ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលគេមិនទាន់ដឹងមូលហេតុបានឆេះរាលដាលយ៉ាងខ្លាំងក្នុងតំបន់ព្រៃនៅលើ«ភ្នំជីហង្ស» ស្ថិតក្នុងស្រុកបាណន់ដែលតំបន់ខ្លះគេមិនអាចគ្រប់គ្រងបានឡើយ តែតំបន់ខ្លះត្រូវបានកម្លាំងចម្រុះសម្រុកចូលពន្លត់បាន ។ នេះបើតាមមន្ត្រីពន្លត់អគ្គិភ័យបានផ្ដល់ដំណឹង ។
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យនោះបានកកើតឡើងនៅម៉ោងប្រហែល១១ថ្ងៃត្រង់ ថ្ងៃទី០៥ កុម្ភៈ ដោយចាប់ផ្ដើមនៅត្រង់ចង្កេះភ្នំ រួចឆេះរាលដាលឡើងទៅលើកំពូលភ្នំផង និងរាលដាលខ្លាំងឆ្ពោះទៅប៉ែកខាងលើកំពូលភ្នំផង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ជើងភ្នំនោះ ។

បើតាមរបាយការណ៍ «ភ្នំជីហង្ស» ដែលកំពុងរងគ្រោះដោយអគ្គិភ័យនេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំកន្ទឺរ២ និងឃុំឈើទាល ស្រុកបាណន់ ។ លោក រឿម រាំង អធិការរងស្រុកបាណន់ ដែលបានដឹកនាំកម្លាំងជំនាញ រួមទាំងរថយន្តពន្លត់អគ្គិភ័យផងចុះអន្តរាគមន៍ផ្ទាល់បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី ០៦ កុម្ភៈ ថា រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានភ្លើងឆេះភ្នំជីហង្សនេះនៅឡើយទេ ។

លោកអធិការរងរូបនេះបាននិយាយថា ភ្លើងព្រៃនេះ បានឆេះរាលដាលខ្លាំងឆ្ពោះឡើងទៅលើកំពូលភ្នំ ដែលកម្លាំងចម្រុះយើងមិនអាចឡើងតាមពន្លត់បាន ។ ប៉ុន្តែកម្លាំងចម្រុះទាំងអស់បានប្រយុទ្ធជាមួយភ្លើងព្រៃនេះ នៅផ្នែកខាងក្រោមៗ នៃតំបន់ជើងភ្នំ ។ យើងអាចទប់ស្កាត់បាន មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកភូមិ ឬចម្ការដំណាំប្រជាពលរដ្ឋនៅក្បែរតំបន់ជើងភ្នំនោះ ខណៈកម្លាំងភ្លើងព្រៃនេះឆេះកាន់តែខ្លាំងឆ្ពោះទៅលើកំពូលភ្នំ ។

ជុំវិញករណីអគ្គិភ័យឆេះព្រៃលើ «ភ្នំជីហង្ស»នេះ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើក្រុមអ្នកដើររុករក «ឃ្មុំ»ក្នុងព្រៃ ជាអ្នកបង្កឡើង ។ ប្រភពដដែលបានលើកឡើងថា នេះជារដូវប្រាំង និងជាពេលវេលាដែលអ្នកភូមិមួយចំនួនដើររុករក «ឃ្មុំ» នៅតាមតំបន់ព្រៃ ឬនៅលើភ្នំនានានៅតំបន់នោះ ។ ដូច្នេះ គេសង្ស័យថា ក្រុមអ្នកដើររក «ឃ្មុំ»ទាំងនោះហើយ ជាអ្នកបង្កើតឲ្យមានភ្លើងឆេះព្រៃលើ «ភ្នំជីហង្ស» បង្កឲ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ច ទាំងប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ។

យ៉ាងណាក្ដី បើតាមលោក រឿម រាំង អធិការរងស្រុកបាណន់ ដែលបានដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបភ្លើងព្រៃនេះបានបញ្ជាក់ថា កម្លាំងចម្រុះ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផង បានសម្រុកចូលពន្លត់ភ្លើងព្រៃនេះ ។
លោកថា រថយន្តដឹកទឹកមិនអាចចូលដល់គោលដៅទេ ព្រោះគ្មានផ្លូវ និងតំបន់ខ្ពស់ តែយើងបានប្រើប្រាស់កម្លាំងចម្រុះសម្រុកចូលវាយពន្លត់តាមចង្កេះភ្នំ ដែលភ្លើងអាចឆេះរាលដាល ។ លោកបានបន្ថែមថា កម្លាំងចម្រុះយើងបង្ក្រាបអគ្គិភ័យនេះ បានទាំងស្រុងនៅតាមចង្កេះភ្នំប៉ែកខាងក្រោមៗ តែភ្លើងព្រៃនេះ បានឆេះរាលដាលកាន់ខ្លាំងឡើងទៅប៉ែកខាងលើកំពូលភ្នំ ដែលយើងមិនអាចគ្រប់គ្រងឡើងទៅតាមពន្លត់បាន ។

លោក រឿម រាំង បានបញ្ជាក់ដែរថា នៅប៉ែកខាងក្រោមៗ កម្លាំងយើងបញ្ចប់ការពន្លត់នៅម៉ោងប្រហែល៤ល្ងាចថ្ងៃដដែល តែនៅលើកំពូលភ្នំ ភ្លើងហាក់មិនថមថយទេ ។ រហូតដល់ម៉ោង៣រសៀលថ្ងៃទី ០៦ កុម្ភៈ នេះ យើងមិនអាចដឹងថា តើភ្លើងដែលឆេះឡើងលើកំពូលភ្នំរលត់អស់ហើយ ឬនៅនោះទេ ? ព្រោះពេលថ្ងៃយើងមិនអាចមើលឃើញ ហើយក៏មិនអាចឡើងទៅដល់ដែរ ។ ដូច្នេះ យើងអាចមើលឃើញភ្លើងនៅពេលយប់នៅឆេះ ឬរលត់អស់ហើយ ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៤ កុម្ភៈ ក៏មានអគ្គិភ័យឆេះព្រៃនៅលើកំពូល «ភ្នំក្ដោង» នៅឃុំភ្នំសំពៅ ស្រុកបាណន់នេះមួយលើកដែរ ហើយរហូតមកដល់ថ្ងៃនេះ គេនៅតែរកមូលហេតុមិនទាន់ឃើញនៅឡើយ ។

អគ្គិភ័យនោះបានឆេះតាំងពីព្រឹករហូតដល់ពាក់កណ្ដាលអធ្រាត្រ ទើបកម្លាំងចម្រុះរាប់សិបនាក់ទប់ទល់ឈ្នះ ខណៈរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចមិនអាចចូលអន្តរាគមន៍បាន ។ ភ្លើងព្រៃនោះបានឆេះព្រៃលើភ្នំ តែមិនបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ ដោយសារតែកម្លាំងចម្រុះ ប្រើកម្លាំងបាយសម្រុកចូលវាយពន្លត់បានជោគជ័យទាំងត្រដាបត្រដួស ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ