រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត តារាចម្រៀងចាស់វស្សា លោក សុះ ម៉ាច នៅតែបន្តទទូចស្នើសុំឲ្យអ្នកសិល្បៈមួយចំនួនឲ្យបញ្ឈប់នូវរាល់ការយកស្នាដៃរបស់អ្នកដទៃ ជាពិសេស មរតកដើមមកកាឡៃកែទំនុក និងកែបទភ្លេងថ្មី ខណៈពេលដែលលោកមិនចង់ឃើញបញ្ហានេះ កើតឡើងបន្តទៀតដែរ ។

ចាត់ទុកថា នេះមិនមែនជាលើកទីមួយទេ ដែលលោក សុះ ម៉ាច បានទទូចស្នើសុំជុំវិញបញ្ហាខាងលើនេះ ពោលកន្លងមក លោកក៏ធ្លាប់លើឡើងដោយស្នើសុំរឿងនេះដូចគ្នា ក្នុងពេលដែលលោកយល់ថា ការទប់ស្កាត់រឿងនេះ ជាផលប្រយោជន៍មួយក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈចម្រៀង ព្រោះបើគ្មានការផលិតថ្មីគឺមានន័យថា គ្មានការរីកចម្រើនទេវិស័យមួយនេះ ។
តាមរយៈសំណេរដែលបានសសេរបង្ហោះលើបណ្តា្ញសង្គមតារាចម្រៀង លោក សុះ ម៉ាច បានលើកឡើងថា ការតែងនិពន្ធទំនុកច្រៀងនិងបទភ្លេងមិនមែនជាការងាយនោះទេ ។ នៅពេលដែលខ្ញុំចាប់ផ្តើមនិពន្ធទំនុកច្រៀង និងបទភ្លេង គឺមានការពិបាកមែនចំណាយពេលមើលទំនុកច្រើនសារក្តាប់យកអត្ថន័យរួចហើយទើបរកបទភ្លេងដាក់ឲ្យស៊ីទៅនឹងទំនុកច្រៀង ។

លោកបញ្ជាក់ថា យល់ការពិបាកបែបនេះ ទើបខ្ញុំគិតថា គួរតែបញ្ឈប់ការយកស្នាដៃរបស់អ្នកដទៃជាពិសេស មរតកដើមមកកាឡៃកែទំនុក កែបទភ្លេងនោះទៀតទៅ ដោយអ្នកនិពន្ធទំនុកនិងបទភ្លេងសម័យនេះមានច្រើនណាស់ផ្តល់ការងារផ្តល់ចំណូលខ្លះឲ្យពួកគាត់ផងទៅ ។
ជាការកត់សម្គាល់ កន្លងមក តារាចម្រៀងលោកសុះ ម៉ាច ធ្លាប់បានលើកឡើងថា លោកពិតជាមិនពេញចិត្តចំពោះអ្នកនិពន្ធ អ្នកចម្រៀង និងតន្ត្រីករមួយចំនួន ដែលបាននឹងកំពុងតែមានចេតនាយកបទចម្រៀងមរតកដើម ទៅកែច្នៃកាឡៃឲ្យខុសសាច់ភ្លេង ឬទំនុកច្រៀង ដោយលោកចាត់ទុកថានេះជាការបំផ្លាញ និងជាន់ឈ្លីវីររៈសិល្បករជំនាន់ដើម ។

តារាចម្រៀងរូបនេះ ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ករណីនេះគឺកំពុងតែនាំគ្នាបំផ្លាញស្នាដៃរបស់វីរៈសិល្បៈ និងកវីជំនាន់ដើម ហើយក៏បានធ្វើឲ្យក្មេងៗជំនាន់ក្រោយ កាន់តែមានការយល់ច្រឡំរាល់ស្នាដៃបទមរតកដើមទាំងអស់ ។
លោកថា បើពួកគាត់យកមកច្រៀងតាមលំនាំដើមគឺគ្មានបញ្ហាអ្វីទេ ប៉ុន្តែបែរជាយកមកកែច្នៃ កាឡៃទំនុកច្រៀងបទភ្លេងបណ្តាលឲ្យខូចនូវបទចម្រៀងមរតកដើមស្ទើរទាំងស្រុង បទខ្លះស្រែកយក ជួនប្តូរពីស្រីទៅជាប្រុស ប្រុសមកជាស្រី តើពួកគាត់កំពុងមានចេតនាអ្វី?

លោកបានបញ្ជាក់ថា សកម្មភាពនេះ អាចចាត់ទុកថា ជាចេតនាបំផ្លាញស្នាដៃបទមរតកដើម ហើយកាន់តែធ្វើឲ្យវិស័យសិល្បៈខ្មែរ គឺហាក់ងើបឡើងមិនរួចនោះឡើយ ព្រោះពួកគាត់គ្មានឆន្ទៈក្នុងការខិតខំផលិតបទចម្រៀងថ្មីៗ សម្រាប់យុគសម័យរបស់ពួកគាត់ផង ដូច្នេះ មានន័យថា វិស័យសិល្បៈក៏គ្មានអ្វីរីកចម្រើនជឿនលឿនទៅមុខទេ ដោយសារតែអង្គុយចាំចម្លងបទចម្រៀង ដែលគេមានស្រាប់ៗមកច្រៀង ឬយកបទបរទេសមកកែច្នៃកាឡៃច្រៀងធ្វើរបស់ខ្លួនឯង ។
យ៉ាងណា បើតាមលោក សុះ ម៉ាច បើសិនជាយកបទមរតកដើមមកច្រៀងក្នុងន័យអប់រំដល់សង្គមជាតិ នោះលោកសប្បាយរីករាយបំផុត ៕


ចែករំលែកព័តមាននេះ