ជំងឺប្រភេទនេះ គឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល ។ នេះបើយោងតាមផេកមន្ទីរពេទ្យកាល់ម៉ែតបានបង្ហោះ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/cde9f53acbe35874d157c4330ba44306.jpg)
១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖
– អ្នកជំងឺមានពិការភាពដោយសារខ្វះឈាមទៅចិញ្ចឹមខួរក្បាលនៅជុំវិញតំបន់នោះ និងដោយការសង្កត់នៃដុំឈាម
– អាចបង្កគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ឫពេលវេលាណាមួយ បើដុំឈាមមានទំហំធំវាអាចធ្វើអោយមានការកើនឡើងនៃសម្ពាធក្នុងក្បាល។
២) រោគសញ្ញា៖
– ឈឺក្បាលខ្លាំង ភ្លាមៗ
– មានសភាពខ្សោយនៃការកំរើកសាច់ដុំ (ទន់មួយចំហៀងខ្លួន, ដៃ, ជើង ឬមុខ)
– វង្វេងស្មារតី ឬសន្លប់
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4f2483707cd68edab4072c5b5b8b4c5c.jpg)
៣) មូលហេតុ៖
យើងជួបប្រទះភាគច្រើន គឺបណ្តាលមកពីជំងឺលើសឈាម (៦០-៧០%) គួបផ្សំនឹងកត្តាមួយចំនួនទៀតដូចជា៖
– ជំងឺទឹកនោមផ្អែម
– ការពិសារស្រា និងបារីច្រើន
៤) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីបញ្ជាក់អោយដឹងថា លោកអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ឬក៏អត់ លោកអ្នកតម្រូវអោយធ្វើ CT Scan ខួរក្បាល ហើយវាអាចបញ្ជាក់ពីទីតាំង និងទំហំនៃដុំឈាមកក ដើម្បីងាយស្រួលអោយគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាល។
៥) ការព្យាបាល៖
ក) ការព្យាបាលដោយការប្រើថ្នាំ (មិនវះកាត់)៖
– គ្រប់គ្រងសម្ពាធឈាមអោយបានត្រឹមត្រូវ និងតាមដានជាប់លាប់ជាប្រចាំ
– ការប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់
– ការសម្រាក និងដាក់ក្បាលខ្ពស់ ៣០ដឺក្រេ។
ខ) ការព្យាបាលដោយការវះកាត់៖
គោលបំណងនៃការវះកាត់យកឈាមចេញ គឺជាការបន្ថយសម្ពាធតឹងណែននៅក្នុងក្បាល ដើម្បីជួយជីវិតអ្នកជំងឺ។
យើងធ្វើការវះកាត់នៅពេលដែល៖
– ទំហំនៃដុំឈាមកក (លើសពី ៣៥ សង់ទីម៉ែត្រគីប)
– អ្នកជំងឺថិតក្នុងសភាពសន្លប់ (GCS ៨-១២)
– ដុំឈាមនៅរាក់ប្រហែល ១សង់ទីម៉ែត្រ ពីឆ្អឹង ៕
ចែករំលែកព័តមាននេះ