ទីក្រុងព្យុងយ៉ាង៖ ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ប្រកាសថារដ្ឋាភិបាលរបស់លោកត្រូវតែខិតខំអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរជាបន្តទៀត។ លោករិះគន់ខ្លាំងៗដោយឥតសំចៃមាត់ចំពោះការចងសម្ព័ន្ធភាពត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលធ្វើឱ្យឡើងកម្ដៅនយោបាយកាន់តែខ្លាំងឡើងៗ។ ដូច្នេះ លោកបង្កើតភាពសមហេតុផលសម្រាប់ទង្វើរបស់ខ្លួន (justify) ថាត្រូវតែចាត់វិធានការវាយបកវិញតាមគ្រប់រូបភាពទាំងអស់រួមទាំងការផលិតគ្រាប់បែកនុយក្លេអ៊ែរផងដែរ។

លោកគីមថ្លែងថាការដែលអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ (សំដៅលើនុយក្លេអ៊ែរខ្នាតធំ – strategic) រួមទាំងការធ្វើសមយុទ្ធយោធា និងការបង្កើតសម្ព័ន្ធភាពយោធាជាមួយជប៉ុន និងកូរ៉េខាងត្បូងនោះមានន័យថាជាការធ្វើឱ្យបាត់បង់តុល្យភាពនៅក្នុងតំបន់។ មិនតែប៉ុណ្ណោះបង្កជាបញ្ហាធ្ងន់ធ្ងរចំពោះសន្តិសុខជាតិ។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង ខេស៊ីអឹនអេ (KCNA)។

ទូរទស្សន៍ដដែលនេះបានដកស្រង់សម្ដីរបស់លោកគីមមកផ្សាយថា «កូរ៉េខាងជើងមិនចង់ឃើញសភាពការណ៍នៅក្នុងតំបន់កាន់តែតានតឹងនោះទេ។ ប៉ុន្តែកូរ៉េខាងជើងត្រូវតែត្រៀមចាត់វិធានការទប់ទល់ជានិច្ចដើម្បីធានាតុល្យភាពយោធានៅក្នុងតំបន់»។ គួរកត់សម្គាល់ថាការថ្លែងដូច្នេះ១ថ្ងៃបន្ទាប់ពីលោកត្រាំនៅក្នុងកិច្ចជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃសុក្រ លោកបានសន្យាថានឹងជជែកគ្នាជាមួយកូរ៉េខាងជើង។ ថ្នាក់ដឹកនាំទាំង២ក៏ខ្វាយខ្វល់អំពីកម្មវិធីនុយក្លេអ៊ែរផងដែរ។

ប៉ុន្តែលើកនេះ លោកគីមបញ្ជាក់ច្បាស់ៗម្ដងទៀតថាខ្លួននៅតែប្រកាន់យកគោលនយោបាយដដែលដោយឥតកែប្រែជាដាច់ខាត។ នោះគឺការអភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យកាន់តែទំនើប។ លោកគីមក៏ឆ្លៀតនិយាយពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនផងដែរ។ លោកថាកងទ័ព និងប្រជាជនកូរ៉េខាងជើងបន្តគាំទ្រ និងលើកទឹកចិត្តបុព្វហេតុដ៏ត្រឹមត្រូវរបស់រុស្ស៊ីក្នុងការការពារអធិបតេយ្យភាពជាតិ, សន្តិសុខជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

កូរ៉េខាងជើងនៅតែលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការជួយគ្នាទៅវិញទៅមកដូចដែលមានចែងនៅក្នុងសន្ធិសញ្ញារួមគ្នារវាងរុស្ស៊ី និងកូរ៉េខាងជើង។ កាលពីខែមករា ឆ្នាំ២០២៥ ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងអះអាងថារបបក្រុងព្យុងយ៉ាងត្រៀមបញ្ជូនកងទ័ពទៅប្រទេសរុស្ស៊ីថែមទៀតពីលើកងទ័ព១១០០០នាក់ដែលបានបញ្ជូនទៅកាលពីវគ្គមុន។

ទូរទស្សន៍កូរ៉េខាងជើងក៏បានផ្សព្វផ្សាយបទវិចារណកថានយោបាយដែលរិះគន់ខ្លាំងៗចំពោះសកម្មភាពយោធារបស់កូរ៉េខាងត្បូង និងអាមេរិកនៅឆ្នាំនេះ។ វិចារណកថានោះព្រមានថាទង្វើដ៏គឃ្លើននឹងទទួលរងនូវផលវិបាកដ៏ចុកចាប់ជាមិនខាន។ «នរណាក៏អាចទស្សន៍ទាយដឹងដោយងាយថាពួកគេធ្វើសមយុទ្ធយោធាកាន់តែខ្លាំងជាងពេលណាទាំងអស់ ខណៈដែលផ្នែកការទូតនិយាយគ្នាស្ដាប់លែងបានតទៅទៀតហើយដោយសារសភាពការណ៍នយោបាយកំពុងជ្រួលច្របល់៕
ចែករំលែកព័តមាននេះ