ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ស្នើ​ឲ្យ​អ្នកនយោបាយ​កម្ពុជា​-​ថៃ​កុំ​រុញ​រឿង​ព្រំដែន​ដើម្បី​កេង​ចំណេ​ញ​​ដោយ​ទុក​ឲ្យ​អ្នកជំនាញ​​ធ្វើការ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ក្រុម​ជ្រុលនិយម​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ក្រៅប្រទេស​ បាន​រុញ​រឿង​ព្រំ​ដែន​ដែល​ចំណុច​នេះ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ក្រុម​ជ្រុលនិយម​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ក្រៅប្រទេស​ បាន​រុញ​រឿង​ព្រំ​ដែន​ដែល​ចំណុច​នេះ អ្នក​ណា​ក៏​បាន​គិត​ដែរ មិនមែន​មាន​តែ​ក្រុម​ជ្រុលនិយម​នោះ​ទេ ដូច្នេះ ​ស្នើ​ឲ្យ​អ្នកនយោបាយ​កម្ពុជា​-​ថៃ​កុំ​រុញ​រឿង​បញ្ហា​ព្រំដែន​ដើម្បី​កេង​ចំណេញ​នយោបាយ​ដោយ​ទុក​ឲ្យ​អ្នកជំនាញ​ធ្វើ​ការងារ​នេះ​ ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុ​ប ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​យក​ឱកាស​នេះ​ បញ្ជូន​សារ​ទៅ​កាន់​អ្នកនយោបាយ​ទាំងអស់ ទាំង​ខ្មែរ ទាំង​ថៃ សូមកុំ​យក​រឿង​នយោបាយ​យក​មក​លូក​ចូល​ក្នុង​កិច្ចការ​បច្ចេកទេស​ព្រំដែន​ ។ ព្រោះ​អ្នក​នយោបាយ​មិនដឹង​ដូច​អ្នក​ភូមិសាស្ត្រ​នោះ​ទេ ដោយ​ទុក​ឲ្យ​អ្នក​បច្ចេក​ទេស​ គេ​ធ្វើ​ការ​ដោះស្រាយ​តាម​ការងារ​បច្ចេកទេស​រឿង​ព្រំដែន​ទាក់ទង​និង​ការងារ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ​ឲ្យ​គេ​ប្រើ​មូលដ្ឋាន​នេះ​ដោះស្រាយ យើង​កុំ​លោត​ផ្តេសផ្តាស់​នាំ​ឲ្យ​វៃ​គ្នា​ ។  

សម្តេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា​៖ «​អ្នកនយោបាយ​ថៃ ​ខ្ញុំ​ផ្ញើ​ទៅ​សូម​កុំ​ជំរុញ​រឿង​នេះ​យក​ចំណេញ​នយោបាយ ហើយ​យក​ហេតុផល​ថា​ នេះ​ថា​នោះ មិន​ទាន់​ឯកភាព​គ្នា មិន​អាច​យក​ជា​ការ​បាន​ទេ​ ។កម្ពុជា​ផ្អែក​លើ​មូលដ្ឋាន​ថែរក្សា​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​យើង​រក​វិធី​ដោះស្រាយ​បញ្ហា​ដែល​បន្សល់​ទុក​ពី​មុន​តាម​រយៈ​យន្តការ​ដែល​យើ​ង​ឯកភាព​ជា​ផ្លូវការ ដែល​មាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ​។  យើង​ធ្វើការ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ផែនទី​ដែល​កម្ក​ល់​ទុក​នៅ​បារាំង លិខិត​តុ​បក​រណ៍​ផ្សេង​ៗ និង​ក្រុម​បច្ចេក​ទេស​»​។

សម្តេច​បវរ​ធិ​បតី​បាន​អះអាង​រដ្ឋាភិបាល និង​មន្ត្រី​កិច្ចការ​ព្រំដែន​ក៏​ជា​អ្នក​ជាតិនិយម​ដែរ ពោល​គឺជា​អ្នក​ជាតិនិយម​ឆ្អិនឆ្អៅ ដោយ​ធ្វើការ​ចរចា​គ្នា​ដាច់​បាយ​ទឹក ដើម្បី​ធ្វើកា​រ​ការពា​រ​ព្រំដែន​មួយ​ចំអាម ដោយ​រឿង​ព្រំដែន​នេះ​មិនមែន​ងាយ​ដោះស្រាយ​មួយ​ថ្ងៃ​ចប់​នោះ​ទេ​។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា ​បញ្ហា​ព្រំដែន​ជា​រឿង​សំខាន់​ណាស់ ហើយ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​តាម​យុទ្ធសាស្ត្រ ។ ​ទោះបីជា​អ្នក​ន​យោ​បា​យ​ប្រ​ឆាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​ក្រុមប្រឆាំង​កម្ពុជា​នៅ​ក្រៅប្រទេស​បាន​កំពុង​តែ​ជំរុញ​ឲ្យ​រ​ដ្ឋា​ភិ​បាល​ធ្វើការ​ដោះស្រាយ​បញ្ហា​ព្រំដែន​យ៉ាងណា​ក្តី​សម្ត​ចប​វរ​ធិ​បតី​បា​ន​គូសបញ្ជាក់​ថា ប​ញ្ហា​ព្រំដែន​នេះ​រាជរដ្ឋាភិបាល​មាន​យន្តការ​ធ្វើការ​ដែរ អី​ញ្ចឹ​ង​អ្វី​ដែល​យើង​ធ្វើការ​ដោះ​ស្រាយ គឺ​ផ្អែក​លើ​បច្ចេកទេស ដែល​មាន​ផែនទី​មាន​ក្រុមការងារ​បច្ចេកទេស​មាន​លិខិត​តុ​បករ​ណ៍​ច្បាស់លាស់ ។

សម្តេច​បវរ​ធិ​បតី​បាន​លើក​ថា ៖ ​សូ​ម្បី​ដោះស្រាយ​ប​ញ្ហ​ព្រំ​ដី​នៅ​ជាប់​ផ្ទះ​គ្នា មិន​ចេះ​តែ​យក​​ផ្គាក់​កាប់​គ្នា  ហើយ​ទាមទារ​យក​ត្រូវ​នោះ​ទេ  គឺ​ទាល់តែ​មាន​អំណះអំណាង មាន​ប័ណ្ណ​ស្លាបមាន់  មាន​កុងត្រា​ទិញ​លក់​…​យក​ទៅ​និយាយ​គ្នា​ ។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖ «​កម្ពុជា​ចង់​ដោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ​កម្ពុជា​ក៏​រក្សា​សិទ្ធិ​ក្នុង​ការ​រក្សា​ការពារ​ខ្លួន​គ្រប់​មធ្យោបាយ រួម​ទាំង​ការ​ប្រើប្រាស់​កំលាំងប្រដាប់អាវុធ  ប្រសិនបើ​ប្រទេស​ណាមួយ​ហ៊ាន​ប្រើប្រាស់​កងកំលាំងប្រដាប់អាវុធ មក​ឃ្លាន​ពាន​កម្ពុជា​»៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ