ទីក្រុងមុយនិច៖ លើកនេះច្បាស់ហើយ អឺរ៉ុបគ្មានចំណែកនៅក្នុងការចរចាសន្តិភាពនៅអ៊ុយក្រែនទេ។ ខាងលើនេះជាអ្វីដែលប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកខាងកិច្ចការអ៊ុយក្រែន លោកខេតខេឡក់ ថ្លែងកាលពីយប់មិញ។ ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែបញ្ជូនតារាងសំណួរទៅអឺរ៉ុបដើម្បីចង់ដឹងថាតើពួកគេចង់បានអ្វីខ្លះនៅក្នុងការធានាសន្តិសុខជាតិអ៊ុយក្រែន។

លោកត្រាំធ្វើឱ្យទ្វីបអឺរ៉ុបភ្ញាក់ផ្អើលនៅពេលគាត់លួចនិយាយទូរស័ព្ទស្ងាត់ៗជាមួយលោកពូទីនកាលពីសប្ដាហ៍មុនដោយមិនជម្រាបជូនដំណឹងទៅអឺរ៉ុបទុកជាមុនទេ។ រហូតដល់ដំណឹងនេះបែកធ្លាយជាសាធារណៈទើបអឺរ៉ុបភ្ញាក់ខ្លួនព្រើតថាខ្លួនត្រូវគេទុកឱ្យក្រៅសង្វៀន។ ក្រោយការនិយាយទូរស័ព្ទនោះ លោកត្រាំប្រកាសថាដំណើរការចរចាគ្នានឹងចាប់ផ្ដើមឆាប់ៗនេះ។

មន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំក៏បានព្រលយពាក្យថាសូម្បីតែសន្តិសុខជាតិរបស់អឺរ៉ុបផ្ទាល់ក៏អាមេរិកលែងរវីរវល់តទៅទៀតដែរ។ មានន័យថាពួកគេត្រូវមើលថែទាំខ្លួនដោយខ្លួនឯង។ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងថាអាមេរិកត្រូវតែពន្លឿនការចរចាឱ្យឆាប់ត្រូវរ៉ូវគ្នាដើម្បីអាមេរិកដកខ្លួនទៅគិតគូរព្រំដែនរបស់ខ្លួនវិញម្ដង និងទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ លោកថាបញ្ហាសន្តិសុខរបស់អ៊ុយក្រែន និងសន្តិសុខអឺរ៉ុបលែងជានយោបាយអាទិភាពរបស់លោកត្រាំតទៅទៀតហើយ។

អាមេរិកធ្វើបែបនេះនាំឱ្យអឺរ៉ុបបារម្ភថាអាមេរិកអាចនឹងធ្វើតាមការទាមទាររបស់លោកពូទីន។ ដូច្នេះ អាមេរិកមិនយកចិត្តទុកដាក់ចំពោះសន្តិសុខរបស់អ្នកដទៃឡើយ។ តាមពិត ជោគវាសនា-អនាគតរបស់អ៊ុយក្រែនក៏ពាក់ព័ន្ធនឹងជោគវាសនា-អនាគតរបស់អឺរ៉ុបផងដែរ។ ប្រេសិតអាមេរិកថ្លែងនៅក្នុងកិច្ចប្រជុំនៅអាល្លឺម៉ង់ថាអាមេរិកនឹងដើរតួនាទីជាអន្តរការីនៅក្នុងការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី។ មានន័យថាអាមេរិកក៏មិនមែនជាមេចំណែកដែរ។ តួអង្គសំខាន់គឺរុស្ស៊ី និងអ៊ុយក្រែន។

នៅពេលអ្នកសារព័ត៌មានសួរថាតើអឺរ៉ុបអាចនឹងចំណែកនៅក្នុងការចរចាដែរឬទេ? លោកខេឡក់ឆ្លើយតបថាលោកជាអ្នកប្រាកដនិយម។ លោកគិតថាអឺរ៉ុបគ្មានចំណែកនៅក្នុងរឿងនេះទេ។ ទោះជាយ៉ាងណាក្ដី លោកខេឡក់ក៏សូមបញ្ជាក់បន្ថែមថាទោះបីអឺរ៉ុបគ្មានចំណែកនៅក្នុងការចរចា ប៉ុន្តែមិនមែនមានន័យថាគេមិនយកចិត្តទុកដាក់ចំពោះកង្វល់របស់អឺរ៉ុបនោះទេ។

ប្រធានាធិបតីហ្វាំងឡង់ថ្លែងថាតារាងសំណួរដែលអាមេរិកបញ្ជូនទៅអឺរ៉ុបនោះនឹងបង្ខំឱ្យអឺរ៉ុបត្រូវតែគិតគូរពិចារណាជាថ្មី។ អ្នកការទូតអឺរ៉ុបម្នាក់ប្រាប់ថានៅក្នុងចំណោមឯកសារទាំងនោះមានសំណួរចំនួន៦ដាក់ទៅឱ្យរដ្ឋជាសមាជិកចំនួន៦របស់អឺរ៉ុបជាអ្នកជ្រើសរើសម្នាក់មួយៗ។ ក្នុងនោះ អាមេរិកសួរថាតើអឺរ៉ុបត្រៀមកងទ័ពប៉ុន្មាននាក់ដើម្បីដាក់ពង្រាយនៅអ៊ុយក្រែន?

បន្ទាប់ពីអាមេរិកផាត់អឺរ៉ុបចេញពីការចរចាគ្នា ប្រធានាធិបតីបារាំង លោកម៉ាក្រុង ចង់បើកកិច្ចប្រជុំក្រៅផ្លូវការនៅក្នុងចំណោមថ្នាក់ដឹកនាំសមាជិកអឺរ៉ុបដើម្បីពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញថាកិច្ចជំនួបនោះអាចនឹងរៀបចំនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ អគ្គលេខាធិការអង្គការណាតូក៏ជំរុញឱ្យអឺរ៉ុបរួបរួមគ្នាដើម្បីដាក់ចេញវិធានការអ្វីម៉្យាង៕
ចែករំលែកព័តមាននេះ