ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​១​ខ្នង​ហ្មត់​នៅ​ស្រុក​សំឡូត សង្ស័យ​ផ្ទុះ​អា​គុយ​សូ​ឡា

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​របស់​ប្រជា​កសិករ​ម្នាក់​នៅ​ឆ្ងាយ​ដាច់​សង្វែង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ កុម្ភៈ នៅ​ចំណុច​អូរ​តា​តឹង​លើ ស្ថិត​ក្នុងភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត…

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​របស់​ប្រជា​កសិករ​ម្នាក់​នៅ​ឆ្ងាយ​ដាច់​សង្វែង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៥ កុម្ភៈ នៅ​ចំណុច​អូរ​តា​តឹង​លើ ស្ថិត​ក្នុងភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត នៅ​ពេល​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល ហើយ​ទៅ​ផ្សារ​បាត់ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ​ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី មាន​ទំហំ​៥​ម៉​x៧​ម៉ (​ផ្ទះតៀម​) ម្ចាស់​ឈ្មោះ ជ័យ រ៉េ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​ប្រជា​កសិករ​រស់នៅ​ដាច់​សង្វែង​ពី​ទីប្រជុំជន​។ របាយការណ៍​បាន​បញ្ជាក់​ថា ពេល​មាន​អគ្គិភ័យ​កើតឡើង ម្ចាស់ផ្ទះ​មិន​បាន​នៅទេ គឺ​ចាក់សោ​ទ្វារ រួច​ចេញ​ទៅ​ផ្សារ​បាត់ ។

បើ​តាម​សាក្សី​នានា​ដែល​បានដឹង​រឿង​នេះ​បាន​បំភ្លឺ​ថា មុន​ពេល​មាន​អគ្គិភ័យ​នេះ​កើតឡើង គេ​ឮ​សម្លេង​ផ្ទុះ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​មាន​ផ្សែងហុយ​លាយឡំ​នឹង​អណ្ដាតភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ភ្លាម​រំពេច ដោយ​ពុំ​មាន​នរណា​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេល​ឡើយ ព្រោះ​ផ្ទះ​ជន​រង​គ្រោះ​នៅ​ឆ្ងាយ​ដាច់​ពី​គេឯងពេក ។

មន្ត្រី​មូលដ្ឋាន​បាន​ប្រាប់​ថា នៅ​តំបន់​នោះ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ជួយ​ពន្លត់ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ក៏​ពិបាក​ចូល និង​នៅ​ឆ្ងាយ​ទៅ​មិន​ទាន់ ។ ដូច្នេះ​ហើយ​ទើប​គេ​មិន​អាច​ជួយ​រំដោះ​ទ្រព្យសម្បត្តិ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​នៅ​ក្ន​ង​ផ្ទះ​នោះ​បាន ។

នៅ​ក្នុង​របាយការណ៍​សមត្ថកិច្ច​ដែល​បាន​ស្រង់​សម្ដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្រៅពី​បាត់បង់​ផ្ទះ​មួយ​ខ្នង ទ្រព្យសម្បត្តិ និង​សម្ភារ​ប្រើប្រាស់​ទាំងអស់​នៅ​ក្ន​ង​ផ្ទះ ក៏​ត្រូវ​ហិនហោច​ដែរ ។ ដូច​ជា ម៉ាស៊ីន​កាត់​ស្មៅ ម៉ាស៊ីន​អារឈើ ម៉ាស៊ីន​បាញ់ថ្នាំ ពូជ​ដំណាំ​កសិកម្ម រួម​ទាំង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត​។ ពោល គឺ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ។

ពាក់ព័ន្ធ​នឹង​អគ្គ​ភ័យ​នេះ បើ​តាម​សមត្ថកិច្ច​ដែល​បាន​ចម្លើយ​បឋម​ពី​សាក្សី​នានា បាន​ធ្វើការ​សន្និដ្ឋានជំហាន​ដំបូង​ថា អគ្គិភ័យ​នេះ អាច​បណ្ដាល​មក​ពី​ការ​ផ្ទុះ​អា​គុយ​សូ​ឡា ពីព្រោះ​នៅ​ក្នុងផ្ទះ​នេះ មិន​មាន​ប្រើប្រាស់​ភ្លើងអគ្គិសនី​ទេ ហើយ​ក៏​ពុំ​មាន​ភ្លើងទៀន ធូប ឬ ភ្លើងចង្ក្រាន​ដុត​ទុក​ចោល​ដែរ ។ នេះ​បើ​តាម​ការ​បំភ្លឺ​ច្បាស់លាស់​ពី​ម្ចាស់ផ្ទះ​។

ប៉ុន្តែ​យ៉ាងណា គេ​មិន​ទាន់​បាន​វាយតំលៃ​សរុប​ពី​តុល្យការ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ​។ សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៤ កុម្ភៈ ក៏​មាន​អគ្គិភ័យ​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​លើក​ដែរ​នៅ​លើ​កំពូល​«​ភ្នំ​ក្ដោង​» ស្ថិត​នៅ​ប៉ែក​ខាងត្បូង នៃ​ជួរ​«​ភ្នំ​សំពៅ​» ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ។ គេ​មិន​បាន​និយាយ​ពី​ដើមចម ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​ឆេះ​កំពូល​«​ភ្នំ​ក្ដោង​»​នេះ​ទេ​។ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​អះអាង​ថា បង្ក​ឡើង​ដោយ​ភ្លើងព្រៃ ដែល​ជា​ស្នាដៃ​ជន​មិន​ស្គាល់​មុខ ។

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា កម្លាំង​សមត្ថកិច្ច រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ច្រើន​នាក់​ផង បាន​សម្រុកចូល​ពន្លត់ភ្លើង​ឆេះ «​ភ្នំ​ក្ដោង​»​នេះ ខណៈ​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច ដែល​បាន​ចុះ​ទៅ​ដល់​ហើយ តែ​មិន​អាច​បើក​ឡើង​ភ្នំ​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​បាន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ភ្លើងព្រៃ​ឆេះ​កំពូលភ្នំ​នេះ ត្រូវ​បាន​កម្លាំង​ចម្រុះ​ជាង​៣០​នាក់ ឡើង​វាយ​ពន្លត់ ដែល​ត្រូវ​ចំណាយ​ជា​ច្រើន​ម៉ោង​ទើប​អស់​ភ្លើង​ពីលើ​កំពូលភ្នំ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​ៗ​ជើងភ្នំ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ