ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយក្រុមការងារ HOT-LINE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្មធ្វើកាំបិត ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក លក់កាំបិត ដាវ ដែលជាអាវុធប្រហារ ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ទីតាំងសិប្បកម្មនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស២នាក់ រួមមាន ៖
១-ឈ្មោះ សា សូទី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (មេជាង)
២-ឈ្មោះ អិន ប្រុសទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម (កូនជាង) ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អោយដឹងបន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖
-កាំបិត បុ័ងតោ ចំនួន៣ដើម
-កាំបិតស្នៀត ចំនួន៧ដើម
-ដាវវែង ចំនួន៣ដើម
-ដាវខ្លី ចំនួន៦ដើម
-ពូថៅ ចំនួន២ដើម
-កាំបិតផ្គាក់ដងវែង ចំនួន៣ដើម
-កាំបិតផ្គាក់ដងខ្លី ចំនួន១ដើម
-កាំបិតខ្វែវ ចំនួន២ដើម
-ស្រោមដាវធ្វើអំពីឈើចំនួន ៤
-ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១
-ស្រោមកាំបិតធ្វើពីក្រណាត់ ចំនួន៣
-ឧបករណ៍សម្រាប់កែច្នៃកាំបិតចំនួន៥
-និងម៉ូទ័រ ចំនួន៥ ។
នគរបាលស្រុកតំបែរ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការបន្ត ។
ជាមួយគ្ននេះដែរ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ម្ចាស់ទីតាំងផលិតកាំបិត ដាវ ចំពុះទង់ ស្នាប់ដៃ។ល។ គ្រប់ប្រភេទ ត្រូវសុំច្បាប់អនុញ្ញាត។ ការផ្សព្វផ្សាយលក់ និងទទួលធ្វើតាមការបញ្ជាទិញ ទៅតាមបណ្តាញសង្គម ដែលប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ ។ ជនសង្ស័យទាំង២នាក់ខាងលើ ពួកគាត់បានផលិត និងលក់តាមការបញ្ជាទិញតាមអនឡាញ បានជាមធ្យម ចំនួន ៩០ដើម ក្នុងមួយខែ ហើយដាវ កាំបិត ដែលបានលក់ចេញទាំងអស់នេះ បើធ្លាក់ចូលក្នុងដៃក្មេងទំនើង ឬក្រុមទុច្ចរិតណាមួយ វានឹងបង្កឲ្យមានផលវិបាក ដល់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ