ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា លើកទឹកចិត្ត​ឱ្យ​ក្រុម​អតីត​និស្សិតកម្ពុជា និង​ហ្វី​លី​ពី​ន ចេញពី​បណ្ឌិត្យសភា​យោធា West Point ដូចគ្នា ចង​ភ្ជាប់​ទំនាក់ទំនងគ្នា

20 ម៉ោង មុន

ប្រទេស​ហ្វី​លី​ពី​ន ៖ នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ…

ប្រទេស​ហ្វី​លី​ពី​ន ៖ នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ក្រុម​អតីត​និស្សិត​ពី​សាលា​បណ្ឌិត្យសភា​យោធា West Point នៃ​ប្រទេស​ហ្វី​លី​ពី​ន ដែល​ដឹកនាំ​ដោយ លោក Cris Acosta អតីត​និស្សិត​ក្នុង​ឆ្នាំ​សិក្សា​១៩៨២ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ពី​ថ្ងៃ​ទី​១០-១១ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

ក្នុង​ឱកាស​ នៃ​ជំនួបលោក Cris Acosta តំណាង​ក្រុម​អតីត​និស្សិត ​នៃ​សាលា​បណ្ឌិត្យសភា​យោធា West Point បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិ​បតី​ ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និង​ក្រុម​អតីត​និស្សិត​សាលា West Point បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​បាន​គោរព​ជូនពរ​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​បវរ​ធិ​បតី​នា​ពេល​នេះ ទទួល​បាន​ជោគជ័យ ។

ជាមួយ​គ្នា​នោះ លោក Cris Acosta ក៏​ដូច​ជា​ក្រុម​និស្សិត​សាលា West Point ក៏​បាន​រំឭក​ឡើង​វិញ​អំពី​បទ​ពិសោធន៍ និង​អនុស្សាវរីយ៍​ជា​ច្រើន​ជូន​សម្ដេច​បវរ​ធិ​បតី​ក្នុងអំឡុងពេល​សិក្សា​នៅ​សាលា West Point ។ លោក Cris Acosta ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ផង​ដែរ​ថា លោក និង​ក្រុម​អតីត​និស្សិត West Point ផ្សេង​ទៀត ​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ។

ជា​ការ​ឆ្លើយ​តប​សម្ដេច​បវរ​ធិ​បតី បាន​សម្ដែង​ នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​លោក​ Cris Acosta និង​ក្រុម​អតីត​និស្សិត​សាលា West Point ។ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​ចែករំលែក និង​លើក​ឡើង​ពី​បទ​ពិសោធ​នៃ​ការ​សិក្សា ក៏​ដូច​ជា​អនុស្សាវរីយ៍​នានា​ជា​ច្រើន​របស់​សម្ដេច​បវរ​ធិ​បតី នៅ​ក្នុងអំឡុងពេល​នៃ​ការ​សិក្សា​នៅ​សាលា West Point ។

សម្ដេច​បវរ​ធិ​បតី បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុម​អតីត​និស្សិត​ហ្វី​លី​ពី​ន ពីសា​លា​West Point ក្នុង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​សម្ដេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ដល់​លោក Cris Acosta និង​ក្រុម​អតីត​និស្សិត បង្កើត​ទំនាក់ទំនង​ឱ្យ​ជិត​ស្និ​ទ្ន​ជាមួយ​ក្រុម​អតីត​និស្សិត​សាលា West Point របស់​កម្ពុជា ក៏​ដូច​ជា ក្រុម​អតីត​និស្សិត​នៃ​បណ្តា​ប្រទេស​អាស៊ី​អ​គ្នេ​យ៍​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ