ខេត្តបាត់ដំបង៖ អគ្គីភ័យ ដែលគេរកមុខអ្នកបង្កមិនទាន់ឃើញ បានឆេះជញ្ជ្រាំងនៅក្នុងស្រែរាលដាលលើផ្ទៃដីប្រមាណ៨០ហិចតា កាលពីរសៀលថ្ងៃទី ១៥ កុម្ភៈ នៅភូមិក្រឡាញ ឃុំកំពង់ព្រះ ស្រុកសង្កែ បង្កឲ្យមានផ្អើលឆោឡោ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ យោងតាមសេចក្ដីរាយការណ៏ពីសមត្ថកិច្ច បានឲ្យដឹងថា គេមិនទាន់ដឹងពីមូលហេតុ ដែលមានឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ តែវាបានចាប់ផ្ដើមដំបូងឆេះកញ្រ្ជាំងក្នុងស្រែ ដែលកសិករច្រូតរួចហើយ។
នៅក្នុងគ្រោះអគ្គីភ័យភ័យនេះ កម្លាំងជំនាញ អធិការស្រុកសង្កែ និង កម្លាំងការិយាល័យពន្លត់អគ្គីភ័យ បានចេញកម្លាំង និង រថយន្តពន្តត់អគ្គីភ័យចំនួន០២គ្រឿង ជួយអន្តរាគមន៏ភ្លាមៗ ខណៈភ្លើងបាននិងកំពុងឆេះរាលដាលពាសពេញវាលស្រែ។ កម្លាំងសមត្ថកិច្ច បានព្យាយាមបាញ់ទឹកទប់ស្កាត់ និងពន្លត់ រីឯកម្លាំងសមត្ថកិច្ចមួយចំនួនទៀត ជាមួយនឹងប្រជាពលរដ្ឋផង បានព្យាយាមប្រើកម្លាំងបាយ កាច់មែកឈើវាយពន្លត់ភ្លើង ដែលកំពុងឆេះរាលដាលសំដៅទៅកាន់កន្លែងដទៃទៀត រហូតពន្លត់រលត់ទាំងស្រុង។
បើតាមសមត្ថកិច្ច បានប្រាប់ថា អគ្គីភ័យនេះទំនងអាចជាស្នាដៃក្មេងៗជាអ្នកដុតលែង ឬ ដុតរកកណ្ដុរតាមដំបូក ឬ តាមភ្លឺស្រែ ខណៈអាកាសធាតុក្ដៅបែបនេះ ទើបបង្កជាអគ្គីភ័យឆេះរាលដាល ផ្អើលសមត្ថកិច្ច និង អ្នកភូមិតែម្ដង។ យ៉ាងណាក្ដី បើតាមរបាយការណ៏ សមត្ថកិច្ច ស្រុកសង្កែ បានឲ្យដឹងថា គេប៉ាន់ប្រមាណថា អគ្គីភ័យខាងលើនេះ បានឆេះរាលដាលកញ្ជ្រាំងក្នុងស្រែអស់ប្រមាណ៨០ហិចតាម តែមិនប៉ះពាលដល់ដដំណាំ ឬ ឆ្លងចូលដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិទេ។ ព្រោះសមត្ថកិច្ច និង ប្រជាពលរដ្ឋបានប្រឹងប្រែងបាញ់ទឹកពន្លត់ និង ទប់ស្កាត់បានទាន់ពេលវេលា៕



ចែករំលែកព័តមាននេះ