ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយក​រដ្ឋ​មន្ត្រី​ថៃ​សន្យា​ថា​នឹង​ប.ង្ក្រា​.ប​ក្រុម​ឆ.​បោ.ក​ចិន​ឱ្យ​ដល់​ឫស​គល់

6 ម៉ោង មុន

​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​ថៃ​ លោក​ស្រី​ផែ​ថង​ថាន ទៅ​កាន់​ប្រទេស​ចិន​ ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​២​ឯក​ភាព​គ្នា​ថា​នឹង​ខិត​ខំ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​បង្ក្រាប​​ក្រុម​ឆ​បោក​តាម​អន​ឡាញ​ និង​បទ​ល្មើស​ឆ្លង​ដែន​ដទៃ​ទៀត​។ លោក​ស៊ី​ជីន​ពីង​ស្នើ​ឱ្យ​ប្រទេស​ទាំង​២​បន្ត​​សហ​ការ​គ្នា​​​បង្ក្រាប​រាល់​​បទ​ល្មើស​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​​​។ លោក​ស្រី​ផែ​ថង​ថាន​ជម្រាប​ជូន​ថ្នាក់​ដឹក​នាំ​ចិន​ថា​រដ្ឋាភិបាល​របស់​លោក​ស្រី​ត្រៀម​ខ្លួន​សហ​ការ​គ្នា​ជា​មួយ​ប្រទេស​ចិន​ និង​ប្រទេស​ជិត​ខាង​ថៃ​ដើម្បី​ចាត់​ការ​ទៅ​លើ​​អំពើ​ឆ​បោក ល្បែង​​អន​ឡាញ​​​…

​ក្រុង​ប៉េកាំង៖ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​ថៃ​ លោក​ស្រី​ផែ​ថង​ថាន ទៅ​កាន់​ប្រទេស​ចិន​ ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​២​ឯក​ភាព​គ្នា​ថា​នឹង​ខិត​ខំ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​បង្ក្រាប​​ក្រុម​ឆ​បោក​តាម​អន​ឡាញ​ និង​បទ​ល្មើស​ឆ្លង​ដែន​ដទៃ​ទៀត​។ លោក​ស៊ី​ជីន​ពីង​ស្នើ​ឱ្យ​ប្រទេស​ទាំង​២​បន្ត​​សហ​ការ​គ្នា​​​បង្ក្រាប​រាល់​​បទ​ល្មើស​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​​​។

លោក​ស្រី​ផែ​ថង​ថាន​ជម្រាប​ជូន​ថ្នាក់​ដឹក​នាំ​ចិន​ថា​រដ្ឋាភិបាល​របស់​លោក​ស្រី​ត្រៀម​ខ្លួន​សហ​ការ​គ្នា​ជា​មួយ​ប្រទេស​ចិន​ និង​ប្រទេស​ជិត​ខាង​ថៃ​ដើម្បី​ចាត់​ការ​ទៅ​លើ​​អំពើ​ឆ​បោក ល្បែង​​អន​ឡាញ​​​ និង​សកម្ម​ភាព​ខុស​ច្បាប់​ដទៃ​ទៀត​។ លោក​ស៊ី​ជីន​ពីង​​អរ​គុណ​លោក​ស្រី​ផែ​ថង​ថាន​ចំពោះ​ការ​ចាត់​វិធាន​ការ​ក្ដៅ​ប្រឆាំង​នឹង​ក្រុម​​ម៉ាស់​ផ្ចាស​ដែល​​​ដាក់​ផែន​ការ​បោក​ជន​ជាតិ​ចិន​​។

​ថ្មី​ៗ​នេះ ថៃ​ផ្ដាច់​ភ្លើង​អគ្គិស​នី​នៅ​ទី​តាំង​បី​កន្លែង​តាម​ព្រំ​ដែន​ថៃ​-​ភូមាដែលជា​សម្បុក​ក្រុម​ឆ​បោក​។ ​លោក​ស៊ី​ជីន​ពីង​ថ្លែង​​​ថា​ប្រទេស​ទាំង​២​ត្រូវ​តែ​បន្ត​សហ​ការ​នៅ​ក្នុង​​វិស័យ​សន្តិ​សុខ​, ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និងប្រព័ន្ធ​​យុត្តា​ធិការ​​ដើម្បី​ការ​ពារ​អាយុ​ជីវិត​ និង​វិបុល​ភាព​របស់​ប្រជា​ជន​។ នៅ​ពេល​ថ្នាក់​ដឹក​នាំទាំង​២​កំពុង​ជួប​ប្រជុំ​គ្នា​​នៅ​ទី​ក្រុង​ប៉េកាំង​នោះ នៅ​ឯ​ប្រទេស​ថៃ​ឯណេះ​វិញ អាជ្ញា​ធរ​ទើប​តែ​ជួយ​សង្គ្រោះ​​មនុស្ស​៦១​នាក់​ទៀត​ពី​មជ្ឈ​មណ្ឌល​ឆបោក​តាម​អន​ឡាញ​​​នៅ​ប្រទេស​ភូមា​។

នៅ​ក្នុង​ចំណោម​នោះ ៣៤​នាក់​ជា​ជន​ជាតិ​ចិន​។ ក្រៅ​ពី​នេះ​មាន​ជន​ជាតិ​ឥណ្ឌូណេស៊ី​, អេត្យូពី និង​ជន​ជាតិ​ដទៃ​ទៀត​នៅ​អា​ហ្វ្រិក​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​កា​រពារ​ជាតិ​ថៃ​។ ​លោក​ស្រី​ផែ​ថង​ថាន​ថ្លែង​ថាប្រទេស​ថៃ​​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ទប់​ស្កាត់​​មិន​ឱ្យ​ក្រុម​​ឆ​បោក​​ប្រើ​ប្រាស់​ទឹក​ដី​ថៃ​ធ្វើ​ជា​មូល​ដ្ឋាន ឬ​ទី​សំចត​របស់​ពួក​គេ​ដើម្បី​បន្ត​បើក​ប្រតិ​បត្តិ​ការ​របស់​ពួក​គេ​នៅ​ប្រទេស​ដទៃ​ទៀត​​។ ថៃ​នឹង​អនុវត្ត​វិធាន​ការ​នេះ​ដោយ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ចិន។ ចិន​ជា​អ្នក​បោះ​ដៃ​ឱ្យ​អាជ្ញា​ធរ​ថៃ​ដើម្បី​តាម​ប្រមាញ់​ក្រុម​ឆ​បោក​។ លោក​ស្រី​សូម​​​ធានា​​ការ​ពារ​សុវត្ថិ​ភាព​ជូន​អ្នក​ទេស​ចរ​ចិន​ដែល​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​​។​​

​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​៤​ថ្ងៃ​នេះ ប្រទេស​ទាំង​២​ក៏​ត្រៀម​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​ចំនួន​១៤​។ ​ក្នុង​នោះ​ក៏​មាន​​គម្រោង​សាង​សង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ដែល​ឆ្លង​កាត់​ពី​ប្រទេស​ចិន​ចូល​ទៅ​ឡាវ​ និង​ថៃ​។ ក្រៅ​ពី​នេះ​មាន​គម្រោង​អភិ​វឌ្ឍ​នៅ​​​ថៃ​ភាគ​ខាង​ត្បូង​ និង​កិច្ច​សហ​ការ​​នៅក្នុង​វិស័យ​ពាណិជ្ជ​កម្ម និង​វិនិយោគ​។ ប្រទេស​ទាំង​២​ក៏​នឹង​ជជែក​គ្នា​អំពី​ការ​ផ្ដល់​សត្វ​ខ្លា​ឃ្មុំ​ផេន​ដា​ជា​លក្ខណៈ​ខ្ចី​ជើង​ដើម្បី​ឱ្យ​ប្រទេស​ថៃ​យក​ទៅ​ចិញ្ចឹម​ និង​បង្កើត​កូន​​ផង​ដែរ​​។

លោក​ស្រី​នឹង​ចាក​ចេញ​ពី​ទី​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សុក្រ​ រួច​បន្ត​ដំណើរ​ទៅ​​ទី​ក្រុង​ហាប៊ីន (Harbin) ដើម្បី​ចូល​រួម​​ការ​ប្រកួត​កីឡា​អាស៊ី​ហ្គេម​រដូវ​រងា​។ លោក​ស្រី​នឹង​ជួប​សំណេះ​សំណាល​ជា​មួយ​អត្ត​ពលិក​ជន​ជាតិ​ថៃ​នៅ​ទី​នោះ​។​ ចំណុច​សំខាន់​មួយ​ទៀត​នោះ​គឺ​កិច្ច​សហ​ការ​រវាង​ចិន និង​ថៃ​ដើម្បី​​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នុយ​ក្លេ​អ៊ែរ​នៅ​ក្នុង​ន័យ​សន្តិ​ភាព​។ ប្រទេស​ទាំង​២​នឹង​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ