ទីក្រុងញូដេលី៖ មនុស្សយ៉ាងតិច១៥នាក់ស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍ប្រជ្រៀត និងជាន់គ្នានៅស្ថានីយរថភ្លើងមួយកន្លែងនៃរដ្ឋធានីញូដេលីរបស់ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃសៅរ៍។ ហេតុការណ៍នោះកើតឡើងនៅពេលហ្វូងមនុស្សប្រជ្រៀតគ្នាខ្លាំង និងរុញច្រានគ្នាទៅវិញទៅមកដើម្បីប្រញាប់ឡើងជិះរថភ្លើងទៅចូលរួមពិធីបុណ្យនៅក្នុងសាសនាហិណ្ឌូ។

ពិធីបុណ្យគុម្ភមេឡា (Kumbh Mela) សំខាន់ណាស់ អាចទាក់ទាញអ្នកជឿស៊ប់ទៅលើសាសនាហិណ្ឌូរាប់សិបលាននាក់ជារៀងរាល់១២ឆ្នាំម្ដងដើម្បីគោរពបដិបត្តិនៅទីក្រុងព្រៃយក្សរាជ (Prayagraj)។ ប៉ុន្តែពិធីបុណ្យនេះក៏មានប្រវត្តិគ្រោះថ្នាក់ដោយសារប្រជ្រៀតគ្នាផងដែរ។ កាលពីខែមករា មនុស្ស៣០នាក់ស្លាប់ដោយសារការប្រជ្រៀត និងជាន់គ្នានៅទីប្រសព្វនៃទន្លេគង្គា, ទន្លេយាមូណា និងទន្លេសារ៉ាវត្តីដែលគេមានជំនឿថាជាកន្លែងស័ក្ដិសិទ្ធិ។

ហ្វូងមនុស្សដែលស្រូតរូតធ្វើដំណើរទាំងប្រញាប់ប្រញាល់នៅស្ថានីយរថភ្លើងនៅញូដេលីនោះចាប់ផ្ដើមជ្រួលច្រាលក្លាយជាអនាធិបតេយ្យគ្រប់គ្រងសភាពការណ៍លែងបាន។ ពួកគេចង់ទៅឱ្យទាន់ពិធីដែលនឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ។ វេជ្ជបណ្ឌិតរីទូ សាសេណា (Ritu Saxena) ជាមន្ត្រីបម្រើការនៅមន្ទីរពេទ្យទីក្រុងញូដេលីថ្លែងថាមនុស្ស១៥នាក់បានស្លាប់ហើយ។

ជនរងគ្រោះទាំងនោះគ្មានរបួសស្នាមអ្វីទេនៅលើដងខ្លួន។ ពួកគេប្រហែលជាស្លាប់ដោយសារខ្វះអុកស៊ីហ្សែន ឬរបួសគ្រាំក្នុង។ មូលហេតុពិតប្រាកដយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ រង់ចាំការធ្វើកោសល្យវិច័យទើបដឹងច្បាស់ទាំងអស់គ្នា។ ក្រៅពីជនរងគ្រោះដែលស្លាប់ មានអ្នករបួស១១នាក់ទៀត។ ប៉ុន្តែស្ថានភាពរបួសរបស់ពួកគេមិនធ្ងន់ធ្ងរដល់អាយុជីវិតទេ។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌាថ្លែងថាលោកមានចិត្តស្ដាយស្រណោះចំពោះការបាត់បង់ជីវិតមនុស្សទាំងនេះ។ លោកថានៅក្នុងខណៈនេះ លោកសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។ លោកក៏សូមជូនពរអ្នករបួសទាំងអស់ឱ្យឆាប់ជាសះស្បើយឡើងវិញ។ អភិបាលនៃគណៈអភិបាលទីក្រុងញូដេលីថ្លែងថាលោកបានណែនាំទៅបុគ្គលិកផ្នែកគ្រប់គ្រងគ្រោះមហន្តរាយដើម្បីដាក់ពង្រាយកម្លាំងនៅតាមមន្ទីរពេទ្យត្រៀមដោះស្រាយបញ្ហាដែលអាចនឹងកើតមាននាពេលខាងមុខ។

រដ្ឋមន្ត្រីក្រសួងអាយស្ម័យយានឥណ្ឌាថ្លែងថារថភ្លើងពិសេសជាច្រើនគ្រឿងចាប់ផ្ដើមដឹកជញ្ជូនមនុស្សពីទីក្រុងញូដេលីដើម្បីជួយរំដោះមនុស្សដែលប្រជ្រៀតគ្នានៅស្ថានីយរថភ្លើង និងជួយសម្រួលឱ្យពួកគេអាចធ្វើដំណើរទាន់ពិធីបុណ្យសាសនាហិណ្ឌូ។ អាជ្ញាធរថ្លែងថាចាប់តាំងពីពិធីបុណ្យគុម្ភមេឡាចាប់ផ្ដើមកាលពីខែមករារហូតមកដល់ពេលនេះ មនុស្សប្រហែល៥រយលាននាក់ហើយបានទៅចូលរួម និងងូតទឹកលាងបាងនៅទន្លេប្រសព្វមុខ៕

ចែករំលែកព័តមាននេះ