ខេត្តកំពង់ចាម ៖ អាកាសធាតុត្រជាក់ពេលរាត្រីខ្យល់ជំនោរក៏ធ្លាក់ពីទិសខាងជើង អាកាសធាតុខែប្រាំងក្តៅធ្វើឱ្យស្លឹកឈើក្រៀមស្វិតស្រពោនងាយបង្កអគ្គិភ័យ បើសិនមានការធ្វេសប្រហែសណាមួយនោះ ។

ជាក់ស្ដែង គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យ០១ករណី (ភ្លើងឆេះឡថ្នាំ) ស្ថិតនៅក្នុងភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ធ្វើឲ្យភ្លើងឆាបឆេះក្រហមច្រាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយនាំគ្នាអន្តរាគមន៍ប្រើម៉ាស៊ីនបូមទឹកបាញ់ពន្លត់ភ្លើង ក្នុងជំហានបឋមការពារកុំឲ្យរាលដាលដល់លំនៅឋាន ។

នគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា:អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយឱ្យរថយន្តពន្លត់អគ្គិភ័យគ្រប់ក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម គឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមចាំជួយដល់ប្រជាពលរដ្ឋគ្រប់ទិសទី ពេលដែលសុំអន្តរាគមន៍ក្នុងគ្រោះអគ្គិភ័យកើតឡើងនៅកន្លែងណាមួយ ។
ប្រភពដដែលបន្តឲ្យដឹងទៀតថា តាមប្រព័ន្ធអាយកូម ឮដល់លោកឧត្តមសេនីយ៍ស្នងការភ្លាមៗនោះក៏បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ ចេញរថយន្ដពន្លត់អគ្គិភ័យ០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពបតាងួន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ។

ចំពោះទីតាំងកើតហេតុស្ថិតនៅចម្ងាយ២៨គីឡូម៉ែត្រពីអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងចម្ងាយ១០០ម៉ែត្រពីផ្លូវកៅស៊ូ ។ ម្ចាស់ឡថ្នាំឈ្មោះ ម៉ិ ឆេង ភេទប្រុស អាយុ៦៣ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះ ថោ សុខឡាយ ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់នៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទំហំការខូចខាត: ឡថ្នាំចំហុយធ្វើពីឈើបាំងស័ង្កសីប្រក់ស័ង្កសី ទំហំ ៤,៧X៧ម៉ែត្រ ឆេះទាំងស្រុង ។
ចំពោះមូលហេតុ: ធ្លាយទុយោឡ ។ អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង៩យប់ ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។ ករណីនេះអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានចេញរថយន្ត ០១គ្រឿង ទៅជួយពន្លត់ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ។

នគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបានក្រើនរំលឹកក្នុងរដូវប្រាំងស្លឹកឈើក្រៀមស្វិតស្រពោន ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ លំនៅឋាន បើមិននៅ ត្រូវបិទបារែតភ្លើងពន្លត់ភ្លើងចង្ក្រានឲ្យអស់មុនពេលចាកចេញពីផ្ទះ ។
នៅតាមផ្ទះ ឬទីវត្តអារាម បើមានបំពង់ពន្លត់អគ្គិភ័យនោះជាការល្អ ព្រោះអាចបាញ់ទប់ស្កាត់ភ្លើងដែលចាប់ផ្ដើមឆេះឲ្យរលត់ទៅវិញបានដោយមិនបណ្ដាលឱ្យឆេះរាលដាលធំនាំខូចខាតទ្រព្យសម្បត្តិ ៕




ចែករំលែកព័តមាននេះ