ខេត្តស្ទឹងត្រែង ៖ ចំណុចបំបែកអូរពងមាន់ រាងសញ្ញាព្រួញមុំបី ស្ថិតភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង គ្រោងនឹងសាងសង់តាមបែបរចនាបទវប្បធម៌ជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់ និងជាចំំណុច ដែលបំបែកទៅកាន់បណ្តាខេត្តផ្សេងៗ ឯទៀតផងដែរ ។
ចំណុចផ្លូវបំបែកអូរពងមាន់នេះ បើមកពីភ្នំពេញ មកដល់ត្រង់ចំណុចហ្នឹង គេអាចទៅខេត្តរតនគិរី លើផ្លូវជាតិលេខ៧៨ និងខេត្តមណ្ឌលគិរី ផងដែរ។ ចំណែកចូលទីរួមខេត្តស្ទឹងត្រែង លើកំណត់ផ្លូវជាតិលេខ៧ ទៅដល់ព្រំដែនកម្ពុជា-ឡាវ និងផ្លូវមួយខ្សែទៀតបំបែកចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តព្រះវិហារ លើកំណត់ផ្លូវជាតិលេខ៩ ។
ដោយផ្អែកលើការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ទុកជាសមិទ្ធផលក្នុងខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានអមដំណើរលោក លឹម ទីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ចូន ចុះពិនិត្យទីតាំងចំណុចផ្លូវបំបែកអូរពងមាន់ ក្នុងការស្នើសុំសាងសង់ចំណុចនេះ ឲ្យក្លាយជារង្វង់មូល តាមបែបរចនាបទវប្បធម៌ជាតិ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង និងដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលបានធ្វើដំណើរឆ្លងកាត់ទីនេះផង ។
លោកអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ចំំណុចអូរពងមាន់នេះ មានសារៈសំខាន់ណាស់ វាស្ថិតត្រង់ជាចំណុចប្រសព្វធ្វើដំណើរចេញចូល នឹងឆ្លងកាត់បានច្រើនខេត្ត ដូចជាខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តព្រះ
វិហារ ជាដើម ។
ឆ្លើយតបទៅនឹងការស្នើសុំរបស់អភិបាលខេត្តស្ទឹងត្រែង លោក លឹម ទីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលការងារស្ថាបនាផ្លូវជាតិលេខ៧A ផងនោះ បានទួលតាមការស្នើសុំរបស់អភិបាលខេត្តស្ទឹងត្រែង ដោយសន្យាថា នឹងយកគម្រោងរង្វង់មូលនេះ ទៅពិភាក្សាភ្ជាប់គ្នាជាមួយ និងការធ្វើផ្លូវជាតិលេខ៧A តែម្តង ដែលក្រុមហ៊ុនចិន ជាម្ចាស់ជំនួយក្នុងការស្ថាបនាផ្លូវជាតិនេះ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/70a2855b83b5f5939a57ebe8e907fd62.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/637610f0d1475b67ed20dbbe47e0c41e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/26d3758c4e77577c86abe345842e1b8b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/cc49eb2b0d78e5f4449a3c33cb024dbd.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7fd0d992c00283305649ab964582028b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4f45b1a8f383eb6d834ff4454a2cc731.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3bf975a9a97b2caeef866360c6e47ed8.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/be6f142cf0c37f41bd02736f6b105a29.jpg)
ចែករំលែកព័តមាននេះ