ទីក្រុងយេរូសាឡឹម៖ នៅទីបញ្ចប់ ភាពតានតឹងរវាងអ៊ីស្រាអែល និងហាម៉ាស់បានធូរស្រាលឡើងវិញហើយបន្ទាប់ពីក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង៣នាក់ ជាថ្នូរត្រឡប់មកវិញ អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន៣៦៩នាក់។ ដូច្នេះ ការអនុវត្តបទឈប់បាញ់ដំណាក់កាលទី១ត្រូវបិទបញ្ចប់ត្រឹមនេះហើយ។ ជាបន្តទៅទៀតនេះ ភាគីទាំង២នឹងអនុវត្តដំណាក់កាលទី២។
សមិទ្ធផលនេះអាចសម្រេចបាននៅនាទីចុងក្រោយបន្ទាប់ពីក្រុមប្រទេសអន្តរការីខិតខំសម្របសម្រួល និងថ្នាក់ថ្នមសភាពការណ៍ដើម្បីឱ្យបទឈប់បាញ់កាលពីខែមករានោះអាចមានជីវិតរស់នៅជាបន្តទៀត។ ចំណាប់ខ្មាំងដែលដោះលែងលើកនេះត្រូវគេបណ្ដើរឡើងទៅលើវេទិកាដោយមានកងកម្លាំងពិសេសរបស់ហាម៉ាស់ប្រដាប់ដោយកាំភ្លើងគ្រប់ដៃអមដំណើរ។ ព្រឹត្តិការណ៍នេះរៀបចំនៅទីក្រុងខាន់យូនីស។ បន្ទាប់មក អ្នកទាំងបីត្រូវបានដឹកជញ្ជូនដោយកាកបាទក្រហមអន្តរជាតិទៅប្រគល់ឱ្យអ៊ីស្រាអែល។

មិនយូរប៉ុន្មាន រថយន្តបឺសជាច្រើនគ្រឿងដឹកអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគារអូហ្វឺ (Ofer) នៃតំបន់វេសស្បេង។ រថយន្តទី១បើកទៅដល់តំបន់រ៉ាម៉ាឡា។ នៅពេលទៅដល់មានហ្វូងមនុស្សរង់ចាំទទួលយ៉ាងត្រៀបត្រា។ ពួកគេមានចិត្តសប្បាយរីករាយណាស់ និងស្រែកហ៊ោរកញ្ជ្រៀវយ៉ាងកងរំពង។ អ្នកខ្លះពុំដែលនឹកស្មានថាខ្លួនអាចរួចខ្លួនមកវិញទេ។ នៅក្នុងចំណោមនោះ អ្នកខ្លះត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសុទ្ធតែ២ជីវិតឯណោះ។

និយាយអំពីឆាកជីវិតរស់នៅក្នុងនាមជាចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់ ចំណាប់ខ្មាំងខ្លះត្អូញត្អែរថាខ្លួនពុំដែលបានអាហារហូបចុកឱ្យបានឆ្អែត និងគ្រប់គ្រាន់ទេ រស់នៅក្នុងរូងក្រោមដីអស់រាប់ខែ មិនដែលឃើញពន្លឺថ្ងៃសូម្បីតែម្ដង។ ចំណែកអ្នកទោសប៉ាឡេស្ទីនក៏ត្អូញត្អែរដែរថាពួកគេនៅពេលជាប់គុកអ៊ីស្រាអែលនោះពុំដែលបានអ្វីទទួលទានឆ្ងាញ់ និងគ្រប់គ្រាន់ទេ។
ការនាំយកចំណាប់ខ្មាំងត្រឡប់មកវិញនេះជាការល្អហើយ។ ប៉ុន្តែក្រុមគ្រួសារចំណាប់ខ្មាំងដែលនៅសេសសល់នៅតែមិនទាន់ស្ងប់ចិត្តនៅឡើយទេដរាបណាសាច់ញាតិរបស់ខ្លួនមិនទាន់វិលមកវិញ។ ហេតុនេះ ពួកគេទាមទារឱ្យលោកណឺតាន់យ៉ាហ៊ូខិតខំចរចាគ្នាដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់មុនពេលភាគីទាំង២ចាប់ផ្ដើមអនុវត្តបទឈប់បាញ់ដំណាក់កាលទី២។

យោងតាមកិច្ចព្រមព្រៀងនោះ នៅដំណាក់កាលទី២ ក្រុមហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ ជាថ្នូរត្រឡប់មកវិញ អ៊ីស្រាអែលយល់ព្រមដកទ័ពពីតំបន់ហ្កាហ្សា និងចាប់ផ្ដើមកសាងតំបន់នេះឡើងវិញ។ នៅដំណាក់កាលទី១នៃបទឈប់បាញ់ ហាម៉ាស់ដោះលែងចំណាប់ខ្មាំងសរុប១៩នាក់។ ក្នុងនោះមានជនជាតិថៃ៥នាក់។ ចំណែកអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើនរយនាក់។ ប្រភពខ្លះបង្ហើបឱ្យដឹងថានៅសល់ចំណាប់ខ្មាំង៧៣នាក់ទៀត។ ពាក់កណ្ដាលនៃអ្នកទាំងនោះត្រូវអ៊ីស្រាអែលសន្និដ្ឋានថាបានស្លាប់បាត់ទៅហើយ៕
ចែករំលែកព័តមាននេះ