ខេត្តកំពង់ធំ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ស្ដីពីវិធានការម៉ឺងម៉ាត់ ក្នុងការការពារធនធានធម្មជាតិ ។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក ទី ថាវី អភិបាលរងស្រុកសណ្តាន់ផងដែរ ។ បានដឹកនាំកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងចម្រុះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានអនុវត្តការវាយកម្ទេចឡធ្យូងខុសច្បាប់ នៅឃុំមានឫទ្ធិ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា សកម្មភាពលួចកាប់បំផ្លាញព្រៃឈើ ដើម្បីយកមកដុតធ្វើធ្យូង តែងកើតមាននៅតំបន់មួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ បើទោះបីកន្លងមកសមត្ថកិច្ចជំនាញ និងកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានធ្វើការណែនាំ និងមានកិច្ចសន្យារួចហើយក៏ដោយក្តី តែក្រុមជនល្មើសមួយចំនួននៅតែបំពានធ្វើសកម្មភាពដោយខុសច្បាប់ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងចម្រុះ បានវាយបំផ្លាញចោលឡដុតធ្យូងខុសច្បាប់ចំនួនពីរទីតាំងដែលមានចំនួន៥ឡធ្យូង ស្ថិតនៅក្នុងឃុំមានរិទ្ធ និងឃុំសណ្ដាន់ ស្រុកសណ្ដាន់ដែលក្រុមជនល្មើសបានលួចកាប់ឈើចម្រុះដើម្បីដុតធ្វើធ្យូងជាការធ្វើអាជីវកម្មខុស ច្បាប់ ។

ឧត្តមសេនីយ៍ទោ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទមើលធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចជូនអាជ្ញាធរដែនដីស្រុកសណ្ដាន់ និងមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ ត្រូវរួមគ្នាជាមួយកងកម្លាំងចម្រុះការពារទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ត្រូវបន្តធ្វើសកម្មភាពអប់រំ នឹងវាយកម្ទេចឡដុតធ្យូងខុសច្បាប់ ដែលនៅមានសេសសល់ឲ្យអស់ ដើម្បីកុំឲ្យពួកគាត់លួចកាប់ឈើមកដុតធ្យូងលក់ធ្វើជាអាជីវកម្មបន្តទៀតបានជាដាច់ខាត ។

សកម្មភាពកាប់ឈើទាំងតូចទាំងធំដុតធ្វើធ្យូងលក់ ក្នុងព្រៃអភិរក្ស ដែលកើតមានយ៉ាងអនាធិប តេយ្យ ដោយគ្មានការបង្ក្រាប ឬបង្ក្រាបដែរតែយូរទើបធ្វើម្តង ។ កូនឈើប្រណីតដូចជា ផ្ចឹក សុក្រំ បេង ចំបក់ ឈើទាល និងនាងនួនជាដើម ដែលមានទំហំចាប់ពី១តឹកឡើងទៅ ត្រូវបានគេកាប់ដុតធ្វើធ្យូងដោយគ្មានការទប់ស្កាត់ ។ ការឆកល្វែងឱ្យមានអាជីវកម្មឡធ្យូងរាប់រយកន្លែងក្នុងព្រៃបែបនេះ គឺនាំឱ្យវិនាសហិនហោចព្រៃឈើដែលនៅសេសសល់ចុងក្រោយ បន្ទាប់ពីឈើមូលធំៗ ត្រូវគេកាប់ធ្វើអាជីវកម្មស្ទើរគ្មានសល់ ។

បើអាជ្ញាធរមិនទប់ស្កាត់អាជីវកម្មកាប់ឈើដុតធ្វើធ្យូងក្នុងព្រៃនេះទេ នោះកូនឈើប្រណីតដែលមានក្នុងព្រៃ នឹងប្រឈមការបាត់បង់ទាំងស្រុងនៅពេលអនាគត ។ ក្រុមពលរដ្ឋដែលបានបោះតង់ក្នុងព្រៃ កាប់ឈើដុតធ្វើធ្យូងលក់ជាច្រើនឆ្នាំមកហើយ បានបណ្ដាលឱ្យព្រៃបាត់បង់បន្តិចម្តងៗ ដូចជាកូនឈើគ្រប់ប្រភេទគឺ ផ្ចឹក សុក្រំ រាំង ហើយចំបក់ ឈើទាលគឺគេកាប់យកទៅធ្វើជាឡធ្យូង ចាប់ ពីទំហំប៉ុនកំភួនជើងទៅ តែនៅពេលអស់ឡធ្យូងហើយ ប្រហែលទាល់តែអស់ព្រៃឈើ ។ អស់ព្រៃឈើហើយបន្តកាប់រានទន្ទ្រានដីតំបន់ការពារលក់ជាបន្តបន្ទាប់ ។

មន្ត្រីក្រសួងបរិស្ថាននិយាយថា ក្រុមពលរដ្ឋពុំមានសិទ្ធិធ្វើអាជីវកម្មឡធ្យូងនៅក្នុងព្រៃការពារធម្មជាតិនោះទេ ព្រោះវាប៉ះពាល់ដល់តំបន់អភិរក្ស និងកូនឈើតូចៗ ។ លោកថា ពលរដ្ឋដែលដឹងរឿងរាវនេះ អាចរាយការណ៍ទៅមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ដើម្បីឱ្យមន្ត្រីជំនាញចាត់វិធានការរឿងនេះ ប្រសើរជាងផ្តល់ដំណឹងទៅប្រព័ន្ធផ្សព្វផ្សាយ ។
កន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំ តែងបានណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវអាជីវកម្មឡដុតធ្យូងខុសច្បាប់ ដើម្បីទប់ស្កាត់មហន្តរាយព្រៃឈើ និងថែរក្សាព្រៃឈើ ដែលនៅសល់ជាធនធានធម្មជាតិរបស់ប្រទេសជាតិ ។ សូមជម្រាបថា ប្រជាពលរដ្ឋបាននាំគ្នាប្រកបមុខរបរនេះជាយូរមកហើយ ដោយសារតែប្រជាពលរដ្ឋនៅទីនេះ ពុំមានមុខរបរអ្វីផ្សេងៗក្រៅពីដុតធ្យូងឡើយ ដែលជាមុខរបរអត់ដើមកាក់កប អាចរកចំណូលបានងាយ ។ សម្រាប់ទឹកប្រាក់ចំណូលសរុប ១.០០០ដុល្លារ ក្នុង១ឡ ឬច្រើនជាងនេះ ។
ចំណែកឈើព្រៃដែលទិញមកសម្រាប់ដុតធ្យូង ក្នុងមួយម៉ែត្រគូប មុននេះតម្លៃ ៤០.០០០រៀល ។
រីឯអុសចំបក់ ៨០.០០០រៀល ។ ក្នុងមួយឡដុតធ្យូង អាចដាក់អុសបាន ២០ទៅ២៥ម៉ែត្រគូប ហើយចំណែកឯរយៈពេលដុត ចាប់ពី២៥ ទៅ៣០ថ្ងៃ និងលក់ចេញឲ្យឈ្មួញកណ្តាល ក្នុងមួយគីឡូក្រាមតម្លៃ ៩០០រៀល ៕
ចែករំលែកព័តមាននេះ