រាជធានីភ្នំពេញ ៖ យុវជន០៣នាក់ បើករថយន្តបុករះ ម៉ូតូ និងកង់បីឥណ្ឌា រួចបើករត់ពីផ្លូវត្រឡោកបែក រហូតមកដល់ខាងក្រោយវត្តមង្គលវ័ន ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿង ទើបកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ឃាត់បាន ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៥០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខាងក្រោយវត្តមង្គលវ័ន តាមបណ្តោយផ្លូវលេខ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទួលគោក បានអោយដឹងថា រូបគាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រុស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6615 បើកបរតាមបណ្តោយផ្លូវលេខ៦០៨ ឆ្ពោះទៅផ្លូវត្រឡោកបែក ខណៈបើកទៅដល់ផ្លូវលេខ៥៩៨ (ផ្លូវ ត្រឡោកបែក) ក៏ស្រាប់តែបុករះម៉ូតូ និងម៉ូតូកង់បីពីក្រោយ តែមិនបង្កអោយនរណារបួសនោះទេ ប៉ុន្តែរថយន្តបានព្យាយាម បើករត់គេច។ ទើបភ្លាមៗនោះ គាត់បានជិះដេញ គោលបំណងដើម្បីអោយរថយន្តឈប់ដោះស្រាយ តែរថយន្តមិនព្រមឈប់ទេ បែរជាន់ហ្គែរបន្ថែមល្បឿនបើកគេចរហូតមកដល់ក្បែររបងវត្តមង្គលវ័ន លើផ្លូវលេខ១០៩ បានទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលអោយម៉ូតូកៀបជាប់ជាមួយកាងរថយន្តខាងមុខ ធ្វើអោយទៅមុខលែងរួច ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់បានយុវជនទាំង០៣នាក់ តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌ៧មករា បានមកដល់ចំណុចគ្រោះថ្នាក់ ធ្វើការឃាត់យុវជនទាំង០៣នាក់ រួមនឹងរថយន្តបង្ក ប្រគល់អោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក យកទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕




ចែករំលែកព័តមាននេះ