ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ សូម​ប្រុង​ប្រយ័ត្ន​គ្រប់យ៉ាង​រាប់​ទាំង​ការ​ការពារ និង​រក្សា​គណនី​ធនាគារ និង​គណនី​បណ្តាញ​សង្គម​ផ្សេង​ៗ​របស់​អ្នក ។ បើ​មិន​ដូច្នេះ​ទេ ប្រយ័ត្ន​នាំ​រឿង​ដាក់ខ្លួន​ដោយ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​អ្វី​សោះ​នោះ ។ ដោយសារ​តែ​បច្ចេកវិទ្យា​រីក​ចម្រើន យើង​ក៏​ងាយស្រួល…

រស់នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ សូម​ប្រុង​ប្រយ័ត្ន​គ្រប់យ៉ាង​រាប់​ទាំង​ការ​ការពារ និង​រក្សា​គណនី​ធនាគារ និង​គណនី​បណ្តាញ​សង្គម​ផ្សេង​ៗ​របស់​អ្នក ។ បើ​មិន​ដូច្នេះ​ទេ ប្រយ័ត្ន​នាំ​រឿង​ដាក់ខ្លួន​ដោយ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​អ្វី​សោះ​នោះ ។

ដោយសារ​តែ​បច្ចេកវិទ្យា​រីក​ចម្រើន យើង​ក៏​ងាយស្រួល ហើយ​ធ្វើ​ឲ្យ​យើង​សម្រួលការ​ប្រើប្រាស់​បាន​កាន់តែ​លឿន និង​កាន់តែ​មាន​តម្លៃ​ថោក ។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​លឿន និង​ងាយស្រួល​នេះ ពេល​ខ្លះ​យើង​ភ្លេចខ្លួន​នាំ​ឲ្យ​ជនខិលខូច​លួច​យក​គណនី​យើង​ទៅ​ប្រើប្រាស់​ប្រព្រឹត្តិ​សកម្មភាព​ផ្សេង​ៗ​ដែល​យើង​មិនដឹង​ខ្លួន ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទើបតែ​បាន​បើក​ការ​ស្រាវជ្រាវ​លើក​ករណី​មួយ​ពាក់ព័ន្ធ​នឹង​ការ​លួច​គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក​។ ករណី​នេះ គឺ​មាន​ស្ត្រី​ម្នាក់​បាន​លួច​ទៅ​គ្រប់គ្រង​គណនី​ហ្វេ​ស​បុក ដែល​ជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​នៅ​កម្ពុជា ហើយ​បាន​បន្លំ​ខ្លួន​ជា​ម្ចាស់​គណនី​រួច​ផ្ញើ​សារ​តាម​រយៈ​ឆាត (messenger) ទៅ​សាច់ញាតិ ឬ​អ្នក​ស្គាល់គ្នា​ផ្សេង​ៗ​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ធ្វើការ​ឆរ​បោក​ខ្ចីប្រាក់ ។

គេ​មិនដឹង​ថា តើ​សកម្មភាព​នេះ ជន​រង​គ្រោះ​ដឹង​ដោយ​របៀប​ណា​នោះ​ទេ ។ ប៉ុន្តែ​សំណាង​ហើយ​ដែល​ករណី​នេះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ ហើយ​ចាត់វិធានការ​បាន ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់​ថា បន្ទាប់​ពី​គេ​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ​នោះ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​រូប​ជា​ស្ត្រី ។ ក្រោយ​ការ​សាកសួរ​ដោយ​សមត្ថកិច្ច​ជំនាញ ស្ត្រី​ដែល​ជនសង្ស័យ ដែល​មាន​រូបរាង​សាច់ឈាម ទ្រលុកទ្រលន់​មិន​សម​ថា ជា​ជនសង្ស័យ​នៅ​ក្នុង​ករណី​នោះ​បាន​សារភាព​ថា ខ្លួន​បាន​យក​គណនី​ធនាគារ​របស់​អ្នក​ស្គាល់គ្នា ដើម្បី​ទទួល​ប្រាក់​ពី​មេខ្លោង ដោយ​ទទួល​បាន​នូវ​កម្រៃជើងសារ​រាល់​ការ​ទទួល​ប្រាក់​ម្ដង​ៗ ដែល​ប្រាក់​ទាំង​អស់នោះ​ទទួល​បាន​ពី​ការ​ឆរ​បោក​ក្រោម​រូបភាព​ខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះ​សន្ន ដើម្បី​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​បក្ខពួក​ដទៃ​ទៀត ។

តាម​ព័ត៌មាន​ដែល​បង្ហើប​នេះ គេ​មិនដឹង​ថា តើ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​គណនី នេះ​ជួប​បញ្ហា​យ៉ាងណា​នោះ​ទេ ហើយ​ក៏​មិន​បានដឹង​ថា តើ​ជនសង្ស័យ និង​បក្សពួក​ខ្លួន​អាច​ប្រើប្រាស់​រូបភាព​បែប​នេះ​ធ្វើ​សកម្មភាព បាន​ប្រាក់​ប៉ុន្មាន​ហើយ​នោះ​ដែរ ។ ប៉ុន្តែ​វា គឺជា​សារ​មួយ​ប្រាប់​យើង​ទាំងអស់​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ លើ​ការ​គ្រប់គ្រង​គណនី​។

តាម​អ្នកបច្ចេកទេស​ជា​ទូទៅ​ក្រៅពី​អ្នក​ហេ​ក​ឃ័​រ ដែល​មាន​ជំនាញ​ជ្រៀតចូល​លួច​គ្រប់គ្រង ការ​ដែល​ជនខិលខូច​អាច​លប​លួច​ជ្រៀត​ទៅ​ប្រើប្រាស់​គណនី​របស់​យើង​ម្នាក់​ៗ​បាន​វា​អាច​មក​ពី​កត្តា​ផ្សេង​ៗ គឺ​មានការ​យក​ទូរស័ព្ទ​ទៅ​ជួសជុល ការ​ទុក្ខ​ទូរស័ព្ទ​ចោល ការ​ដែល​យើង​ឧស្សាហ៍​ចូល​ទៅ​ប្រើប្រាស់​បណ្តាញ​សង្គម​នៅរ​កន្លែង​បម្រើ​សេវាកម្ម​ឧបករណ៍​ប្រើប្រាស់​សាធារណៈ ឬ​ឧបករណ៍​ប្រើប្រាស់​រួម និង​ការ​ដែល​គេ​ខ្ចី​ទូរស័ព្ទ​ទៅ​ទំនាក់ទំនង​ជាដើម ។

សូមកុំ​ប្រហែស​! រាល់​ទូរស័ព្ទ​របស់​យើង​នៅ​ពេល​នេះ​វា​ដូច​ជា កូនសោរ​មួយ​នៃ​ជីវភាព​របស់​យើង​ប្រចាំ​ទៅ​ហើយ ។ ដោយសារ​តែ​នៅ​ក្នុង​ទូរស័ព្ទ​នេះ គឺ​យើង​មាន​តាំងពី​កុង​ធនាគារ បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ តាំងពី​ហ្វេ​ស​បុក តេ​ឡេ​ក្រាម អ៊ី​ន​ស្តា​ក្រាម … ជាដើម ដូច្នេះ​ប្រសិនបើ​យើង​ប្រហែស គឺ​ហានិភ័យ​នឹង​កើត​មាន ។

សូមកុំ​ទុកចិត្ត​អ្នក​ដែល​ស្គាល់គ្នា​ល្មម​ៗ ដោយ​មិន​គួរ​បណ្តោយ​ឲ្យ​កាន់​ទូរស័ព្ទ​ចុច​នេះ​ចុច​នោះ​ផ្តេសផ្តាស់​ឡើយ ។ ហើយ​នៅ​ពេល​ដែល​ទួ​រ​ស័ព្ទ​យើង​ខូច ឬ​ចាស់​លែង​ចង់​ប្រើប្រាស់ ឬ​ក៏​ចង់​ប្តូរ​ទូរស័ព្ទ​អី​ក៏​សូម​ព្យាយាម Sign Out ពោល គឺ​ចាក​ចេញពី​គ្រប់​បណ្តាញ​សង្គម​និង​គណនី​ដែល​មាន ។ ពោល គឺ​ត្រូវ​តែ​សម្អាត​ឲ្យ​អស់​នូវ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ខ្លួន​យើង ដើម្បី​បង្ការ​កុំអោយ​មាន​ជន​ឆ្លៀតឱកាស​យក​ទៅ​ធ្វើ​សកម្មភាព​ដូច​ជា នារី​ជនសង្ស័យ​ខាងលើ ។

ក្រៅពី​នេះ​សម្រាប់​សមត្ថកិច្ច​វិញ ក្រៅពី​ចូលរួម​អបអរ​ហើយ​នោះ​ក៏​សង្ឃឹមថា ឆ្លង​តាម​សម្តី​សារភាព​របស់​ជនសង្ស័យ​នឹង​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​បង្ក្រាប​មេ​ក្លោ​ង​នៅ​ក្នុង​បណ្តាញ​នេះ​យក​មក​ផ្តន្ទាទោស​ឲ្យ​បាន​ផង​ដែរ ។ តាម​សម្តី​ជនសង្ស័យ អ្នក​ពាក់ព័ន្ធ គឺ​មាន​ច្រើន ដូច្នេះ​សង្ឃឹមថា សមត្ថកិច្ច​នឹង​វែកមុខ​រក​ឲ្យ​ឃើញ​យក​មក​កាត់ទោស ។

សរុប​មក​វិញ ដើម្បី​សុវត្ថិភាព​សូម​ព្យាយាម​ការពារ និង​ថែរក្សា​គណនី​ធនាគារ និង​បណ្តាញ​សង្គម​ផ្សេង​ៗ​របស់​យើង​ឲ្យ​បាន​ល្អ ដើម្បី​ការពារ​ជន​ឆ្លៀតឱកាស ។ ដោយឡែក​រឿង​សារ​ដែល​មាន​មិត្តភក្តិ​ខ្ចី​លុយ ឬ​ក៏​ប្រាប់​ហេតុផល​នេះ​ហេតុផល​នោះ​នៅ​ក្នុង​ករណី​ឲ្យ​យើង​ផ្ញើ​ប្រាក់​សូម​ផ្ទៀងផ្ទាត់ ហើយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ។ ពីព្រោះ​នៅ​ពេល​នេះ ការ​ទូទាត់​ប្រាក់​នេះ​វា​ងាយស្រួល វា​លឿន​វា​រហ័ស ពេល​ខ្លះ​ភាព​ងាយស្រួល​នោះ​ហើយ​ដែល​នាំ​ឲ្យ​មា​នា​ការ​ខាតបង់ ។ សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​ក្រុម​ជនខិលខូច​រមែង​ឆ្លៀតឱកាស​គ្រប់​ជំហាន នៅ​ពេល​ដែល​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ