សកម្មភាព និងចំណាត់ការផ្លូវច្បាប់របស់តារាមួយគូប្រឆាំងនឹងអ្នកលេងបណ្តាញសង្គមដ៏ល្បីពាក់ព័ន្ធនឹងការយករឿងកុមារ និងឯកជនភាពមកលេងសើចដែលកំពុងតែផ្ទុះនៅលើបណ្តាញសង្គម គឺជារឿងត្រឹមត្រូវ ។ ពីព្រោះកុមារ គឺជាសមាជិកសង្គមដែលត្រូវបានការពារយ៉ាងមុតមាំដោយច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេស ហើយសូម្បីតែនៅលើបណ្តាញសង្គម ជាពិសេស…
សកម្មភាព និងចំណាត់ការផ្លូវច្បាប់របស់តារាមួយគូប្រឆាំងនឹងអ្នកលេងបណ្តាញសង្គមដ៏ល្បីពាក់ព័ន្ធនឹងការយករឿងកុមារ និងឯកជនភាពមកលេងសើចដែលកំពុងតែផ្ទុះនៅលើបណ្តាញសង្គម គឺជារឿងត្រឹមត្រូវ ។ ពីព្រោះកុមារ គឺជាសមាជិកសង្គមដែលត្រូវបានការពារយ៉ាងមុតមាំដោយច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេស ហើយសូម្បីតែនៅលើបណ្តាញសង្គម ជាពិសេស គឺហ្វេសបុកក៏បានកំណត់ច្បាស់អំពីសិទ្ធិ និងការការពារកុមារផងដែរ ។ ដោយឡែក រឿងឯកជនភាពក៏ជារឿងក្តៅដែលសង្គមគួរយកចិត្តទុកដាក់ ខណៈដែលខ្មែរយើងមានអ្នកដែលរំលោ.ភបំពានបញ្ហានេះច្រើនកន្លងមក ។

រឿងរ៉ាវនេះបានផ្ទុះ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលផេកមួយឈ្មោះ អាក្លូ ដែលជាផេកល្បីនៅក្នុងប្រទេស ដែលឧស្សាហ៍ផលិតវីដេអូបែបកំប្លែង ហើយពេលខ្លះក៏មានការរិះគន់ខ្លះៗបង្កប់តាមបែបលេងសើចបានផលិតវីដេអូខ្លីមួយតាមទម្លាប់របស់ខ្លួន ។
វីដេអូខ្លីនោះ គឺលេងសើចជ្រុលដោយអាក្លូបាននិយាយប៉ះពាល់ដល់ជីវិតឯកជន និងក្មេងដែលជាកូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្យ និងលោក ងួន ចាន់ដាវិត ដែលគេតែងតែស្គាល់ត្រឹមតែថា ជី ដេវីត ថាពួកគេមានកូនអត់ខាន់ស្លា ។ ការលេងសើចបែបនេះបានធ្វើឲ្យអ្នកទាំងពីរប្រតិកម្មភ្លាមៗតាមបណ្តាញសង្គមឆ្លើយតបទៅវិញ ហើយនៅពេលនេះក៏កំពុងតែស្វះស្វែងរកផ្លូវច្បាប់ ដើម្បីប្តឹងអាក្លូ ក្រោយពេលដែលនិយាយលេងសើចជ្រុលរហូតធ្វើឲ្យប៉ះពាល់ដល់រឿងឯកជនភាពនៃគ្រួសាររបស់តារាទាំងពីរ ជាពិសេស គឺកូនប្រុសរបស់ពួកគេដែលទើបនឹងចាប់កំណើត ។

ក្រោយរឿងនេះកើតមានឡើងអ្នកនាង ទេព បូព្រឹក្ស បានចេញមុខធ្វើប្រតិកម្មតាមបណ្តាញសង្គមដោយផ្សាយផ្ទាល់វិញភ្លាមៗចំពោះអ្វីដែលអាក្លូលើកឡើងនៅក្នុងវីដេអូខ្លីៗប៉ះពាល់ដល់កូនប្រុសដែលជាសក្ខីកម្មនៃសេចក្តីស្រលាញ់របស់អ្នកនាង និងលោក ជី ដេវីត ។ ដោយឡែក លោក ជី ដេវីត ដែលជាឪពុកក៏បានប្រតិកម្មតបតាមបណ្តាញសង្គមជាបន្តបន្ទាប់ ហើយលោកក៏បានបញ្ចេញលិខិតក្នុងការត្រៀមធ្វើចំណាត់ការតាមផ្លូវច្បាប់ ដោយបានធ្វើការពិភាក្សាជាមួយនឹងមេធាវី ដើម្បីស្វែងរកចំណាត់ការផ្លូវច្បាប់ផងដែរ ។
ក្រោយពេលដែលអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ប្រតិកម្មបែបនេះអាក្លូក៏បានចេញលិខិតសុំទោសជាសាធារណៈទៅកាន់ក្រុមគ្រួសាររបស់តារាទាំងពីរហើយសន្យាថា នឹងមិនធ្វើទង្វើបែបនេះមកកាន់គ្រួសារតូចមួយនេះជាលើកទី២ឡើយ ។ រឿងនេះអាចនឹងមានត ពីព្រោះនៅក្នុងនាមជាឪពុក លោកជី ដេវីត ហាក់នៅមិនទាន់ស្ងប់ចិត្តនៅឡើយ ហើយទំនងជានឹងមានការសម្របសម្រួលផ្នែកច្បាប់ ឬក៏ត្រូវដំណើរការតាមផ្លូវច្បាប់ ប៉ុន្តែអ្វីដែលចង់កន្ត្រាក់អារម្មណ៍រឿងពីរ គឺមួយរឿងឯកជនភាព និងរឿងកុមារ ។

កន្លងមកនៅលើបណ្តាញសង្គមការរំលោ.ភលើឯកជនភាពនេះ មានច្រើនទម្រង់ច្រើនរឿង ដូចជា ការប្រមាថ ការផ្សព្វផ្សាយពីនេះពីនោះដែលមិនបានសុំការអនុញ្ញាត ការនិយាយដើម ឬការនិយាយមូលបង្កាច់គេនៅលើបណ្តាញសង្គម ។ល។ ការផ្សព្វផ្សាយបែបនេះប្រសិនបើមានពាក្យបណ្តឹង គឺអាចនឹងមានពិរុទ្ធច្រើនករណីពីព្រោះកម្ពុជាមានច្បាប់ជាច្រើនដែលកំណត់ទោសទាក់ទងនឹងការរំលោ.ភឯកជនភាពនេះ ។ ច្បាប់ទាំងនោះ រួមមានទាំងច្បាប់ស្តីពីឯកព័ន្ធភាព ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវណី …ជាដើម ហើយសម្រាប់កុមារគឺរិតតែពិសេសទៅទៀត គឺមានរហូតដល់អនុសញ្ញាស្តីអំពីសិទ្ធិកុមារ ដែលហាមឃាត់ដាច់ខាតនូវការរើសអើង ការនិយាយប៉ះពាល់ដល់ផលប្រយោជន៍របស់កុមារ សិទ្ធិនៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់ពួកគេ សិទ្ធិដែលទាមទារការការពារឯកជនភាពរបស់ពួកគេ …។ល។
សរុបមកវិញ ចាប់ពីពេលនេះតទៅ ដើម្បីគេចចេញពីបញ្ហារឿងដែលគួរតែប្រុងប្រយ័ត្ន គឺពាក់ព័ន្ធនឹងរឿងពីរនេះ គឺឯកជនភាព និងកុមារ ។ បញ្ហាទាំងពីរនេះ ដោយសារតែការយល់ដឹង ជាពិសេស គឺខ្វះការយកចិត្តទុកដាក់ មានពលរដ្ឋ និងកុមារជាច្រើនដែលត្រូវបានគេបំពាន និងប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូ ព្រោះតែការផ្សព្វផ្សាយនិងការលេងសើចដែលខ្វះការទទួលខុសត្រូវ ។ សូមលើកកម្ពស់សិទ្ធិ និងពង្រឹងការគោរពច្បាប់ ដើម្បីពង្រឹងគោលជំហរ និងកសាងសង្គមស៊ីវិល័យមួយនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ