ខេត្តបាត់ដំបង ៖ ជនប្រដាប់ដោយឧករណ៍«ឆក់ត្រី» ល្មើសច្បាប់ចំនួន០២នាក់ ត្រូវកម្លាំងយោធាឃាត់ខ្លួនប្រគល់ឲ្យនគរបាលមូលដ្ឋានចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៦ កុម្ភៈ ពេលកំពុងប្រព្រឹតបទល្មើសនៅចំណុចព្រែកត្រសក់ ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ រួមជាមួយនិងវត្ថុតាងផង ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ជនប្រព្រឹត្តបទល្មើសនេសាទទាំង០២នាក់ខាងលើនេះ ម្នាក់ឈ្មោះ បាន ឈឿប អាយុ៥០ឆ្នាំ និងឈ្មោះ ភូន ភាន អាយុ៣៩ឆ្នាំ ពួកគេរស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងប្ញស្សី ។ របាយការណ៍បានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងល្បាតយោធាក្នុងអង្គភាពកងពលលេខ៥១ ប្រចាំទិសទន្លេសាបឃាត់ខ្លួនបាន ពេលកំពុងធ្វើសកម្មភាព«ឆក់ត្រី»នៅត្រង់ចំណុចខាងលើ ។

ជាមួយនឹងការឃាត់ខ្លួនជនទាំង០២នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង កម្លាំងយោធាដកហូតបានវត្ថុតាងដួចជាឧបករណ៍ឆក់ត្រីចំនួន០២ឈុត មាន«អាំងវិចទ័រសម្រាប់ឆក់ត្រី អាគុយ៤០អំពែ និង ដងឆក់ត្រី» រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេសាទដោយជនល្មើសភាគច្រើនបានប្រើប្រាសឧករណ៍ «ឆក់ត្រី»ខាងលើនេះ ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថា បច្ចុប្បន្ន គឺកំពុងពេញនិយមណាស ជនល្មើសប្រើឧបរកណ៏ឆក់ត្រីនេះ ដែលភាពច្រើនឆក់តាមបឹង ព្រែក និងតំបន់ទន្លេសាប ដែលមានទឹករាក់ ។ ប៉ុន្តែកន្លែងខ្លះជនល្មើសបានប្រើប្រាសឧបករណ៍ឆក់ត្រីបែបនេះ ក្នុងទ្រង់ទ្រាយធំដុំតែម្ដង ឆក់ក្នុងបឹងទន្លេសាប ដោយគ្មានខ្លាចរអាច្រប់ឡើយ ។

ទោះយ៉ាងណា ជុំវិញកម្លាំងទាហាបចាប់ជនល្មើសឆក់ត្រីបានចំនួន០២នាក់ខាងលើនេះ បើតាមសេចក្ដីរាយការណ៏បានបញ្ជាក់ថា នៅរសៀលថ្ងៃដដែល កម្លាំងទាហានបានប្រគល់ជនសង្ស័យទាំង០២នាក់ ជាមួយនឹងវត្ថុតាង ប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដ៏រដ្ឋបាលកោះជីវាំងនៃអធិការស្រុកឯកភ្នំ ចាត់ការបន្តតាមនីតិវិធីហើយ ៕
ចែករំលែកព័តមាននេះ