រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច ដោយទឹកភ្លៀង ស្ថិតក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែម ស្ថានីយបូមទឹកលូប្រាំ ដោយបំពាក់បន្ថែមម៉ូទ័រ បូមទឹក មុខកាត់ ១,៥ម៉ែត្រ ចំនួន០២គ្រឿង និងមុខកាត់ ០១ម៉ែត្រ ចំនួន ០១គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី ។
បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញនៅក្រោមផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវបេតុង ឆ្លងកាត់ប្រឡាយភូមិម័លជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ ផុតរយៈពេលខាងលើ ផ្លូវបេតុងនេះ នឹងដាក់ឱ្យដំណើរការចរាចរណ៏ឡើងវិញ ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខាន ដល់ការធ្វើចរាចរណ៏ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់ ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរលើកំណាត់ផ្លូវ ខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់ ៕



ចែករំលែកព័តមាននេះ