ខេត្តព្រៃវែង ៖ ដីចំណីទន្លេមេគង្គក្រោមនិងដីចំណីផ្លូវជាតិលេខ១១ដែលជាសម្បត្តិសាធារណរបស់រដ្ឋ ត្រង់ចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានបុគ្គលអ្នកមានលុយមានអំណាចរំលោភយកធ្វើជាកម្មសិទ្ធឯកជន កំពុងសាងសង់សំណង់រឹងមាំ(ឃ្លាំងផ្ទុកទំនិញ)ជាបន្តបន្ទាប់យ៉ាងគឃ្លើន។
តាមប្រភពនិយាយថា ដីម៉ាជួរខាងកើតផ្លូវនេះ ពលរដ្ឋសាងសង់ផ្ទះឈើឬដែកស្នាក់នៅអាស្រ័យផលបណ្តោះអាសន្នបាន ។ ប៉ុន្តែមិនអាចសាងសង់សំណង់រឹងមាំឬលក់ដោះដូរបានឡើយ ព្រោះអាជ្ញាធរគេមិនចេញប័ណ្ណអោយទេ ក្រោមហេតុផលដីចំណីទន្លេនឹងដីចំណីផ្លូវជាតិ ។ ស្រាប់តែមកក្នុងឆ្នាំ២០២៤នេះ បែរជាមានបុគ្គលអ្នកមានលុយមានអំណាចខ្លះមានដីខ្លួនឯងខ្លះទិញតពីគេខ្លះបុកគ្រឹះសាងសង់សំណង់រឹងមាំជាប់មាត់ទន្លេបានជាបន្តបន្ទាប់ មិនដែលឃើញមានអាជ្ញាធរមូលដ្ឋានចុះមកហាមឃាត់ឬទប់ស្កាត់រក្សាការពារដីសម្បត្តិសាធារណ:នោះឡើយ គឺរក្សាភាពស្ងៀមស្ងាត់ដូចចោរលួចសេះអញ្ចឹង។
ប្រភពបន្តថា គេអ្នកមានលុយមានអំណាចគេធ្វើអ្វីក៍បានដែរ តែបើប្រជាពលរដ្ឋវិញ កុំថាឡើយបុកគ្រឹះសង់សំណង់រឹងសូម្បីតែចាក់សរសរជើងតាងមួយដើមឬរៀបឥដ្ឋទប់ការពារដីច្រាំងទន្លេកុំអោយបាក់ស្រុតក៍អាជ្ញាធរមកហាមឃាត់ដែរ។
ជុំវិញបញ្ហានេះ លោក កៅ ពិសី អភិបាលស្រុកពាមរក៍ បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៥នេះថា សំណង់នេះគេធ្វើទ្រង់ទ្រាយធំលើសសមត្ថភាពស្រុក គឺគេសុំច្បាប់អនុញាតពីខេត្ត ។ ចំណែកឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ភ្នាក់ងារយើងបានទំនាក់ទំនងតាមប្រពន្ធ័តេឡេក្រាម ឃើញលោកចូលមើល តែមិនឆ្លើយតប ។ ទោះជាយ៉ាងណា អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការបំភ្លឺពីគ្រប់មន្ត្រីអង្គភាពស្ថាប័នពាក់ព័ន្ធលើបញ្ហានេះ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ