ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​កំពង់សោម នៃ​ខេត្ត​ព្រះ​សីហ​នុ លោក នួន ប៊ុ​ន​ថុ​ល ផ្ទេរ​ពី​អភិបាលក្រុង​កោះ​រ៉ុ​ង មក​ជា​អភិបាលក្រុង​កំពង់សោម

3 ថ្ងៃ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ រដ្ឋបាល​ក្រុង​កំពង់សោម នៃ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក វង្ស…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ រដ្ឋបាល​ក្រុង​កំពង់សោម នៃ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​លោក វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ និង​លោក ឯម ភាព អភិបាលរង​ខេត្ត តំណាង​លោក ម៉ាង ស៊ី​ណេ​ត​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​ខេត្ត លោក​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ។

ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ នូវ​រដ្ឋបាល​ក្រុង​កំពង់សោម នៃ​ខេត្ត​ព្រះ​សីហ​នុ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក នួន ប៊ុ​ន​ថុ​ល ពី​អភិបាលក្រុង​កោះ​រ៉ុ​ង មក​ជា​អភិបាលក្រុង​កំពង់សោម ព្រមទាំង​ប្រកាស​ចូល​កាន់​តំណែង​អភិបាលរង​ក្រុង ចំនួន​៦​រូប ផង​ដែរ ។

លោក វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ អបអរសាទរ​ចំពោះ​លោក លោកស្រី សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ក្រុង​កំពង់សោម ត្រូវ​បាន​តំណាង​ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង​៥ ផ្តល់​សេចក្តី​ទុកចិត្ត​បោះ​ឆ្នោត​ឡើង​វិញ ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់សោម អាណត្តិ​ទី​១ ដើម្បី​បន្ត​ដឹកនាំ​រដ្ឋបាល​ក្រុង​ថ្មី​នេះ សំដៅ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​បន្ត​អភិវឌ្ឍ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ក្នុង​ការ​អនុវត្ត​ការងារ​បម្រើ​ផលប្រយោជន៍ និង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដោយ​ស្មើភាព តម្លាភាព គណនេយ្យ​ភាព សមធម៌ និង​បរិ​យា​បន្ន ជា​ពិសេស​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ណាមួយ​នោះ​ឡើយ ។

ផ្អែក​តាម​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​លោក សំរិត សុ​ផាត បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមប្រឹក្សា​អាណត្តិ​ទី​១ គណៈ​អភិបាល មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​កំពង់សោម នឹង​រួម​សាមគ្គី​គ្នា​ផ្ទៃក្នុង ដោយ​សហការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន ឱ្យ​មានការ​អភិវឌ្ឍ​រីក​ចម្រើន លើ​គ្រប់​វិស័យ រួម​មាន ៖ ការ​ផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ការ​អភិវឌ្ឍ​មូលដ្ឋាន ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ ការ​ជួយ​សង្គ្រោះ​ជំងឺឆ្លង​រាតត្បាត​ផ្សេង​ៗ ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ហើយ​សមិទ្ធផល និង​ស្នាដៃ ដែល​សង្កាត់​ទាំង​៥ នៃ​រដ្ឋបាល​ក្រុង​កំពង់សោម សម្រេច​បាន​នា​ពេល​កន្លង​មក ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ធ្វើ​ឱ្យ​កម្ពុជា​យើង​ដើរតួ​នាទី​កាន់តែ​សកម្ម​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​សំខាន់​ចំនួន​៥ ក្នុង​នោះ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ហើយ​កត្តា​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន ក៏​ដូច​ជា​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន ។

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បញ្ជាក់​ថា ការងារ​បន្ទាន់ ដែល​ចាំបាច់​ពី​ការ​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​កំពង់សោម ផ្អែក​តាម​បទ​ប្បញ្ញត្ដិ​មាត្រា​៧០ នៃ​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវ​ឱ្យ​ក្រុមប្រឹក្សា​ធ្វើការ​ប្រជុំ​សាមញ្ញ​លើក​ទី​១ របស់​ខ្លួន​មិន​ឱ្យ​ហួស​ពី ១៥​ថ្ងៃ បន្ទាប់​ពី​កិច្ចប្រជុំ​ចូល​កាន់​តំណែង​។ ក្រុមប្រឹក្សា​ក្រុង​កំពង់សោម ត្រូវ​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ខ្លួន មិន​ឱ្យ​មុន ២៥​ថ្ងៃ ឬ​លើស​ពី​៣៥​ថ្ងៃ បន្ទាប់​ពី​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ ឡើយ​។ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ ក្រុមប្រឹក្សា​ត្រូវ​អនុម័ត​ឱ្យ​បាន​នូវ​ឯកសារ​ដូច​ខាងក្រោម ៖

-​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១
-​ដីកា​ស្តី​ពី​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន
-​ប្រតិទិន នៃ​កិច្ចប្រជុំ​សាមញ្ញ​សម្រាប់​រយៈពេល ១២​ខែ ចាប់​រាប់​ពី​កិច្ចប្រជុំ​លើក​ទី​២​របស់​ខ្លួន​។

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា គណៈ​អភិបាល និង​មន្ត្រីរាជការ បុគ្គលិក​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ នៃ​ក្រុង​កំពង់សោម នឹង​ខិតខំ​រួម​គ្នា ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មី​ៗ​ជា​បន្តបន្ទាប់​ក្នុង​អាណត្តិ​ទី​១​នេះ ។

សូម​រម្លឹក​ថា ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុង​ចំនួន​៣ និង​ស្រុក​ចំនួន​៣ ក្នុង​នោះ ក្រុងព្រះសីហនុ ក្រុង​កោះ​រ៉ុ​ង និង​ក្រុង​កំពង់សោម ស្រុក​ព្រៃ​នប់ ស្រុក​កំពង់​សីលា និង​ស្រុក​ស្ទឹង​ហាវ ។

ក្រុង​កំពង់សោម ជា​ក្រុង​បង្កើត​ថ្មី មាន​៥​សង្កាត់ ដែល​កាត់​ចេញពី​ស្រុក​ព្រៃ​នប់ គឺ​សង្កាត់​បិត​ត្រាំ​ង សង្កាត់​រាម សង្កាត់​អូរ​ឧកញ៉ា​ហេង សង្កាត់​បឹង​តា​ព្រហ្ម និង​សង្កាត់​សង្កាត់​អូរ​ជ្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ