រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្ទើរតែអស់សំណើចនូវអ្វីដែលក្រុមប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អស់ថវិកាពីរតនាគារជាតិ ខណៈដែលសម្តេចបញ្ជាក់ថា បើអស់ មិនមែនមន្ត្រីរាជការទទួលបានការដំឡើងប្រាក់បៀវត្សរហូត ២ឆ្នាំជាប់គ្នានោះទេ ។
ថ្លែងក្នុងបិទសន្និបាត បូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ា ណែត បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យា កាន់តែរីកចម្រើន នាំឱ្យការបើកប្រាក់បៀវត្ស សម្រាប់មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទតាមបណ្តាព្រំដែនឆ្ងាយៗ ក៏ដូចជាយុទ្ធជនចូលនិវត្តក្តី បានកាន់តែងាយស្រួលជាបន្តបន្ទាប់ ។
សម្តេចបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលមិនអស់ប្រាក់ ដូចការលើកឡើងនោះទេ ផ្ទុយទៅវិញ រដ្ឋមានថវិការបម្រុងគ្រប់គ្រាន់ ពិសេសនោះ អាចដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ជាបន្តបន្ទាប់ផងដែរ ហើយនៅឆ្នាំ២០២៥នេះ ក៏បានដំឡើងប្រាក់ជូនមន្ត្រីរាជការផងដែរ ។
សម្តេចបវរធិបតី បានលើកឡើងថា ជាការកត់សម្គាល់ឃើញថា ក្រាន់តែបញ្ហាបច្ចេកវិទ្យាមានបញ្ហាបន្តិចបន្តួច ឈានដល់ការយឺតយ៉ាងលើការបើកប្រាក់បៀវត្ស ដល់មន្ត្រីរាជការ និងយុទ្ធជនសម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កទៅជាលេសមួយសម្រាប់អ្នកដែលតែងតែរិះគន់ និងប្រឆាំងនូវការរីកចម្រើនកើតចេញពីសមទ្ធផលរបស់រាជរដ្ឋាភិបាល ថា មកពីថវិកាជាតិ ក្នុងរតនាគារជាតិ បានអស់ ដែលកត្តានេះ នាំឱ្យសម្តេចសម្តែងនូវការហួសចិត្ត និងអស់សំណើចទៅវិញ ។
សម្តេចបវរធិបតី គូសបញ្ជាក់ថា ៖ «គ្រាន់តែយើងយឺតបន្តិច គេស្រែកថា រដ្ឋអស់លុយហើយ ធនាគារជាតិទៅបោះពុម្ភលុយក្រដាស២០ម៉ឺន ដោយសារការអបអរសាទរខួបឡើងគ្រងរាជរបស់ព្រះមហាក្សត្រ ២០ឆ្នាំ គេថា យើងអស់លុយហើយ បោះពុម្ភ អត់អស់ទេ ការធានាបៀវត្ស ឱ្យមន្ត្រីរាជការ ថវិកាបម្រុងរបស់យើងនៅក្នុងគ្រប់គ្រាន់សម្រាប់ធានាបៀវត្តមន្ត្រីរបស់យើង ហើយមិនត្រឹមតែធានាទេ យើងឡើងប្រាក់ខែ២ឆ្នាំ ជាប់គ្នាទៀតនោះ ។ បើថា យើងអស់លុយពីក្នុងរតនាគារ អស់លុយក្នុងជាតិ យើងមានលទ្ធភាពណា ដំឡើងប្រាក់ខែ» ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ