ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាង១៧០០គ្រួសារ នៅភូមិទំនប់«ក៥» សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទទួលបានការដោះស្រាយវិវាទដីធ្លីដែលកើតមានរ៉ាំរ៉ៃជាង២០ឆ្នាំមកហើយ ។

ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ឱ្យឯកឧត្តម ប៉ាន់ ខែមប៊ុនថននាយករងខុទ្ទកាល័យសម្តេចបវរធិបតី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះដោះស្រាយសម្របសម្រួលបញ្ចប់ដោយជោគជ័យ ។

យពីបានដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំមកនេះដោយជោគជ័យ នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន រួមនឹងក្រុមរងារ បានរៀបចំពីធីជួបជុំសំណេះសំណាល និងទទួលទាននំបញ្ចុកសាមគ្គីសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋទាំងជាង១ ៧០០គ្រួសារនៅក្នុងបរិវេណវត្តទំនប់«ក៥»។

អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋរំភេីបយ៉ាងខ្លាំង នាឱកាសនោះគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតពេលដ៏មមារញឹក ទូរស័ព្ទទៅជួបសន្ទនា សំណេះសំណាលផ្ទាល់ជាមួយលោកយាយលោកតា ពូមីង បងប្អូនប្រជាពលរដ្ឋ ដែលទេីបបញ្ចប់វិវាទរ៉ាំរ៉ៃប្រកបដោយភាពស្និទ្ធស្នាលបំផុត ។ ឆ្លើយតបនឹងមនោសញ្ចេតនានៃទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបងប្អូនប្រជាពលរដ្ឋដែលទើបបញ្ចប់វិវាទរ៉ាំរ៉ៃនៅភូមិទំនប់«ក៥» បានសម្តែងអារម្មណ៍រីករាយត្រេកអរយ៉ាងខ្លាំង និងស្នាមញញឹមប្រកបដោយក្តីរំភេីបសប្បាយយ៉ាងក្រៃលែង ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង ។ ជាក់ស្តែងបងប្អូនប្រជាពលរដ្ឋនៅភូមិទំនប់«ក៥» សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយបានបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង ។

តាមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យឯកឧត្តមដឹកនាំសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋ តាមបែបឈ្នះ ឈ្នះ ។

ក្នុងឱកាសដ៏រំភេីបសប្បាយរីករាយនេះ បងប្អូនប្រជាពលរដ្ឋ បាននាំយកទាំងមាន់ ទា បន្លែផ្លែឈើជាដេីម ដែលជាភោគផលពួកគាត់បានចិញ្ចឹម ដាំដុះ មើលថែតាមផ្ទះ មកផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តម បាន់ខែម ប៊ុនថន ទុកជាវត្ថុភ្ជាប់និស្ស័យកំដរដៃ បញ្ជាក់ អំពីចំណងទឹកចិត្តគោរពស្រឡាញ់ដ៏ស្ម័គ្រស្មោះ និងការដឹងគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់ឱ្យឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដោះស្រាយវិវាទដីធ្លីជូនពួកគាត់ទទួលបាននូវជោគជ័យផ្លែផ្កា ដែលការរង់ចាំនេះអស់រយៈពេលជាង២០មកហើយ ៕






ចែករំលែកព័តមាននេះ