រឹត្តអំពើក្លែងបន្លំដើមកំណើតទំនិញ បុគ្គលទាំងឡាយណាប្រព្រឹត្តអំពើផ្ទុយនិងមាត្រា១៣នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ទៅ៤០លានរៀល ។

សំណុំរឿងនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិបានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ជានាយកក្រុមហ៊ុនCHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយជាប់ពាក់ពន្ធការនាំចូលនិងស្តុកទឹកឃ្មុំក្លែងបន្លំប្រមាណ២០តោន ។

ជនសង្ស័យមានឈ្មោះ NGUYEN THI THANH THIEN ភេទស្រី ជាជនជាតិវៀតណាម ជាម្ចាស់ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ឯ.ក អាសយដ្ឋានស្នាក់នៅផ្ទះលេខ៧៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សំណុំរឿងបានស្ថិតនៅដៃលោក ឆាយ ហុង ព្រះរាជអាជ្ញារងបើកការស៊ើបសួរ ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញានៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ ដោយលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីសាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO, LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូលស្តុកទុកទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ ។

ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញទឹកឃ្មុំសរុបចំនួន១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០គីឡូក្រាម (ជិត២០គីឡូក្រាម) ។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភពលោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។

ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមរួមគ្នាគោរពច្បាប់ទាំងអស់គ្នាដើម្បីលើកកម្ពស់កិតិ្តយស កេរ្តិ៍ឈ្មោះរបស់កម្ពុជាយើង ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយបើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍
ដល់សមត្ថកិច្ច ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ