ទីក្រុងបាងកក៖ នយោបាយផ្ដាច់ជំនួយរបស់លោកត្រាំចាប់ផ្ដើមជះឥទ្ធិពលអាក្រក់ទៅលើពិភពលោកជាបណ្ដើរៗហើយដោយសារអង្គការនានាដែលធ្លាប់ទទួលបានជំនួយពីទីភ្នាក់ងារយូអែសអេអាយឌី (USAID) គ្មានថវិកាសម្រាប់ប្រើប្រាស់ជាបន្តទៀតទេ ហើយត្រូវតែកាត់រំសាយការងាររបស់ខ្លួន។ ចំណែកអ្នកជំងឺដែលធ្លាប់ទទួលបានសេវាថែទាំសុខភាពក៏ត្រូវរស់ទៅតាមយថាកម្មផងដែរ។

ថ្មីៗនេះ គេទទួលដំណឹងថាជនភៀសខ្លួនភូមាម្នាក់ដែលស្នាក់នៅក្នុងជំរំបណ្ដោះអាសន្ននៃប្រទេសថៃនោះបានស្លាប់ហើយបន្ទាប់ពីស្ត្រីរូបនោះត្រូវគ្មានជម្រើសអ្វីក្រៅពីចាកចេញពីមន្ទីរពេទ្យដែលស្ថិតនៅជាប់នឹងព្រំដែនថៃ-ភូមា។ មន្ទីរពេទ្យនេះត្រូវអាជ្ញាធរថៃបញ្ជាឱ្យបិទទ្វារបន្ទាប់ពីលោកត្រាំសម្រេចចិត្តផ្អិបទុកជំនួយបរទេសទូទាំងពិភពលោករយៈពេល៩០ថ្ងៃ។

អ្នកស្រីផេខា (Pe Kha) អាយុ៧១ឆ្នាំមានជំងឺសួតធ្ងន់ធ្ងរ និងបានស្លាប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីគាត់ដកដង្ហើមផុតៗរយៈពេលបួនថ្ងៃក្រោយពេលបញ្ជូនទៅផ្ទះរបស់គាត់វិញព្រោះមន្ទីរពេទ្យដែលផ្ដល់ជំនួយដោយអាមេរិក និងអនុវត្តគម្រោងដោយគណៈកម្មការជួយសង្គ្រោះអន្តរជាតិ អាយអ័រស៊ី (IRC) អស់លទ្ធភាពជួយអ្នកស្រីតទៅទៀតហើយ។

ចាប់តាំងពីចុងខែមករា អាយអ័រស៊ីចាប់ផ្ដើមបិទមន្ទីរពេទ្យជាបណ្ដើរៗនៅតាមជំរំជនភៀសខ្លួនទូទាំងពិភពលោក។ អង្គការនេះទទួលលិខិតរំលឹក (memo) ពីក្រសួងការបរទេសអាមេរិកថាត្រូវតែបញ្ចប់ការងាររបស់ខ្លួន។ អ្នកនាំពាក្យអាយអ័រស៊ីថ្លែងថាដំណឹងមរណភាពនេះជាព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្ដាយ។ ខ្លួនសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះ។ អ្នកសារព័ត៌មានព្យាយាមទាក់ទងទៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក។ ប៉ុន្តែគ្មានការឆ្លើយតបទេ។

ក្រោយពេលលោកត្រាំបញ្ជាឱ្យផ្អិបទុកជំនួយ៩០ថ្ងៃ អាមេរិកសម្រេចចិត្តឈប់ផ្ដល់ជំនួយស្ទើរតែទាំងស្រុង មិនថាជំនួយនោះសំខាន់ប៉ុណ្ណាទេ។ ជាក់ស្ដែងសូម្បីតែមណ្ឌលសុខភាពដែលជាវិស័យដ៏សំខាន់ក្នុងការទ្រទ្រង់ជីវិតមនុស្សក៏លែងទទួលបានជំនួយដែរ។ ឥឡូវនេះ ទីភ្នាក់ងារផ្ដល់ជំនួយរបស់អាមេរិកយូអែសអាយឌី (USAID) ក៏មិនទាន់ដឹងថានឹងមានជោគវាសនាយ៉ាងណាទេខណៈដែលលោកត្រាំ និងលោកអ៊ីឡនម៉ាស់កំពុងរៀបចំនីតិវិធីដើម្បីបិទទីភ្នាក់ងារនេះតែម្ដង។

ជំរំជនភៀសខ្លួនអ៊ុមភៀមម៉ៃ (Umpiem Mai) ជាតំបន់ដាច់ស្រយាលនៅលើភ្នំសម្រាប់ទទួលជនភៀសខ្លួនការ៉េន (Karen) ដែលគេចចេញពីការប្រយុទ្ធគ្នារវាងពួកឧទ្ទាម និងរបបសឹកភូមា។ សង្គ្រាមស៊ីវិលនៅភូមាកើតឡើងជាលក្ខណៈរ៉ាំរ៉ៃជាយូរមកហើយ។ ប៉ុន្តែសង្គ្រាមនេះផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០២១។ អង្គការសហប្រជាជាតិអះអាងថាជនស៊ីវិលជាង៣,៥លាននាក់បានផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេសភូមាផ្ទាល់ និងចាកចេញទៅជ្រកកោននៅប្រទេសដទៃ។

ក្រុមគ្រួសារប្រាប់ថាស្ត្រីឈ្មោះផេខា (Pe Kha) បានចូលសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពនៃជំរំនេះរយៈពេលបីឆ្នាំមកហើយ ហើយរស់ពឹងលើការដកដង្ហើមតាមបំពង់អុកស៊ីហ្សែនតាំងពីពេលនោះមក។ មន្ត្រីសុខាភិបាលថៃថ្នាក់មូលដ្ឋានដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាមុនពេលបិទដំណើរការមណ្ឌលសុខភាពនេះ អង្គការបានចែករំលែកបំពង់អុកស៊ីហ្សែនទៅឱ្យអ្នកជំងឺដែរ។ ប៉ុន្តែបានត្រឹមតែម្នាក់បន្តិចៗតែប៉ុណ្ណោះ។ ដូច្នេះ ឃើញថាមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតរស់នៅទេ៕
ចែករំលែកព័តមាននេះ