ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមនឹងប្រើកម្ចីចិនជាង៨ពាន់លានដុល្លារ សម្រាប់ផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ

1 អាទិត្យ មុន

ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់វៀតណាម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស​វៀតណាមគ្រោងនឹងខ្ចីប្រាក់ពីរដ្ឋាភិបាលចិន សម្រាប់ផ្តល់មូលនិធិមួយផ្នែកដល់គម្រោងលើទំហំទឹកប្រាក់ ៨.៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែតភ្ជាប់ប្រទេសទាំងពីរ។ នេះបើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៣…

ប្រទេសវៀតណាម ៖ រដ្ឋមន្ត្រីដឹកជញ្ជូនរបស់វៀតណាម បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស​វៀតណាមគ្រោងនឹងខ្ចីប្រាក់ពីរដ្ឋាភិបាលចិន សម្រាប់ផ្តល់មូលនិធិមួយផ្នែកដល់គម្រោងលើទំហំទឹកប្រាក់ ៨.៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែតភ្ជាប់ប្រទេសទាំងពីរ។ នេះបើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រទេសវៀតណាមបាននិងកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកចំណាស់របស់ខ្លួន ហើយបានចូលទៅជិតប្រទេសចិន សម្រាប់ការផ្តល់មូលនិធិ និងបច្ចេកវិទ្យា។ ជាក់ស្តែង លោក Nguyen Hong Minh រដ្ឋមន្ត្រីដឹកជញ្ជូនរបស់វៀតណាម បានប្រាប់សភាថា ប្រព័ន្ធផ្លូវដែកបច្ចុប្បន្នគឺហួសសម័យ ហើយប្រទេសវៀតណាមត្រូវការប្រព័ន្ធថ្មីមួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ លោកបានបន្តថា ផ្លូវដែកប្រវែង៣៩១គីឡូម៉ែត្រ នឹងរត់ពីចេញទីក្រុងព្រំដែនខេត្តឡៅ កៃ (Lao Cai) ឆ្លងកាត់ទីក្រុងហាណូយឆ្ពោះទៅទីក្រុងហៃហ្វុង (Haiphong) ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតនៅភាគខាងជើងប្រទេសវៀតណាម។

ផ្លូវដែកនេះ នឹងក្លាយជាផ្លូវដែកស្ដង់ដារង្វាស់ប្រវែង ១,៤៣៥មីលីម៉ែត្រ ដោយអនុញ្ញាតឱ្យរថភ្លើងដំណើរការនៅក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ និងទំនិញ។ លោករដ្ឋមន្ត្រីបានឱ្យដឹងបន្តទៀតថា ការសាងសង់ផ្លូវរថភ្លើងត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ហើយនឹងបញ្ចប់នៅឆ្នាំ ២០៣០។ សភាគ្រោងនឹងបោះឆ្នោតលើ​គម្រោងផ្លូវដែកនៅសប្តាហ៍ក្រោយ អំឡុងពេលកិច្ចប្រជុំដែលកំពុងបន្តនៅទីក្រុងហាណូយ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកសភាក៏បានអនុម័តលើដំណោះស្រាយគាំទ្រផ្លូវដែកល្បឿនលឿនប្រវែង ១,៥៤១គីឡូម៉ែត្រ តម្លៃ ៦៧ពាន់លានដុល្លារ ដែលនឹងតភ្ជាប់ទីក្រុងហាណូយជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ដោយកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣៥។

តាមប្រភពពីសារព័ត៌មាន VnExpress កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ផ្លូវដែកឡៅ កៃ-ហាណូយ-ហៃហ្វុង ដែលតភ្ជាប់ភាគខាងជើងវៀតណាមជាមួយប្រទេសចិន ត្រូវបានរំពឹងថានឹងបង្កើតទីផ្សារសំណង់មានតម្លៃដល់ ៤.៤ពាន់លានដុល្លារ ជាមួយនឹងការបង្កើតការងារសម្រាប់មនុស្ស៩ម៉ឺននាក់។ បើយោងតាមផែនការជាតិ ផ្លូវដែកនេះ នឹងមានតម្រូវការដឹកជញ្ជូនទំនិញ និងអ្នកដំណើរច្រើនបំផុតលំដាប់ទីពីររបស់វៀតណាម បន្ទាប់ពីផ្នែកខាងកើតនៃច្រករបៀងសេដ្ឋកិច្ចខាងជើង និងខាងត្បូង។

នៅឆ្នាំ ២០៥០ តម្រូវការដឹកជញ្ជូនសរុបលើផ្លូវដែកនេះ ត្រូវបានរំពឹងថានឹងឈានដល់ ៣៩៧​លាន​តោន​សម្រាប់ទំនិញ និង ៣៣៤លាននាក់សម្រាប់អ្នកដំណើរ។ ដ្បិតផ្លូវដែកបច្ចុប្បន្នសាងសង់តាំងពីសម័យអាណានិគមបារាំង អាចផ្ទុកទំនិញបានត្រឹម ៤.១លានតោន និងអ្នកដំណើរ ៣.៨លាននាក់តែប៉ុណ្ណោះ ស្របពេលផ្លូវដែកថ្មីរំពឹងថានឹងមានសុវត្ថិភាពជាងមុន សន្សំសំចៃកន្លែងបានច្រើនជាងមុន ក៏ដូចជាបង្កើតភាពស្និទ្ធស្នាលជាមួយធម្មជាតិ និងបរិស្ថានផងដែរ៕ ដកស្រង់ ៖ Bangkok Post និង VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ