ខេត្តកំពង់ឆ្នាំង ៖ មានករណីចរាចរណ៍រវាងរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ២គ្រឿង ប៉ះជាមួយម៉ូតូ១គ្រឿង បណ្ដាលឱ្យមានអ្នករងរបួសជាច្រើននាក់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។ ករណីនេះ នៅម៉ោងប្រមាណ៤និង៤០នាទីល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៤៨_៤៩ ស្ថិតក្នុងភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូដឹកប្រេង១គ្រឿងបានធ្លាយប្រេងនៅលើផ្លូវជាតិ ខណៈនោះ មានម៉ូតូ១គ្រឿងទៀតជិះតាមក្រោយ បណ្តាលអោយរអិលប្រេងនោះ ដួលកណ្តាលផ្លូវ ស្របពេលរថយន្តដឹកកម្មករកម្មការិនី មកដល់បានព្យាយាមចាប់ហ្វ្រាំងដែរ ប៉ុន្តែមិនជាប់ បានកិនពីលើម៉ូតូនោះតែម្តង និងមានរថយន្តដឹកកម្មករ បុកពីក្រោយបន្ថែមទៀត បណ្តាលអោយកម្មករកម្មការិនីនៅលើរថយន្តដង្គិចក្បាលគ្នា រងរបួសជាច្រើនអ្នកផងដែរ។

គួរបញ្ជាក់ថា ក្នុងករណីនេះ ពុំបណ្តាលអោយមានអ្នកបាត់បង់ជីវិតឡើយ ប៉ុន្តែមានអ្នករងរបួសធ្ងន់ស្រាល ព្រោះដង្គិចក្បាលគ្នា នៅពេលរថយន្តជាន់ហ្វ្រាំង។ ដោយឡែក ចំពោះអ្នកបើកបរម៉ូតូវិញ បានលោតចេញទាន់ពេលវេលា រងរបួសស្រាល។

បច្ចុប្បន្ន យើងពុំទាន់ដឹងចំនួនអ្នករងរបួសមានចំនួនប៉ុន្មាននោះទេ រង់ចាំរបាយការណ៍លំអិតពីសមត្ថកិច្ច ចំពោះរថយន្តនិងម៉ូតូខូចខាត យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច រង់ចាំដោះស្រាយតាមក្រោយ៕





ចែករំលែកព័តមាននេះ