ប្រទេសថៃ ៖ ក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃមានទំនុកចិត្តថា ទុរេនថៃនឹងនៅតែជាជម្រើសកំពូលរបស់ប្រទេសចិន បន្ទាប់ពីការរឹតបន្តឹងសុវត្ថិភាពចំណីអាហារ និងដំណើរការត្រួតពិនិត្យសារធាតុគីមី និងការចម្លងមេរោគដ៏ត្រឹមត្រូវរបស់ខ្លួន ដើម្បីបំពេញតាមស្តង់ដាររបស់ប្រទេសចិន។
យោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រីរដ្ឋមន្ត្រី Narumon Pinyosinwat បានថ្លែងបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន កាលពីដើមខែនេះថា លោកស្រីបានជួបជាមួយនឹងរដ្ឋមន្ត្រីនៃរដ្ឋបាលទូទៅគយចិន ដើម្បីពិភាក្សាអំពីការនាំចូលទុរេនរបស់ថៃ។ លោកស្រីបន្តថា ថៃគឺជាប្រទេសនាំចេញទុរេនលេខមួយទៅប្រទេសចិន ដោយទុរេនថៃមានចំណែកទីផ្សារច្រើនជាងគេប្រមាណ ៥៧%។ ប្រទេសថៃនាំចេញទុរេននៅក្នុងតម្លៃយ៉ាងតិចចាប់ពី ៣.៨ ទៅ ៤.១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ហើយតម្លៃនេះ ត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំ ២០២៥។
ទាក់ទិននឹងរបាយការណ៍ស្តីពីទុរេនថៃនាំចេញទៅប្រទេសចិនមានសារធាតុគីមី Basic Yellow 2 (BY2) ឬថ្នាំជ្រលក់ពណ៌លឿងលើសកម្រិត ដែលអាចបង្កជំងឺមហារីកនោះ លោកស្រីបានគូសបញ្ជាក់ថា នាយកដ្ឋានកសិកម្មបានណែនាំឱ្យអនុវត្តតាមវិធានការត្រួតពិនិត្យដ៏តឹងរ៉ឹងមុនពេលនាំចេញ តាមការស្នើសុំរបស់រដ្ឋបាលទូទៅគយចិន។ ស្របពេលគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ និងគ្រប់គ្រងផលិតផលផ្លែឈើ ឬក្រុមប្រឹក្សាផ្លែឈើ ក៏ត្រូវបានបញ្ជាឱ្យពិនិត្យរកមើលសារធាតុ BY2 និងសារធាតុបង្កមហារីកផ្សេងទៀត និងសត្វល្អិត ព្រមទាំងដាក់មន្ទីរពិសោធន៍ ដើម្បីធ្វើការត្រួតពិនិត្យលើការចម្លងរោគផងដែរ។
អ្នកស្រីបន្ថែមថា យ៉ាងហោចណាស់មានមន្ទីរពិសោធន៍ចំនួន ៥ ត្រូវបានប្រាប់ឱ្យរៀបចំអនុវត្តកិច្ចការ ប៉ុន្តែត្រូវទាមទារបង្កើនកិច្ចការបន្ថែមទៀត ដោយសារតម្រូវការកើនឡើងឥតឈប់ឈរសម្រាប់ធុរេនថៃ ដែលរួមចំណែកយ៉ាងហោចណាស់ ៣ពាន់លានដុល្លារដល់ប្រាក់ចំណូលប្រចាំឆ្នាំ៕


ចែករំលែកព័តមាននេះ