រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ប្រទេសគុយបា គឺជាមិត្តចាស់ដ៏ល្អរបស់កម្ពុជា ដែលក្នុងគ្រាលំបាក ប្រទេសគុយបា បានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យសុខាភិបាល ។
ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ក្នុងឱកាស លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ។
នៅក្នុងឱកាសនេះ លោក ឃួង ស្រេង បានរំលឹកឡើងនូវគុណូបការៈរបស់សាធារណរដ្ឋគុយបា ជាមិត្តចាស់ ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និងកសិកម្ម នាពេលកន្លងមក ពោលគឺរាប់ចាប់តាំងពីការចាប់ផ្តើម ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា នាអំឡុងពេល១៩៧៩ និងអំឡុងទសវត្ស៨០ ជាពិសេសការជួយរបស់គុយបា មកកាន់កម្ពុជា ក្រោយកម្ពុជា រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគុយបា បានរួមចំណែកយ៉ាងធំធេញ លើការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្រោយកម្ពុជារួចផុតពីសង្គ្រាម ។
លោក ឃួង ស្រេង បានរំលឹកថា ជាការពិតចំណងការទូត ដែលផ្តួចផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម Fidel Castro បានធ្វើឱ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះឱ្យរួចពីការកាប់សម្លាប់ពីរបប ប៉ុល ពត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសការទូត ប្រចាំកម្ពុជា នាពេលនោះ ក៏បានរៀបចំទំនាក់ទំនងកាទូតជាមួយបណ្តាប្រទេសជាច្រើន ដោយឡែក គុយបា ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានធ្វើកិច្ចការការទូត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ ។
លោក ឃួង ស្រេង មានប្រសាសន៍ថា “ពាក្យស្លោកកម្ពុជាមួយ បានលើកឡើងថា ជួយគ្នាក្នុងគ្រាក្រ ហើយក្នុងពេល ដែលកម្ពុជា ក្រ ក៏មានប្រទេសគុយបាមួយបានជួយមកលើប្រទេសកម្ពុជា នូវជំនួយឥតសំណងសព្វបែបយ៉ាង” ។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា នូវការត្រៀមលក្ខណៈរួចរាល់របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែង លើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូតរបស់លោកជំទាវ ក្នុងទីក្រុងភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញ ផងដែរ ។
ជាការឆ្លើយតប លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបា ថ្លែងអំណរគុណលោក ឃួង ស្រេង ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាឱ្យលោកជំទាវ និងសហការី អញ្ជើញជួបសម្តែងការគួរសម នាឱកាសនេះ ព្រមទាំងអរគុណ ដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យបរិស្ថានជុំវិញស្ថានទូត និងជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រី នៃស្ថានទូតគុយបា ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញតែម្តង ។
លោកស្រី ក៏បានរំលេច នូវចំណងមិត្តភាព រវាងប្រទេសទាំពីរ គុយបា-កម្ពុជា ដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ហើយប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តឱ្យកាន់តែល្អប្រសើរថែមទៀត ។
លោកជំទាវ ឯកអគ្គរដ្ឋទូតគុយបា ស្នើដល់លោក ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរក នូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថា ជាសាលាគុយបា កាលពីអតីតកាល នឹងអាចឱ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈកិច្ចការងារនេះ លោក ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រ ចំពោះកិច្ចការមួយចំនួន។ តែយ៉ាងណាមិញ លោក ឃួង ស្រេង ក៏បានណែនាំឱ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យ និងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឱ្យស័ក្តិសមនឹងតម្លៃនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ។
បន្ថែមលើនេះ លោក ឃួង ស្រេង និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយ នូវទំនាក់ទំនង អំពីវប្បធម៌ប្រពៃណីដ៏ផូរផង់ រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថា នឹងអាចមានការចុះអនុស្សារណៈយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាន និងទីក្រុងភ្នំពេញ ផងដែរ ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/942e53e5cfa7fe5a119c698168febacf.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/203c6c1f96b6bb18a1da25b9be8d703e.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/b878a1262eb4eda691222618f53c42eb.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c4c784574b51c015cf322142818ce3d4.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f6614eb9b60f68d75259e87cbecedd4f.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/be047ddd7c809e34c927fb0916d52951.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/d61e7ef8757d3a5777b648a938a91fc3.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/82118fc285f0c5feb22fe10ad9ec6745.jpg)
ចែករំលែកព័តមាននេះ