ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន័​រវេ​ស ចាត់​ទុក​កម្ពុជា​ គឺជា​តួអង្គ​មួយ​ដ៏​សំខាន់​សម្រាប់​អនុសញ្ញា​អូ​តា​វ៉ា

12 ម៉ោង មុន

ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ ៖ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី…

ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ ៖ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ជួប​ទ្វេភាគី​ជាមួយ លោកស្រី Anne Karine Jahren ទីប្រឹក្សា​ជាន់ខ្ពស់​ទទួល​បន្ទុក​គោលនយោបាយ​មនុស្សធម៌ នៃ​ក្រសួងការបរទេស​ន័​រវេ​ស​ ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ន័​រវេ​ស សម្រាប់​ការ​គាំទ្រ​សកម្មភាព​មីន​នៅ​កម្ពុជា ជា​ពិសេស​ជួយ​ដល់​ការ​ស្រេច​បាន​ខេត្ត​កែប ដែល​ជា​ខេត្ត​ដំបូង​ប្រកាស​អស់​មីន​។ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ប្រទេស​ន័​រវេ​ស និង​អង្គការ​ជំនួយ ​នៃ​ប្រជាពលរដ្ឋ​ន័​រវេ​ស្សន៍ (NPA) គឺជា​មិត្ត​ពិតប្រាកដ និង​ជា​ដៃគូ​យូរអង្វែង​របស់​កម្ពុជា ក្នុង​ការ​ទទួល​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​សម្រាប់​វិស័យ​សកម្មភាព​មីន​ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី លី ធុ​ជ បញ្ជាក់​ទៀត​ថា ក្រៅពី​សមិទ្ធផល​ក្នុង​ប្រទេស កម្ពុជា ក៏​បាន​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​មីន​សាកល តាម​រយៈ​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ជំនាញ ទៅ​កាន់​ប្រទេស​រង​គ្រោះ​ផ្សេង​ទៀត ជាក់ស្តែង​មាន​កូ​ឡុំ​ប៊ី និង​អ៊ុយ​ក្រែ​ន ជាដើម​។ ជាមួយ​គ្នា​នោះ ឯកឧត្តម លី ធុ​ជ បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ន័​រវេ​ស​គាំទ្រ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​ចែករំលែក និង​ជួយ​ដល់​ប្រទេស​មាន​តម្រូវការ​ចាំបាច់​។

ឯកឧត្តម បន្ត​ទៀត​ថា ក្រោយ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង ៣០​ឆ្នាំ កម្ពុជា​បាន​ត្រៀម​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​សកម្មភាព​មីន ២០២៦-២០៣៥ ហើយ​កម្ពុជា​ប្តេជ្ញា​អនុវត្តន៍​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ស្រប​តាម​ផែនការ​សកម្មភាព​សៀមរាប​-​អង្គរ ឆ្នាំ​២០២៥-២០២៩​ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម លី ធុ​ជ ក៏​បាន​រៀបរាប់​អំពី​បញ្ហា​លំបាក​របស់​ប្រជាជន​តាម​បណ្តោយ​ព្រំដែន ដោយសារ​ការ​វាយប្រហារ​របស់​ថៃ រួម​មានការ​ប្រើ​គ្រាប់បែក​ចង្កោម ផ្សែង​ពុល ដែល​ទោះជា​បច្ចុប្បន្ន ក្រោយ​សង្គ្រាម​បាន​បញ្ចា​ប់ ប្រជាជន សត្វពាហនៈ បរិស្ថាន ប្រជាជន​នៅ​ភ័យ​ក្លាយ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ទាំងនោះ​។ ឯកឧត្តម បន្ត​ទៀត​ថា កម្ពុជា​ត្រូវ​រែកពន់​បន្ទុក​ដ៏​ធំ​បន្ថែម​ទៀត ពោល​គឺ​ការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ ពិសេស​គ្រាប់បែក​ចង្កោម ដើម្បី​ធានា​ថា​ប្រជាជន​ភៀសខ្លួន​ដែល​ត្រលប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ អាច​រស់នៅ និង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ប្រកបដោយ​សុវត្ថិភាព​ ។

លោកស្រី Anne Karine Jahren បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​សកម្មភាព​មីន​។ ន័​រវេ​ស ជា​ប្រទេស​ផ្តល់​ជំនួយ​មែនពិត តែ​ជោគជ័យ​សំខាន់ គឺ​ដោយសារ​ភាព​ជា​ម្ចាស់​របស់​កម្ពុជា ក្នុង​នោះ​ដែរ កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់គ្រង និង​សម្របសម្រួល​សកម្មភាព​មីន​ដ៏​រឹង​មាំ​។ លោកស្រី Anne Karine Jahren បន្ត​ទៀត​ថា កម្ពុជា គឺជា​អ្នកត្រួសត្រាយ​ផ្លូវ​មួយ​ដ៏​សំខាន់​ក្នុង​គោលនយោបាយ​សកម្មភាព​មីន ហើយ​តាម​រយៈ​បទ​ពិសោធន៍ និង​សមិទ្ធផល​សកម្មភាព​មីន​កម្ពុជា កម្ពុជា​គឺជា​តួអង្គ​មួយ​ដ៏​សំខាន់​មួយ​សម្រាប់​អនុសញ្ញា​អូ​តា​វ៉ា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ