រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់ការឧបត្ថម្ភជួយដល់កម្លាំងដោះមីន២១០នាក់ ដែលប្រឈមការបាត់បង់ការងារ ឱ្យបន្តការងារធម្មតា ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈ ។

ឯកឧត្តម ហេង រតនា លើកឡើងថា «ខ្ញុំបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ជ្រាបច្បាស់ថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹង ដោយអនុញ្ញាតឱ្យអង្គភាពCMACរៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាមេរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ» ។

កន្លងទៅ ប្រតិបត្តិការដោះមីនរបស់កម្ពុជា ទទួលបានជំនួយពីអង្គការចំនួន៣របស់អាមេរិក ដែលមានថវិកាប្រមាណ២លានដុល្លារក្នុងមួយឆ្នាំ ។ ការប្រកាសផ្អាកជំនួយរបស់USAIDរដ្ឋាភិបាលអាមេរិក សម្រាប់រយៈពេល៨៥ថ្ងៃដំបូងនេះ បានធ្វើឱ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការ នៃអង្គភាពCMACចំនួន២១០នាក់ ដែលកំពុងបំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងខេត្តចំនួន៩រួមមាន កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ អង្គការដៃគូទាំងនោះ ក៏បានស្នើទៅកាន់CMAC ដើម្បីសុំរំសាយបុគ្គលិក និងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់អាមេរិក ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។ តែពេលនេះ ត្រូវបានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្ដល់ថវិកាសម្រាប់អ្នកដោះមីនជាង២០០នាក់នេះ ។

ជាមួយនឹងការផ្អាកជំនួយរបស់អាមេរិកគ្រាប់បែកធុនយក្ស១គ្រាប់របស់អាមេរិកដែលទម្លាក់ពីលើយន្តហោះ ត្រុវបានក្រុមជំនាញផ្នែកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញនៅតំបន់ភាគខាងត្បូងខេត្តកណ្ដាល ហើយបានយកចេញដោយសុវត្ថិភាពកាលពីថ្ងៃទី១៣ ខែកុម្ភៈ ។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ឯកឧត្តម ហេង រតនា ឱ្យដឹងថា គ្រាប់បែកនោះ បានរកឃើញនៅក្នុងរណ្តៅមួយ ដែលមានទីតាំងក្នុងភូមិតាបែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង នៃខេត្តកណ្ដាល ។ គ្រាប់បែកធុនMK-82ទម្ងន់ប្រហែល២៣០គីឡូក្រាមនេះ ផលិតនៅសហរដ្ឋអាមេរិក ហើយបានទម្លាក់ពីលើអាកាសកាលពីសម័យសង្គ្រាមឥណ្ឌូចិន ។

ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ កម្ពុជារកឃើញគ្រាប់បែកយក្សរបស់អាមេរិកចំនួន៣៥០គ្រាប់ នៅក្នុងចំណោមគ្រាប់បែករាប់លានគ្រាប់ ដែលទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាម ។

ចាប់តាំងពីខែមករាដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារមីន និងគ្រាប់ផ្សេងទៀតចំនួន៤៧នាក់ ។ ចំនួនអ្នករងគ្រោះនេះ កើនឡើង១៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានជនរងគ្រោះចំនួន៣២នាក់ ៕
ចែករំលែកព័តមាននេះ