រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩%ហើយ។
បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
អ្នកនាំពាក្យបានលើកឡើងថាបច្ចុប្បន្នការងារសម្រេចបាន៖ ១-ផ្នែកគ្រឺះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២-រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសរសរស្ពាន១២ សម្រេចបានចំនួន៦សរសរ សរសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
អ្នកនាំពាក្យបានបន្ថែមថា នៅដើមឆ្នាំ២០២៥ នេះ កំពុងរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេ។ រយៈពេលសាងសង់គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/073d5439f14e7271a6161f9bd4e9e048.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/435b5095aa292b4cf7e3b0fd827285e3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f97db61c0c34dc261ae2ed533a2f632c.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/2460af475c706cdfdc52455f4a9def13.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/46bf1350d45d49761babe9b530b5fac3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/3ef442694ab486c80638293b91a13263.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/713e44c65931992d922cfa07f322c8bf.jpg)
ចែករំលែកព័តមាននេះ