ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងរយៈកាលថ្មីៗនេះ ចំនួនសត្វស្វានៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលប្រការនេះ វាអាចបង្ករបួសស្នាមដោយប្រការណាមួយ ។
យោងតាមប្រភពខាងលើនេះ បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ននេះតាមរយៈការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួនតូច ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។
តាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងគោលដៅ ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបជាដើម បានប្រជុំពិភាក្សាគ្នាជា បន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ។
មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មានអំពីបញ្ហានេះ អមដោយ ការអំពាវនាវជាសាធារណៈ ស្នើសាធារណជនទាំងអស់ មេត្តានៅឱ្យឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្តល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។ល។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ អាជ្ញាធរជាតិអប្សរា បានស្នើសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេត្តាជួយផ្សព្វផ្សាយនូវខ្លឹមសារនេះ ក៏ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វា ៕



ចែករំលែកព័តមាននេះ