រាជធានីភ្នំពេញ ៖ ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងកម្ពុជា បានបន្តកើនឡើងក្នុងល្បឿនយឺតជាងមុន មានអត្រាកំណើនប្រមាណ៣ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារការងើបឡើងយឺតក្នុងវិស័យមួយចំនួន ខណៈប្រាក់បញ្ជើរបន្តកើនឡើងល្អ ដោយមាន អត្រាកំណើនជាង១៦ភាគរយ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញការផ្តល់ឥណទាន ធនាគារជាតិនៃកម្ពុជា បានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការ ជួយសម្រួលបន្ទុកអាជីវករ និងប្រជាជនដែលជួបបញ្ហាពិបាកលើផ្នែកហិរញ្ញវត្ថុ ដែលបញ្ហានេះធនាគារជាតិនៃកម្ពុជា បាបន្តអនុញ្ញាត្តិ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបពិភាគ្សាជាមួយអតិថិជន លើការកែប្រែលក្ខខណ្ឌសងត្រឡប់ប្រាក់កម្ចី។

លោកជំទាវបណ្ឌិតបន្តថា ជាក់ស្តែងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០២៤ នៅតែបន្ត កើនឡើងនៅក្នុងល្បឿនយឺតជាងមុន ដោយមានអត្រាកំណើនត្រឹម ៣ ភាគរយ ដែលជាអត្រាទាបនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលការថយចុះនេះដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។

លោកជំទាវបណ្ឌិត បញ្ជាក់ថា ទាក់ទិននិងកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា៖ វិស័យ សំណង់ និងអចលនទ្រព្យ, ទេសចរណ៍ និងលក់ដុណនិងរាយជាដើម ដែលជាកត្តានាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ។ ចំណែកការផ្គត់ ផ្គង់, ដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និង ពិភពលោកមិនមានភាពប្រាដប្រជា។

សូមបញ្ចាក់ថា បញ្ហានេះធនាគារជាតិនៃកម្ពុជាបានតាមដានជាប្រចាំ នៅការវិវត្តន៍នៃឥណទានមិនដំណើរការ ។ តែទោះបីយ៉ាងណា ប្រាក់បញ្ជើរបានបន្តកំណើនកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣ ភាគរយ ជាមួយស្ថានភាពរឹងមាំ និងដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដោយបានបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ជាមួយជំនឿទុកចិត្តរឹងមាំ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ