ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង ចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន០៦នាក់ ពាក់ព័ន្ធរក្សាទុកជួញដូរគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នៅសារធាតុញៀន ដកហូតវត្ថុតាងគ្រឿងញៀន០៤កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២០និង៤៥ នាទី យប់ថ្ងៃទី១២ ខែកុម្ភ: រហូតដល់វេលាម៉ោង១៦និង១៣នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់នូវអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត នៅចំណុចខាងមុខសណ្ឋាគារឋាណាថា និងមុខខេធីវី ABC ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមនិងវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ចំនួន ៤៨៤,៤០ ក្រាម (គិតទាំងសំបកវេចខ្ចប់)មេតំហ្វេមីន, ម្សៅម៉ត់ពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ៦,៨០ ក្រាម (គិតទាំងសំបកវេចខ្ចប់), រថយន្ត ចំនួន០១ គ្រឿង, ម៉ូតូ ចំនួន០២ គ្រឿង, ទូរស័ព្ទ ចំនួន០៩ គ្រឿង, អាវុធខ្លី ចំនួន០១ ដើម គ្រាប់០៦ គ្រាប់, លិខិតឆ្លងដែន ចំនួន១៧ ក្បាល, អត្តសញ្ញាប័ណ្ណវៀតណាម ចំនួន០២ សន្លឹក, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ