ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដែល​មាន​បញ្ហា​ជាមួយនឹង​ក្រុម​អ្នក​ចងការ​ប្រាក់​ខុសច្បាប់ ជា​ពិសេស គឺ​កម្ចី​អន​ឡាញ​ដែល​ប្រតិបត្តិការ​ដោយ​ជនបរទេស​អាច​មាន​សិទ្ធិ​មិន​សង ហើយ​មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​កម្ពុជា​នឹង​ចេញ​មុខការ​ពារ​ពលរដ្ឋ​ថែម​ទៀត ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​កុំ​ច្រឡំ​អ្នក​ជំពាក់​កម្ចី​ផ្លូវការ​នានា គឺ​នៅ​ដដែល​ពីព្រោះ​វា គឺជា​កាតព្វកិច្ច ។ ក្រោយ​ពេល​ដែល​បញ្ហា​កម្ចី​អន​ឡាញ​នេះ​បាន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ…

អ្នក​ដែល​មាន​បញ្ហា​ជាមួយនឹង​ក្រុម​អ្នក​ចងការ​ប្រាក់​ខុសច្បាប់ ជា​ពិសេស គឺ​កម្ចី​អន​ឡាញ​ដែល​ប្រតិបត្តិការ​ដោយ​ជនបរទេស​អាច​មាន​សិទ្ធិ​មិន​សង ហើយ​មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​កម្ពុជា​នឹង​ចេញ​មុខការ​ពារ​ពលរដ្ឋ​ថែម​ទៀត ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ពលរដ្ឋ​កុំ​ច្រឡំ​អ្នក​ជំពាក់​កម្ចី​ផ្លូវការ​នានា គឺ​នៅ​ដដែល​ពីព្រោះ​វា គឺជា​កាតព្វកិច្ច ។

ក្រោយ​ពេល​ដែល​បញ្ហា​កម្ចី​អន​ឡាញ​នេះ​បាន​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ពលរដ្ឋ​រង​គ្រោះ​កាន់តែ​ច្រើន​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ជា​ចំហរ​ជា​សាធារណៈ​ថា ពលរដ្ឋ​មិនបាច់​សង​ពួក​គេ​ក៏​បាន​ពីព្រោះ​នេះ គឺជា​សកម្មភាព​ខុសច្បាប់ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​នៅ​ពេល​បិទ​សន្និបាត​ក្រសួងមហាផ្ទៃ​ថា ប្រសិនបើ​ក្រុម​អ្នក​ឱ្យ​ខ្ចីប្រាក់​នោះ​ជា​ក្រុម​ដែល​ខុសច្បាប់ ពោល​ជា​ក្រុម​ជនបរទេស​ដែល​ធ្វើការ​ផ្តល់​កម្ចី​តាម​អន​ឡាញ​ជាដើម​នោះ គឺ​កុំ​សង​តែ​ម្តង ។ បើសិនជា​ពួក​គេ​រករឿង​ណាមួយ សូម​ប្តឹង​មក​សមត្ថកិច្ច ។

Compressed by jpeg-recompress

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា ពលរដ្ឋ​ក៏​គួរតែ​ញែក​ឲ្យ​ដាច់ និង​ច្បាស់លាស់ រវាង​កម្ចី​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​អង្គភាព​ផ្តល់​ប្រាក់​កម្ចី​ដែល​គេ​ធ្វើ​ប្រតិបត្តិការ​ស្រប​តាម​ច្បាប់ និង​កម្ចី​ជា​លក្ខណៈ​ឯកជន​បុគ្គល និង​បុគ្គល​ដែល​ផ្ទុយ​ពី​កម្ចី​ខុសច្បាប់​នោះ គឺ​ត្រូវ​តែ​មាន​កាតព្វកិច្ច​សង​ទៅ​តាម​ច្បាប់ និង​ការ​ព្រមព្រៀង ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក ទូច សុខៈ អ្នកនាំពាក្យ​រង​នៃ​ក្រសួងមហាផ្ទៃ​ក៏​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ពី​បញ្ហា​លើ​បញ្ហា​នេះ​ថា «​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ និង​ដាក់​គោលការណ៍​ទៅ​រដ្ឋបាល​ដែនដី និង​សមត្ថកិច្ច​ចំណុះ​ក្រសួង​ថា កម្ចី​តាម​អន​ឡាញ​ខុសច្បាប់​ពលរដ្ឋ​មិនបាច់​សង ។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ករណី​ដែល​ក្រុម​នោះ​ចុះ​ទៅ​ធ្វើ​សកម្មភាព​គំរាមកំហែង សម្លុត ដោយ​រូបភាព​ណា​ក៏​ដោយ សូម​ក្លាហាន​ហ៊ាន​ប្តឹង​ទៅ​សមត្ថកិច្ច ដោយសារ​តែ​សមត្ថកិច្ច គឺ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប ។

លោក​បាន​បន្ត​បញ្ជាក់​ថា «​នេះ គឺជា​ស្មារតី​នៃ​ការ​ព្រួយបារម្ភ​របស់​ថ្នាក់ដឹកនាំ និង​ជា​គោលការណ៍​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ក្រុម​ដើរ​ផ្តល់​ប្រាក់​កម្ចី​អន​ឡាញ​ខុសច្បាប់ » ។ លោក​បាន​បន្ត​ថា «​នេះ​គឺជា​សារ​ដែល​ថ្នាក់ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ជួយ​អន្តា​គម​ន៍​ដល់​ពលរដ្ឋ​អោយ​បាន​ទាន់​ពេល​ទាន់​វេលា​នៅ​ក្នុង​ករណី​ដែល​ក្រុម​កម្ចី​ខុសច្បាប់​ទាំងនោះ​ទៅ​អុកឡុក និង​ដាក់​សំពាធ​ពលរដ្ឋ »​។

លោក ទូច សុខៈ បាន​បន្ត​ថា លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ករណី​នេះ​ឲ្យ​បាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ។
ជុំវិញ​ព័ត៌មាន​នេះ លោក ឃឿ​ន សា​រ៉េ​ត ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា មួយ​រូប​បាន​ចែករំលែក​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​សមត្ថកិច្ច​អាច​ជួយ​ពលរដ្ឋ​បាន​លើ​រឿង​នេះ គឺជា​ការ​ល្អ​ប្រសើរ​មែនទែន ។

លោក​បាន​បន្ត​ទៀត​ថា បើ​សមត្ថកិច្ច​ពិតជា​អាច​ជួយ​ពលរដ្ឋ​លើ​រឿង​នេះ​បាន​ល្អ​មែនទែន ពីព្រោះ​ឭ​ថា ពួក​កម្ចី​អន​ឡាញ​នេះ​មាន​ខ្នង​ក្រាស់​ៗ​ណាស់ ហើយ​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​រត់ចោលស្រុក ហើយ​អស់ទ្រព្យ​សម្បត្តិ​នោះ​ក៏​មិន​តិច​ដែរ ។ ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា បើ​ក្រសួងមហាផ្ទៃ​ធ្វើ​បាន​ដូច​លោក​ឧបនាយករដ្ឋមន្ត្រី​និយាយ​មែន ពលរដ្ឋ​សប្បាយ​ចិត្តច្រើន​មិន​ខាន ។ លោក​បាន​បញ្ជាក់​ថា «​រដ្ឋមន្ត្រី​មហាផ្ទៃ​អេះ​ចំ​កន្លែង​រមាស់​ហើយ ប៉ុន្តែ​សំខាន់​ថា អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​នឹង​ង​ធ្វើ​តាម​ការ​លើក​ឡើង​នេះ​ឬ​អត់​ប៉ុណ្ណោះ​» ។

មក​ដល់​ពេល​នេះ​ផល​ប៉ះពាល់​កម្ចី​អន​ឡាញ​នៅ​កម្ពុជា​មាន​ច្រើន ប៉ុន្តែ​ស្ថិតិ​នៃ​ផល​ប៉ះពាល់​ដោយសារ​កម្ចី​អន​ឡាញ​នៅ​កម្ពុជា​ហាក់​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ដោយ​សា្ថ​ប័ន​ណាមួយ​នៅឡើយ​ទេ ។ អ្វី​ដែល​គេ​បាន​ផ្សព្វផ្សាយ​កន្លង​មក គឺ​ភាគច្រើន​មាន​តែ​សេចក្តី​ព្រួយបារម្ភ និង ចំណាត់ការ​នៅ​លើ​ក្រដាស់​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

មក​ដល់​ពេល​នេះ​កម្ពុជា មាន​ធនាគារពាណិជ្ជ​ចំនួន ៥៩ ធនាគារ​ឯកទេស​ចំនួន ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៧ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ១១៥ ដែល​មាន​គណនី​បញ្ញើ​ប្រហែល​ជាង​២១​លាន​គណនី និង​គណនី​ឥណទាន (​គណនី​សម្រាប់​សង​ប្រាក់​)​ចំនួន ៤​លាន ។

ធនាគារជាតិ​នៃ​កម្ពុជា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដែល​តុលា ឆ្នាំ​២០២៤ ប្រាក់​កម្ចី​ដែល​ពលរដ្ឋ​ជំពាក់​គ្រឹះស្ថាន​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​មាន​តម្លៃ​ប្រមាណ​ជា​ជិត​៦១ ពាន់​លាន​ដុល្លារ ប៉ុន្តែ​កម្ចី​អន​ឡាញ​ធនាគារជាតិ​មិន​បាន​បញ្ជាក់​ថា វា​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ