ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីនឹងបើកជើងហោះហើរត្រង់ផ្ទាល់មកកម្ពុជា

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រុ​ស្ស៊ី​នឹង​បើក​ជើងហោះហើរ​ត្រង់​ផ្ទាល់​មក​កម្ពុជា នៅ​ពេល​ដែល​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កម្ពុជា​ថ្មី​បើក​ដំណើរការ​ផ្លូវការ ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ។ នៅ​ក្នុង​ជំនួប​ជាមួយ​សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី…

រាជធានី​ភ្នំពេញ ៖ រុ​ស្ស៊ី​នឹង​បើក​ជើងហោះហើរ​ត្រង់​ផ្ទាល់​មក​កម្ពុជា នៅ​ពេល​ដែល​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​កម្ពុជា​ថ្មី​បើក​ដំណើរការ​ផ្លូវការ ។ នេះ​បើ​តាម​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​ជាមួយ​សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន​រដ្ឋសភា ឯកឧត្តម អាណា​តូ​លី បូ​រ៉ូ​វី​ក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ថ្មី​របស់​កម្ពុជា​ដាក់​ដំណើរការ​នោះ​រុ​ស្ស៊ី​នឹង​ធ្វើការ​បើក​ជើងហោះហើរ​ត្រង់​ផ្ទាល់​មក​កម្ពុជា​តែ​ម្តង ។ ហើយ​ការ​ហោះហើរ​នឹង​មាន​កាន់តែ​ងាយស្រួល ពិសេស​នោះ​ធ្វើការ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឲ្យ​កាន់​ច្រើន ។

ការ​បើក​ជើងហោះហើរ​នេះ បន្ទាប់​ពី​សម្តេច​ប្រធានរដ្ឋសភា​បាន​ស្នើ​ដល់​ប្រទេស​រុ​ស្ស៊ី ពិនិត្យ​លទ្ធភាព​នៅ​ក្នុង​ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន ជា​ពិសេស​ការ​ពង្រីក វិស័យ​ទេសចរណ៍ ដែល​ប្រទេស​ទាំង​ពីរ​មាន​សក្តានុពល​ដូច​ៗ​គ្នា ។

សម្តេច​ក៏​បាន​ស្នើ​ឯកអគ្គរដ្ឋទូត ជួយ​ផ្តល់​ការ​បណ្តុះបណ្តាល ឬ​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ក្នុង​ការ​កសាង​ធនធានមនុស្ស​ចូលរួម​លើកកម្ពស់​ស្ថាប័ន​រដ្ឋសភា​ក្លាយជា​សភា​ឌី​ជី​ថ​ល​ផង​ដែរ ។

សម្តេច​ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា ៖«​រុ​ស្ស៊ី​បាន​ឈានមុខ​គេ​ជួយ​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ។ មក​ដល់​ពេល​នេះ មាន​និស្សិត​កម្ពុជា​ប្រមាណ​៨​ពាន់​នាក់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ហើយ​អតីត​និស្សិត​ខ្មែរ​ដែល​បាន​សិក្សា​នៅ​រុ​ស្ស៊ី​បាន​ក្លាយជា​ធនធាន​ដ៏​សំខាន់ និង​មួយ​ចំនួន​ជា​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​តាម​ចក្ខុវិស័យ​មោះមុត វែង​ឆ្ងាយ ច្បាស់លាស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​បន្តវេន ដឹកនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​នាំ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០» ។

ឯកឧត្តម អាណា​តូ​លី បូ​រ៉ូ​វី​ក ក៏​បាន​ឲ្យ​ដឹង​ថា ក្រោយ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​កម្ពុជា និង​រុ​ស្ស៊ី គួរ​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​គ្នា​ឡើង​វិញ​នៅ​លើ​គ្រប់​វិស័យ ។ នៅ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​សភា និង​សភា ឯកឧត្តម​ប្រធាន​សភា​ឌូ​ម៉ា​រុ​ស្ស៊ី គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ កម្ពុជា ក្នុង​ពេល​ខាង​មុខ ។

ចំណែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិញ​គណៈ​កម្ម ការ​ចម្រុះ​លើ​ការងារ​ពាណិជ្ជកម្ម​គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុងឆ្នាំនេះ ដើម្បី​លើកកម្ពស់​ទំហំ ពាណិជ្ជកម្ម​កម្ពុជា​-​រុ​ស្ស៊ី ។ លើ​វិស័យ​អប់រំ​វិញ​នៅ​ឆ្នាំ​២០២៥​នេះ រុ​ស្ស៊ី​បាន​ផ្តល់​អាហារូបករណ៍ ៥៥​កន្លែង​ដល់​និស្សិត​កម្ពុជា ដើម្បី​បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​គាំទ្រ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត និង​បាន​ចាត់​ទុក​ថា បេសកកម្ម​ការទូត​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅ​កម្ពុជា ពិតជា​មាន​សារសំខាន់ មិន​ត្រឹមតែ​រួមចំណែក​ដល់​ការ​ពង្រឹង ពង្រីក​ទំនាក់ទំនង ចំណងមិត្ដភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួមចំណែក​ដល់​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់ និង​សកលលោក​ថែម​ទៀត​ផង ។

សម្តេច​ប្រធានរដ្ឋសភា​បាន​បញ្ជាក់​ថា ៖«​រុ​ស្ស៊ី​បាន​ឈានមុខ​គេ​ជួយ​កម្ពុជា​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ។ មក​ដល់​ពេល​នេះ មាន​និស្សិត​កម្ពុជា​ប្រមាណ​៨​ពាន់​នាក់​បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុ​ស្ស៊ី ហើយ​អតីត​និស្សិត​ខ្មែរ​ដែល​បាន​សិក្សា​នៅ​រុ​ស្ស៊ី​បាន​ក្លាយជា​ធនធាន​ដ៏​សំខាន់ និង​មួយ​ចំនួន​ជា​ឥស្សរជន​ជា​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ