ខេត្តបាត់ដំបង ៖ អ្នកប្រមាញ់សត្វកណ្ដុរម្នាក់បានស្លាប់ដោយសារឆក់ខ្សែចរន្តអគ្គិសនី ដែលខ្លួនបានដាក់ពង្រាយសម្រាប់ឆក់សត្វកណ្ដុរពេលយប់នៅក្នុងស្រែ ។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ នៅចំណុចវាលស្រែកូនប្រឡាយស្ថិតនៅភូមិនិគមកណ្ដាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃន សំណាង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិនិគមកណ្ដាល ឃុំកើតហេតុខាងលើ ។ ជនរងគ្របាស្លាប់នៅកន្លែងដែលមានខ្សែចរន្តអគ្គិសនីដាក់ពង្រាយសម្រាប់ឆក់សត្វកណ្ដុរនៅតាមស្រែពេលយប់ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានដាក់ពង្រាយខ្សែចរន្តអគ្គិសនី (ខ្សែលួស) ដោយប្រើអាគុយបំឡែងពីDC ទៅ AC ដើម្បីឆក់សត្វកណ្ដុរនៅតាមវាលស្រែពេលយប់ ។ ប៉ុន្តែការស្លាប់របស់ជនរងគ្រោះ ទំនងគាត់ដើររើសសត្វកណ្ដុរ មិនបានផ្ដាច់ខ្សែចរន្តភ្លើង ទើបភ្នាត់ស្នៀតបណ្ដាលឲ្យស្លាប់បែបនេះ ។
កម្លាំងសមត្ថកិច្ចបានចុះពិនិត្យសាកសពជនរងគ្រោះ និងកន្លែងកើតហេតុ ក្រោយទទូលបានព័ត៌មាននេះ ។ សមត្ថកិច្ចបានឲ្យដឹងដែរថា ក្រោយការស្រាវជ្រាវរបស់កម្លាំងផ្នែកជំនាញ និងស្ដាប់ការបំភ្លឺពីសាក្សីនានា និងពិនិត្យកន្លែងកើតហេតុ គេអាចសន្និដ្ឋានជាបឋមបានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែចរន្តអគ្គិសនី (ខ្សែលួសដាក់ឆក់កណ្ដុរ) ពិនមែន ។ នេះមិនមែនជាលើកដំបូងទេ ដែលអ្នកដើរប្រមាញ់សត្វកណ្ដុរពេលយប់រងគ្រោះដោយសារឆក់ខ្សែភ្លើង ដែលពួកគេដាក់ពង្រាយសម្រាប់ឆក់សត្វកណ្ដុរពេលយប់ នៅស្រុកថ្មគោល ។
កន្លងមក ជនរងគ្រោះភាគច្រើនតែងស្លាប់ដោយសារឆក់ខ្សែភ្លើងខ្លួនឯង ដែលខ្លួនដាក់ពង្រាយសម្រាប់ឆក់សត្វកណ្ដុរយកទៅលក់ ។ នេះជាការភ្លាត់ស្នៀត តែក្រុមអ្នកឆក់កណ្ដុរទាំងនោះនៅតែធ្វែសប្រហែស ខ្វះការប្រយ័ត្ន ទើបចេះតែមានគ្រោះថ្នាក់ជាបន្តបន្ទាប់៕
ចែករំលែកព័តមាននេះ