ទីក្រុងយេរូសាឡឹម៖ ថ្មីៗនេះ ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ដែលមើលទៅសភាពរាងកាយរបស់ពួកគេពោរពេញដោយភាពគួរឱ្យស្លុតចិត្តណាស់។ រូបរាងកាយស្គាំងស្គមសល់តែស្បែកដណ្ដប់ឆ្អឹងអាចមកពីគ្មានអាហារបរិភោគគ្រប់គ្រាន់។ នេះមិនទាន់គិតទៅដល់សុខភាពផ្លូវចិត្តរបស់ពួកគេមិនដឹងថាតើពួកគេទទួលរងការប៉ះពាល់កម្រិតណាទេ។

ធម្មតា មនុស្សដែលស្ថិតនៅក្នុងភាពជាចំណាប់ខ្មាំងតែងតែមានអារម្មណ៍ភិតភ័យជាប់ជាប្រចាំព្រោះមិនថាគេដោះលែងដែរឬទេ និងមិនដឹងថាតើរស់ ឬស្លាប់។ បុរសទាំងបីនាក់ដែលត្រូវបានដោះលែងនោះមានរូបរាងស្គមស្គាំង, ស្លេកស្លាំង និងអស់កម្លាំងល្ហិតល្ហៃខ្លាំងណាស់បើប្រៀបធៀបជាមួយចំណាប់ខ្មាំង១៨នាក់ដែលដោះលែងកាលពីខែមករា។

នៅក្នុងការបង្ហាញរបស់ក្រុមហាម៉ាស់ គេឃើញក្រុមយុទ្ធជនជាច្រើននាក់បានដាក់ពង្រាយកម្លាំងនៅតំបន់ហ្កាហ្សាភាគកណ្ដាល។ នោះជាផ្នែក១នៃព្រឹត្តិការណ៍ប្រគល់ចំណាប់ខ្មាំងទៅឱ្យកាកបាទក្រហាមអន្តរជាតិ។ ក្រោយមកកាកបាទក្រហមដឹកចំណាប់ខ្មាំងប្រគល់ទៅឱ្យអ៊ីស្រាអែល។ ក្រុមគ្រួសាររបស់ពួកគេសប្បាយចិត្តដល់ថ្នាក់ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ក៏សម្ដែងការតក់ស្លុតផងដែរនៅពេលមើលឃើញរូបរាងស្គមស្គាំងហួសប្រមាណនៃចំណាប់ខ្មាំងទាំងនេះ។ លោកថ្លែងថារឿងនេះត្រូវតែយកទៅនិយាយគ្នាជាមួយក្រុមហាម៉ាស់ហើយទើបបាន។ ដោយឡែក ប្រធានាធិបតីអ៊ីស្រាអែលចាត់ទុកទិដ្ឋភាពនៃការប្រគល់ចំណាប់ខ្មាំងនោះហាក់ដូចជាគ្មានខ្វល់ពីអ្នកដទៃ ហើយពោរពេញដោយភាពពិសពុល។ លោកចាត់ទុកទិដ្ឋភាពនេះប្រៀបបាននឹងអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។

ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងទាំងបីនាក់នោះ អ៊ីស្រាអែលបានដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីន១៨៣នាក់ដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល។ ហ្វូងមនុស្សនៅតំបន់ហ្កាហ្សាក៏សប្បាយរីករាយសម្បើមណាស់ដែរនឹងការដោះលែងអ្នកទោសទាំងនេះ។ នៅក្នុងចំណោមនោះ ទណ្ឌិត១៨នាក់ត្រូវតុលាការអ៊ីស្រាអែលកាត់ទោសឱ្យជាប់ពន្ធនាការមួយជីវិត៕
ចែករំលែកព័តមាននេះ