រាជធានីភ្នំពេញ ៖ ឯកឧត្តមខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធអាណត្តិថ្មីឆ្នាំ២០២៥-២០២៩ ជាលើកដំបូង ។ ជាលទ្ធផលនៃកិច្ចប្រជុំទី១.អង្គប្រជុំសម្រេចជាឯកច្ឆន្ទតែងតាំងលោកឧត្តមសេនីយ៍ត្រី សៀន សុភក្ត្រ ជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រាប់អាណត្តិទី៨នេះជាផ្លូវការហើយ។ ទី២.បែងចែកតួនាទីភារកិច្ចជូនសមាជិកគណៈកម្មាធិការប្រតិបត្តិ។ ទី៣.ការងារត្រៀមរៀបចំការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងគុណភាពរបស់វិស័យកីឡាប្រដាល់គុនខ្មែរឱ្យមានធនធានសម្បូរបែបប្រកបដោយគុណភាពខ្ពស់ ជាពិសេសយុវជនថ្នាលដើម្បីឱ្យមានឱកាសចេញទៅប្រកួតផ្សព្វផ្សាយនូវក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ដែលជាមរតកដូនតាខ្មែរឱ្យបាន១០ប្រទេសក្នុង១ឆ្នាំនោះក្នុងរយៈពេល១០ឆ្នាំស្មើនឹង១០០ប្រទេសនិងការប្រកាសតែងតាំងអគ្គលេខាធិការថ្មីជាផ្លូវការទៀតផង។
ការបង្ហាញចក្ខុវិស័យ និងការដាក់ផែនការ
ប្រកបដោយភាពជឿជាក់ ក្នុងឆន្ទៈដ៏មោះមុតរបស់ឯកឧត្តមប្រធាន ខូវ ឆាយ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគាររដ្ឋបាលមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤។
ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖«ខ្ញុំតែងតែជម្រាបជូនថា ប្រភេទកីឡាប្រដាល់គុនខ្មែរ គឺជាកីឡាអត្តសញ្ញាណជាតិ ហើយកម្ពុជាគឺជាម្ចាស់ក្បាច់គុនមរតកដូនតាខ្មែរ។ ដូច្នេះ ក្នុងនាមយើងជាអ្នកស្នងមរតកក្បាច់គុនដូនតាខ្មែរ មានភារកិច្ចមិនត្រឹមតែដឹកនាំការប្រកួតដណ្តើមមេដាយ ខ្សែក្រវាត់ជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងមានភារកិច្ចចម្បងមួយទៀត ក្នុងការផ្សព្វផ្សាយក្បាច់គុនមរតកដូនតាខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ថាតើក្បាច់គុនរបស់ខ្មែរមានភាពអស្ចារ្យបែបណា ។ ទាំងនេះ គឺជាកាតព្វកិច្ចដ៏ចម្បងរបស់យើងទាំងអស់គ្នា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាអ្នកទទួលខុសត្រូវធំបំផុត ក្នុងការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងសកលលោក ។
ក្នុងអាណត្តិថ្មីទី៨ ឆ្នាំ២០២៥-២០២៩ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកំពុងរៀបចំផែនការចេញទៅប្រកួតផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ក្នុង១ឆ្នាំ យ៉ាងតិច ក៏១០ប្រទេសដែរ ហើយក្នុងរយៈពេល ១០ឆ្នាំ យើងអាចចេញទៅផ្សព្វផ្សាយ ១០០ប្រទេស ។ ដូច្នេះ តាមរយៈផែនការនេះ ក្នុងរយៈពេលអនាគតខាងមុខ វិស័យកីឡាប្រដាល់គុនខ្មែរនឹងអាចទៅដល់គ្រប់ទិសទី នៅក្នុងពិភពលោក ហើយប្រទេសទាំងនោះ ដែលកម្ពុជាបានទៅដល់នឹងបានស្គាល់ពីកម្ពុជាយើងជាក់ជាមិនខាន ដោយមិនត្រឹមស្គាល់ប្រភេទកីឡាប្រដាល់គុនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចនឹងស្វែងយល់អំពីប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយវត្ថុលើលោក សម្បត្តិវប្បធម៌ធម្មជាតិនានា តំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រជាច្រើន រួមជាមួយនឹងប្រជាជនខ្មែរប្រកបដោយស្នាមញញឹមរួសរាយរាក់ទាក់ សីលធម៌ ប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់ផងដែរ»។
ឯកឧត្តមខូវ ឆាយ បន្ថែមថា ទាំងអស់នេះ គឺជាចំណុចទាក់ទាញរបស់កម្ពុជានៅលើពិភព
លោកឱ្យងាកមកស្រឡាញ់រាប់អានប្រទេសជាតិ និងប្រជាជនរបស់យើង ដើម្បីលើកតម្កើងសេដ្ឋកិច្ចជាតិ ជីវភាពរបស់ប្រជាជនយើង។
នេះជាផែនការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្តិយស កិត្តិសព្ទជាតិខ្មែរ តាមរយៈវិស័យកីឡាប្រដាល់គុនខ្មែរ។
ក្នុងឱកាសនេះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់ស្រទាប់វណ្ណៈ គ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសសូមចូលរួមជាចលនាគាំទ្រដល់វិស័យកីឡាប្រដាល់គុនខ្មែរ ដើម្បីឱ្យកីឡាមួយនេះល្បីរន្ទឺនៅលើពិភពលោក ដែលជាមោទកភាពជាតិខ្មែរយើងទាំងមូល ៕

ចែករំលែកព័តមាននេះ