រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងពាក់ព័ន្ធ ន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បីការពារលំហ សាយប័រ នៅកម្ពុជា កសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពន្លឿនការររៀបចំសេចក្តីព្រៀងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ ពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាឈានមុនថ្មីៗ រួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សា ទិន្នន័យធំ និងបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីធ្វើបដិវត្តន៍ សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ។
ពាក់ព័ន្ធនឹងច្បាប់នេះ សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមឱ្យក្រសួងពាក់ព័ន្ធ ពន្លឿនការរៀបចំនូវច្បាប់សន្តិសុខ សាយប័រ សូមសហការគ្នា ដើម្បីពន្លឿនច្បាប់នេះចេញ ដើម្បីជាមូលដ្ឋានគតិយុត្ត ដើម្បីបន្តដំណើរទៅមុខឱ្យបានឆាប់ទៅតាមសំណូមដែលឯកឧត្តម ជា វ៉ាន់ដេត ដែលបានលើកឡើង» ។
លើសពីនេះ សម្តេចបវរធិបតី ក៏បានជំរុញឱ្យបន្តគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្ត និងការអភិវឌ្ឍវិស័យប្រៃសណីយ៍បន្តទៀត ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងប ច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូល រួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជា ឆ្នាំ ២០៥០ ៕











ចែករំលែកព័តមាននេះ