រាជធានីភ្នំពេញ ៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ
(ដីឥដ្ឋ-ថ្មគរ) កំពុងដំណើរការយ៉ាងស្វាហាប់ដោយសម្រេចបាន៥,៤០%ហើយ ។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/15f12c16971cb826cfd8e57e4d2af14c.jpg)
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២៥ថា បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង២៧១ម៉ែត្រ ស្មើនឹង៥១% (ប្រវែងសរុប៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារគ្រឿងចក្រ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/56e2726dcd498df82cde8b12a1b4c864.jpg)
អ្នកនាំពាក្យបានលើកឡើងថា ការសាងសង់ស្ពានដែកជាបណ្តោះអាសន្ននេះ គឺជាផ្នែកដ៏សំខាន់ សម្រាប់ឆ្លងកាត់ដាក់គ្រឿងចក្រ ដើម្បីខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី ។ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)សម្រេចបាន៥,៤០%ហើយ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/d631c223eb5fd2730e9126ca4204d363.jpg)
គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/72c3e38c5546bd0b818d5207908edf00.jpg)
ជាមួយគ្នានោះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង ៕
ចែករំលែកព័តមាននេះ