ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បន្តទុកទៀត​ទេ​! បង្ក្រាប​ទីតាំង​សិប្បកម្ម​​ផលិតកាំបិត​-​ដាវ​បង្ហោះ​តាម​ហ្វេ​ស​បុក

11 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាម​គោល​ការណ៍​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ ។ កម្លាំង​របស់​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ដាវ កាំបិត ពូថៅ…

ខេត្ត​ត្បូងឃ្មុំ ៖ ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាម​គោល​ការណ៍​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​របស់​ក្រសួងមហាផ្ទៃ ។ កម្លាំង​របស់​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ផលិត​ដាវ កាំបិត ពូថៅ ដែល​បង្ហោះ​ឡាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង tik tok ក្នុង​ប្រតិបត្តិការ​នេះ បាន​ឃាត់​មនុស្ស​ចំនួន​ពីរ​នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ ។

លោក​ឧត្តមសេនីយ៍ត្រី ចក់ សុខ​កៅ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង កាលពី​យប់​ថ្ងៃ​ទី​១០​កុម្ភៈ ថា ដោយសារ​តែ​ឃើញ​ក្រុម​ផលិត​ដាវ​ធ្វើ​សកម្មភាព​បង្ហោះ​ផ្សព្វផ្សាយ​លក់​តាម​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​កម្លាំង​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​តាមដាន​ឃើញ​ព្រោះ​ទ​ង្វើ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ព្រោះថា​ការ​ផលិត​ឧបករណ៍​ទាំងនេះ គឺ​សម្រាប់​បម្រើ​ឲ្យ​កាប់​ប្រហារ​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស ទើប​កម្លាំង​សមត្ថកិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ចុះ​បង្ក្រាប​ទីតាំង​ផលិត​នេះ​តែ​ម្ដង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​ក្រុមការងារ HOT-LINE SCAM24/7 របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ធ្វើ​កាំបិត ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម Live Facebook -TikTok លក់​កាំបិត​ដាវ​ដែល​ជា​អាវុធ​ប្រហារ មួយ​កន្លែង​នៅ​ភូមិ​ទួល​សំបូរ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ១-​ឈ្មោះ សា សូ​ទី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (​មេជាង​) ២-​ឈ្មោះ អិន ប្រុស​ទូច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (​កូនជាង​)​។

បច្ចុប្បន្ន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន កាំបិត បុ័ងតោ ចំនួន​៣​ដើម ,​កាំបិត​ស្នៀត ចំនួន​៧​ដើម ដាវ​វែង​ចំនួន​៣​ដើម ,​ដាវ​ខ្លី​ចំនួន​៦​ដើម , ពូថៅ ចំនួន​២​ដើម ,​កាំបិត​ផ្គាក់​ដង​វែង​ចំនួន​៣​ដើម , កាំបិត​ផ្គាក់​ដង​ខ្លី​ចំនួន​១​ដើម ,​កាំបិត​ខ្វែវ ចំនួន​២​ដើម ,​ស្រោមដាវ​ធ្វើ​អំពី​ឈើ​ចំនួន ៤ , ស្រោម​កាំបិត​បុ័ងតោ​ធ្វើ​ពី​ឈើ​ចំនួន​១ ,​ស្រា​ម​កាំបិត​ធ្វើ​ពី​ក្រណាត់ ចំនួន​៣ ,​ឧបករណ៍​សម្រាប់​កែ​ឆ្នៃ​កាំបិត​ចំនួន​៥ និង​ម៉ូ​ទ័​រ​ចំនួន​៥ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​បន្ត​។

ហើយ​នេះ​ក៏​អាច​ចាត់ទុកជា​ប្រតិបត្តិការ​ក្តៅ​លើក​ដំបូង​នៅ​លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​និង​បន្ត​ស៊ើបអង្កេត​មើល​កន្លែង​ផ្សេង​ទៀត បើ​ក្នុង​ករណី​មាន​ផល​ប៉ះពាល់​និង​ចុះ​បង្ក្រាប ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​មូលដ្ឋាន ។

ប្រភពព័ត៌មានទទួលបាន​ចុងក្រោយឱ្យ​ដឹងថា ​បុរសជនជាតិ​ខ្មែរស្លាមទាំង​ពីរនាក់ ត្រូវ​បាន​ដោះ​លែង​​ឲ្យត្រឡប់​ទៅផ្ទះវិញហើយ ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ